កិច្ចប្រជុំលើកទី១៩ ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា
១ សេចក្តីផ្តើម
ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាបានបង្កើតឡើង តាមរយៈការបោះឆ្នោតជ្រើសរើសនៅក្នុង សិក្ខាសាលាជាតិ កាលពីខែសីហា ឆ្នាំ២០១៣ ដោយមានសមាសភាពអ្នកចូលរួមជា អង្គការសង្គមស៊ីវិល តំណាងសហគមន៍ និងជនជាតិដើមភាគតិច ក្នុងគោលបំណងដើម្បី ផ្តល់ជាវេទិកាសម្រាប់អ្នកពាក់ព័ន្ធនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋានដែលមានជីវភាពរស់នៅពឹងផ្អែកលើធនធានព្រៃឈើមានឱកាសបញ្ចេញមតិយោបល់លើការងាររេដបូក និងប្រមូលនូវមតិទាំងនោះហើយផ្តល់ជាយោបល់ដល់ក្រុមការងាររេដបូកកម្ពុជា សម្រាប់ដំណើរការអភិវឌ្ឍន៍រេដបូកនៅកម្ពុជា។ ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាមានសមាជិក១៨នាក់ ជាតំណាងសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារធម្មជាតិ ជនជាតិដើមភាគតិច គ្រឹះស្ថានអប់រំ អង្គការមិនមែនរដ្ឋាភិបាលជាតិ អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។ ការចែករំលែកព័ត៌មាន និងការពិគ្រោះយោបល់ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាយោបល់បានធ្វើឡើងតាមរយៈការប្រជុំក្រុមប្រឹក្សាយោបល់រេដបូក ចំនួន ៦លើក ក្នុងមួយឆ្នាំ ហើយមកដល់បច្ចុប្បន្ននេះ កិច្ចប្រជុំក្រុមប្រឹក្សាយោបល់រេដបូកបានរៀបចំឡើង ចំនួន ១៨លើក រួចមកហើយ។ កិច្ចប្រជុំលើកទី១៨ នៃក្រុមប្រឹក្សាយោបល់រេដបូក បានសម្រេចលទ្ធផលជាច្រើនដូចជា ក) ការពិនិត្យ និងធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះសមាជិក្រុមរបស់សមាជិកក្រុមប្រឹក្សាយោបល់មកតំណាង អង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលជាតិ អង្គការសង្គមស៊ីវិលមូលដ្ឋាន ខ)ពិភាក្សាពីវឌ្ឃនភាព និងផែនការបន្តនៃការផ្សព្វផ្សាយបង្កើនចំណេះដឹងពីរេដបូកដល់ជនជាតិដើមភាគតិច និងសហគមន៍មូលដ្ឋាន គ)ឯកភាពលើជំហានបន្តក្នុងការកំណត់តំណាងវិស័យឯកជនចូលរួមជាសមាជិក ក្រុមប្រឹក្សាយោបល់រេដបូក ឃ) ឯកភាពលើការកំណត់សមាជិកជំនួសដើម្បីចូលរួមប្រជុំក្នុងករណី សមាជិកពេញសិទ្ធិអវត្តមាន ព្រមទាំងធានាឲ្យបាននូវការចែករំលែកព័ត៌មានរវាងសមាជិកពេញសិទ្ធិ និងសមាជិកជំនួស និង ង)ការបង្ហាញពីពីវឌ្ឍនភាពនាំការងាររេដបូកនៅកម្ពុជារួមមាន ការរៀបចំ យុទ្ធសាស្រ្តរេដបូកជាតិ ឯកសារកម្រិតបំភាយយោង ប្រព័ន្ធព័ត៌មានធានាសុវត្ថភាពរេដបូក និងប្រព័ន្ធ ត្រួតពិនិត្យព្រៃឈើជាតិ ដែលត្រូវបានបង្ហាញដោយប្រធានលេខាធិការដ្ឋានរេដបូកកម្ពុជា។
