RECOFTC Cambodia
रिकफ - नेपालको कार्यक्रमहरू

វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​រៀបចំ​ផែនការ​គ្រប់គ្រង​ព្រៃ​សហគមន៍ និង​ការ​ប៉ាន់​ប្រមាណ​ធនធាន​ព្រៃ​សហគមន៍​ដោយ​មាន​ការ​ចូល​រួម

Mar 28
2016
-
Apr 01
Location
ខេត្តមណ្ឌលគិរី
RECOFTC Events

១. សេចក្តីផ្តើម

កម្មវិធីសហគមន៍ព្រៃឈើ (CFP) ដែលស្ថិតនៅក្រោមកម្មវិធីព្រៃឈើជាតិ(២០១០-២០២៩) មានអធិប្បាយ អំពី​ទស្សនទូទៅ​នៃ​យុទ្ធសាស្រ្តនិងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងសហគមន៍ព្រៃឈើ ដែលផ្តោតលើការចូលរួមគ្រប់គ្រងព្រៃឈើតាមបែប វិមជ្ឈការ​តាមរយៈទម្រង់ទាំង៤។​ ដោយផ្អែកលើឯកសារ និងការប្រឹក្សា យោបល់​បានគូសបញ្ជាក់​អំពី​សក្តានុពល​នៃ​សហគមន៍​ព្រៃឈើ​ក្នុង​ការ​ឆ្លើយតបទៅនឹងការរេចរឹលព្រៃឈើនៅក្នុង តំបន់ព្រៃការពារ។ ​​ប៉ុន្តែនៅក្នុងគោល​ការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ  មិនបាន​ក្តោប​ទៅលើព្រៃការពារនោះទេ ភាគច្រើនគឺគ្រាន់តែបង្ហាញពីការស្នើសុំតំបន់ និងផលិតផលព្រៃឈើប៉ុណ្ណោះ។ សហគមន៍​ព្រៃ​ការពារ​មាន​ទីតាំង​ក្នុង តំបន់​ព្រៃការពារតម្រូវឱ្យមានការទទួលស្គាល់តួនាទីជាពិសេសរបស់សហគមន៍ដើម្បីចូលរួមចំណែកក្នុងការអភិរក្ស និង​អភិវឌ្ឍន៍​ព្រៃការពារ។ ម៉្យាងវិញទៀត រាជរដ្ឋាភិបាលក៏មិនមានធនធានច្រើនគ្រប់គ្រាន់ក្នុងការការពារព្រៃឈើ និង​ក៏​បាន​ឃើញ​ច្បាស់​អំពីសក្តានុពល​នៃ​ប្រជាសហគមន៍មូលដ្ឋានជាដៃគូក្នុងការគ្រប់គ្រងព្រៃឈើផងដែរ។ ក្រៅពី សហគមន៍​ព្រៃឈើ​ដែល​បាន​ចែង​លម្អិត​នៅ​ក្នុង​ប្រកាស​របស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទស្តីពីគោលការណ៍ណែនាំអំពីសហគមន៍ព្រៃឈើ(២០០៦) កម្មវិធីព្រៃឈើជាតិឆ្នាំ២០១០-២០២៩(ក្នុងផ្នែក៤.១) បានចាត់ទុកថា សហគមន៍ព្រៃការពារជាតំបន់មួយដែល​មានអាទិភាពសម្រាប់អភិវឌ្ឍន៍គំរូផ្សេងៗនៃសហគមន៍​ព្រៃឈើ​ក្នុង​ព្រៃការពារ។​
ការ​អនុវត្តលើគំរូនេះ​គឺមានជំហាន និងទម្រង់ផ្សេងៗគ្នាតាមស្ថាប័ននីមួយៗ។ ​ទស្សនទាននេះមានគោលបំណង​ដើម្បី​រៀបចំ​ជំហាន​សាមញ្ញ​មួយ​ក្នុង​ការរៀបចំបង្កើតសហគមន៍ព្រៃការពារដែលអង្គការមិនមែន​រដ្ឋាភិបាល និង ភ្នាក់ងារពាក់ព័ន្ធផ្សេងៗអាចយកទៅប្រើការបាន។ កម្មវិធី​សហគមន៍ព្រៃឈើ (CFP) ដែលស្ថិតនៅ ក្រោមកម្មវិធីព្រៃឈើជាតិ (២០១០-២០២៩) មានអធិប្បាយ​អំពី​ទស្សន​ទូទៅ​នៃ​យុទ្ធសាស្រ្ត និងគោលដៅរបស់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធនឹងសហគមន៍ព្រៃឈើដែលផ្តោតលើការចូលរួមគ្រប់គ្រងព្រៃឈើ។​
ដោយ​ឡែកអង្គការ​ RECOFTC តាមរយៈគម្រោង ENRTP-WWF​ បាននឹងកំពុងរៀបចំបង្កើតសហគមន៍ ព្រៃការពារចំនួន៨ទីតាំងស្ថិត​ក្នុង​តំបន់​ព្រៃការពារខេត្តមណ្ឌលគិរី (MPF) ក្នុងនោះមានសហគមន៍ព្រៃការពារ ចំនួន ៤ ដែលត្រូវអនុវត្តដោយអង្គការ MVi និងរដ្ឋបាល​ព្រៃឈើ (FA) ដោយគាំទ្រការបណ្តុះបណ្តាលពីមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើហៅកាត់ថា (RECOFTC)​ ហើយ​សហគមន៍​ព្រៃ​ការពារ​ចំនួន​៤ទៀតកំពុងអនុវត្តដោយអង្គការ WWF និងរដ្ឋបាលព្រៃឈើ (FA)។
បន្ទាប់​ពីការបណ្តុះបណ្តាលទៅលើការពង្រឹងស្ថាប័នសហគមន៍ ចំពោះមុខ​គម្រោង ENRTP-WWF ដែលឧបត្ថម្ភថវិកាដោយសហភាពអ៊ឺរ៉ុប (EU)នឹងត្រូវរៀបចំវគ្គបណ្តុះបណ្តាលមួយទៀតដើម្បីបន្តការគាំទ្រសហគមន៍ក្នុងការរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃការពារនីមួយៗ​ និងជា​យុទ្ធសាស្រ្ត និងមគ្គុទេសក្នុងការគ្រប់គ្រងសហគមន៍ព្រៃការពារសម្រាប់រយៈពេលវែង។ វគ្គបណ្តុះបណ្តាលស្តីពី ការរៀប​ចំ​ផែនការ​គ្រប់គ្រង​ព្រៃសហគមន៍ និងការប៉ាន់ប្រមាណធនធានព្រៃសហគមន៍ដោយមានការចូលរួមនឹងរៀបចំឡើងមានរយៈពេល ០៥ថ្ងៃ គ្រោង​រៀបចំ​​ចាប់ពីថ្ងៃទី២៨ ខែមីនា ដល់ ០១ ខែមេសា ឆ្នាំ២០១៦ នៅផ្ទះសំណាក់ពេជ្រដា ខេត្តមណ្ឌលគីរី។