ផ្អែកលើស្មារតីអង្គប្រជុំលើកទី១៨នេះ កិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាយោបល់រេដបូកធ្វើឡើងនៅថ្ងៃ ទី២៥ ដល់ ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ខេត្តព្រះវិហារ ដោយភ្ជាប់ជាមួយនឹងទស្សនកិច្ចសិក្សាទៅសហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ។ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ ជាការប្រជុំពិភាក្សាក្នុងចំណោមសមាជិកក្រុមប្រឹក្សាយោបល់ រេដបូក និងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ជាទស្សនកិច្ចសិក្សាទៅសហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ។
២ គោលបំណង
កិច្ចប្រជុំក្រុមប្រឹក្សាយោបល់រេដបូកលើកទី១៩ មានគោលបំណងដូចខាងក្រោម៖
- ពិនិត្យលទ្ធផលនៃការអនុវត្តន៍ផែនការសកម្មភាពក្រុមប្រឹក្សាយោបល់រេដបូក
- ពិភាក្សាពីលទ្ធផល និងភាពប្រឈមដែលសមាជិកក្រុមប្រឹក្សាយោបល់រេដបូកម្នាក់ៗបាន ជួបប្រទះក្នុងការបំពេញតួនាទីជាសមាជិកក្រុមប្រឹក្សាយោបល់រេដបូក
- ពិភាក្សាពីការពង្រឹងតួនាទីរបស់ក្រុមប្រឹក្សាយោបល់រេដបូកសម្រាប់ចូលរួមអនុវត្តន៍យន្តការ រេដបូកកម្ពុជានាពេលខាងមុខ
- ផ្តល់ឱកាសដល់សមាជិកក្រុមប្រឹក្សាយោបល់ចុះសិក្សាស្វែងយល់ពីស្ថានភាពជាក់ស្តែងនៅ សហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ នៅខេត្តព្រះវិហារ
៣ លទ្ធផលរំពឹងទុក
លទ្ធផលរំពឹងទុកនៃកិច្ចប្រជុំលើកទី១៩របស់ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជាមាន៖
- ការស្វែងយល់ពីលទ្ធផលនៃការអនុវត្តផែនការសកម្មភាពក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា
- លទ្ធផល និងភាពប្រឈមរបស់ក្រុមប្រឹក្សាយោបល់រេដបូកសម្រាប់ចែករំលែកដល់សមាជិក និងអ្នកពាក់ព័ន្ធផ្សេងទៀតនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងនាខែតុលា ឆ្នាំ២០១៧ ខាងមុខ
- ការស្វែងយល់ពីដំណើរការ លទ្ធផល និងបទពិសោធន៍ ពីការគ្រប់គ្រងសហគមន៍ព្រៃឈើ នៅសហគមន៍ព្រៃឈើភ្នំដែកចំបក់ហោះ
៤ ពេលវេលា និងទីកន្លែង
កិច្ចប្រជុំលើកទី១៩ របស់ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា នឹងរៀបចំនៅ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៧ នៅសាលប្រជុំខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ ខេត្តព្រះវិហារ។ នៅថ្ងៃបន្ទាប់គឺថ្ងទី២៦ ខែកញ្ញា ឆ្នាំ២០១៧ ក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា នឹងធ្វើទស្សនកិច្ចសិក្សាទៅកាន់សហគមន៍ ព្រៃឈើភ្នំដែកចំបក់ហោះ ដែលមានទីតាំងនៅស្រុករវៀង ខេត្តព្រះវិហារ។
៥ ដំណើរការ និងវិធីសាស្រ្ត
កិច្ចប្រជុំនេះដឹកនាំសម្របសម្រួលដោយសហប្រធានអង្គប្រជុំគឺ ប្រធានលេខាធិការដ្ឋានក្រុមការងាររេដបូកកម្ពុជា និងប្រធានក្រុមប្រឹក្សាយោបល់រេដបូកកម្ពុជា។ វិធីសាស្រ្តនានាដែលប្រើប្រាស់នៅ ក្នុងកិច្ចប្រជុំនេះរួមមាន ការធ្វើបទបង្ហាញ ការពិភាក្សាជាក្រុម និងការពិភាក្សាក្រុមធំ។