២. គោលបំណង

វគ្គនេះរៀបចំឡើងក្នុងគោលបំណងបង្កើននូវការយល់ដឹង និងសមត្ថភាពរបស់​សិក្ខា​កាម​លើ​ផ្នែក​៖

  • តើការចូលរួមមានសារៈសំខាន់យ៉ាងណាខ្លះដូចម្ដេចចំពោះការរៀបចំផែនការគ្រប់​គ្រងសហគមន៍ព្រៃឈើ
  • គោលការណ៍ និងដំណើរការនៃការរៀបចំផែនការគ្រប់គ្រង
  • លក្ខខណ្ឌនានា​ដែលអាចធ្វើអោយមាននិរន្ដរភាពលើការប្រើប្រាស់ទៅតាមមុខងារចម្រុះរបស់​ធនធានព្រៃឈើ និង​ផែនការ​គ្រប់គ្រង​រយៈពេលវែងនៃការគ្រប់គ្រងសហគមន៍​ព្រៃឈើ

៣. វិធីសាស្ដ្រសម្របសម្រួលវគ្គ

ក្នុងការរៀបចំផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ ចំណុចសំខាន់ គឺត្រូវធ្វើអោយ​ប្រាកដ​​ថា ផែនកា​រ​នេះបាន រៀបចំឡើង​ក្នុង​ដំណើរការ​ដោយមានការចូលរួមដែលក្នុងនោះការចូលរួម​របស់​សហគមន៍​មាន​ភាពសំខាន់ហើយតម្រូវ​ឱ្យមានការគាំទ្រជាបន្ដសម្រាប់ដំណាក់​កាល​នៃ​ដំណើរ​ការនេះ។ ដូច្នេះដំណើរការដោយមានការចូលរួម វិធីសាស្ដ្រ និង​ឧបករណ៍​​ដែលនឹង​ប្រើប្រាស់សម្រាប់វគ្គនេះ ​គឺជាការ​ជម្រុញឱ្យ​មានការ​ចូលរួមពីគ្រប់អ្នករៀន​សូត្រ​​ទាំងអស់និង​ដើម្បី​ឱ្យ​សិក្ខាកាមកសាងលើ​បទ​ពិសោធន៍​នៅមូលដ្ឋានបន្ថែមទៀត។ មេរៀន​ក្នុង​វគ្គ​នេះ​នឹង​​មានភាពទាក់ទងគ្នារវាងការផ្ដល់បទ​ឧទ្ទេស ​ការពិភាក្សា និងការអនុវត្ដនៅមូលដ្ឋាន។ មេរៀន​នីមួយៗ​​នឹង​សម្រប​សម្រួល​ដល់​ការ​រៀន​សូត្រ និង​ចែក​រំលែកនូវ​ព័ត៌មានពីអ្នកបង្រៀនដល់សិក្ខាកាម​មានការឆ្លុះបញ្ចាំងជាបន្ដបន្ទាប់ដោយភ្ជាប់ពីការ​រៀន​សូត្រ​ក្នុង​វគ្គទៅ​នឹង​បរិបទ​ដែលជាបទពិសោធន៍​របស់សិក្ខាកាមម្នាក់ៗ។ ការចុះទៅមូលដ្ឋាន និង​ការ​ចែករំលែកបទ​ពិសោធន៍​ដែលរៀនសូត្របាន​ជាផ្នែក​សំខាន់​នៃ​គ្រប់មេរៀននីមួយៗរបស់​វគ្គ​នេះ ។

  • ការបង្ហាញពីទ្រឹស្ដី
  • ការផ្លាស់ប្ដូរបទពិសោធន៍របស់សិក្ខាកាមដែលមាននៅមូលដ្ឋាន
  • ការពិភាក្សាតាមក្រុម និងការលេងបង្ហាញ
  • ក្រុមពិភាក្សាតាមក្រុមដោយមានការណែនាំ
  • ល្បែងថាមពល
  • ការចុះមូលដ្ឋាន

ការរៀបចំផែនការសកម្មភាព

ប្រធានបទ ៖ ការរៀបចំផែនការគ្រប់គ្រងដោយមានការចូលរួមផ្នែកទី ១ ៖
ប្រធានបទខាងក្រោមនេះនឹងធ្វើការអនុវត្ដដើម្បីអោយសិក្ខាកាមអាចទទួលបាននូវលទ្ធផលរំពឹងទុកដែលជា តម្រូវ​ការពីវគ្គបណ្ដុះបណ្ដាលនេះ ៖
S1: តើផែនការគ្រប់គ្រងព្រៃសហគមន៍ជាអី្វ? ហេតុអី្វត្រូវមានផែនការគ្រប់គ្រងព្រៃសហគមន៍?
S2: ជំហានក្នុងការរៀបចំផែនការគ្រប់​គ្រងព្រៃសហគមន៍ 
S3:ពិនិត្យមើលនូវព័ត៌មាននានាដែលត្រូវការសម្រាប់ការរៀបចំផែនការគ្រប់ គ្រងព្រៃសហគមន៍
S4: ពិនិត្យនូវតួនាទី និងការទទួលខុស​ត្រូវរបស់ CFMC មន្រ្តីរដ្ឋបាលព្រៃឈើ​មូលដ្ឋាន អង្គការ នានា និង​ក្រុមប្រឹក្សាឃុំ​ក្នុង​ការ​រៀបចំ​ផែនការ​​គ្រប់គ្រងព្រៃសហ​គមន៍
មេរៀន ទី២៖ ការប៉ាន់ប្រមាណធនធានសហគមន៍ព្រៃឈើដោយមានការចូលរួម និងការធ្វើសារពើភណ្ឌ​ព្រៃឈើ​និងអនុផលព្រៃឈើ​
S1: របៀបក្នុងការអនុវត្តការប៉ាន់ប្រមាណ ធនធានសហគមន៍ព្រៃឈើដោយ​ប្រើ​ប្រាស់​ឧបករណ៍មានការចូលរួមនានា
S2: PRA: ការរៀបចំផែនទីដោយមានការចូល​រួម
S3: PRA: ការដើរឆ្លងកាត់ និងការសង្កេត​ដោយផ្ទាល់
S4: PRA: ការធើ្វចំណាត់ថ្នាក់ (ប្រភេទផ្សេងៗ)
S5: PRA: ការវិភាគទំនោរ Trend Analysis
S6: PRA: វែនដ្យាក្រាម Venn diagram
S7: ចែករំលែកបទពិសោធន៍លើវិធីសាស្រ្តប៉ាន់ប្រមាណធនធានអនុផលព្រៃឈើ​ដោយ​មានការចូលរួម​ និងការកំណត់បរិមាណ
S8: ការចូលរួមធ្វើសារពើភណ្ឌ តើអ្វីទៅជាការធ្វើសារពើភណ្ឌ ​និងហេតុអ្វីត្រូវការធ្វើ​សារពើ​ភណ្ឌ
S9: ការកំណត់តំបន់សហគមន៍ (ការប្រើប្រាស់ដីសហគមន៍ព្រៃឈើ)
S10: ការបែងចែក​ និងកំណត់តំបន់​គ្រប់គ្រង
S11: វិធីសាស្រ្តធ្វើសារពើភណ្ឌសហគមន៍ព្រៃឈើ
S12: ការកំណត់គោលបំណងនៃការធ្វើសារពើភណ្ឌ
S13: ការរៀបចំផែនការសកម្មភាព​សម្រាប់​ធ្វើសារពើភ័ណ្ឌ៖ បច្ចេកទេស​សារពើភណ្ឌ ការកំណត់ចំនួនឡូត៍
S14: ចាត់ចែងរៀបចំធ្វើសារពើភណ្ឌ
S15: ការតាំងឡូតិ៍គំរូនៅក្នុងព្រៃ  
S16: វិធីសាស្រ្តវាស់វែងនៅក្នុងឡូត៍គំរូ
S17: ការវិភាគទិន្នន័យសារពើភណ្ឌ
S18: ការបង្ហាញលទ្ធផលសារពើភណ្ឌ
មេរៀន ទី៣៖ ការអនុវត្តនៅមូលដ្ឋាន និងការឆ្លុះបញ្ចាំង
មេរៀន ទី៤៖ ការរៀបចំផែនការសកម្មភាពដើម្បីបង្រៀនដល់គណៈកម្មការគ្រប់គ្រងសហគមន៍

៤. ពេលវេលា និងទីកន្លែង

វគ្គនេះនឹងរៀបចំនៅខេត្តមណ្ឌលគីរី ដែលមានរយៈពេល០៥ថ្ងៃគឺពី​ថ្ងៃទី ២៨ ខែមីនាដល់​ ថ្ងៃទី០១មេសា ឆ្នាំ ២០១៦ ។