សិក្ខាសាលាស្តីអំពី "ការពិគ្រោះយោបល់លើពង្រាងសេចក្តីណែនាំដំណើរការផ្ទេរការអនុវត្តបន្តសហគមន៍ព្រៃឈើទៅជាសហគមន៍តំបន់ការពារធម្មជាតិ"
១-សេចក្តីផ្តើម
ចាប់ពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ នេះ មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) បានបន្តអនុវត្តសកម្មភាពកម្រោង គាំទ្រព្រៃឈើ និងជីវចម្រុះ ក្រោមជំនួយថវិកាពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) តាមងរយៈអង្គការ WINROCK International ។ សកម្មភាពសំខាន់មួយ ដែលគម្រោងបានអនុវត្តគឺការរៀបចំសេចក្តីណែនាំបច្ចេកទេសដើម្បីផ្ទេរនិងអនុវត្តបន្តចំពោះ អតីតសហគមន៍ ព្រៃឈើ មានស្រាប់ក្នុងតំបន់ព្រៃការពារ និងព្រៃផ្តល់ផលទាំង១៨ កន្លែងដែលត្រូវបាន កំណត់ជាតំបន់ការពារ ធម្មជាតិ ព្រមទាំងផ្ទេរសមត្ថកិច្ចគ្រប់គ្រងពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មកក្រសួងបរិស្ថាន។
ការងារនេះត្រូវបានអនុវត្តក្រោមកិច្ចសហការយ៉ាងជិតស្និទរវាងក្រុមការងារគម្រោងគាំទ្រព្រៃឈើ និង ជីវចម្រុះនៃមជ្ឈមណ្ឌលសម្រាប់មនុស្សនិងព្រៃឈើ និងក្រុមការងារនៃនាយកដ្ឋានជីវភាពសហគមន៍នៃ អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានរបស់ក្រសួងបរិស្ថាន។ កន្លងមកក្រុមការងារបានធ្វើការសិក្សាស្ថានភាព សហគមន៍ព្រៃឈើមានស្រាប់ក្នុងតំបន់ការពារថ្មីរបស់ក្រសួងបរិស្ថាននៅបណ្តារខេត្តប្រាំ (កំពង់ធំ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងមណ្ឌលគីរី) ដែលជាខេត្តគោលដៅរបស់គម្រោង។ លទ្ធផលនៃការសិក្សានេះបានប្រើ ជាមូលដ្ឋាន រៀបចំសេចក្តីព្រាង សេចក្តីណែនាំបច្ចេកទេសលើ ដំណើរការផ្ទេរការអនុវត្តបន្ត សហគមន៍ព្រៃឈើ ទៅជាសហគមន៍តំបន់ការពារធម្មជាតិ។
ដើម្បីបញ្ចប់សេចក្តីណែនាំនេះ ក្រុមការងារនៃនាយកដ្ឋានជីវភាពសហគមន៍ និងមជ្ឍមណ្ឌលសម្រាប់ មនុស្សនឹងព្រៃឈើ គ្រោងរៀបចំសិក្ខាសាលាជាមួយអ្នកពាក់ព័ន្ធដើម្បីផ្សព្វផ្សាយសេចក្តីណែនាំក្នុងការផ្ទេរ ការអនុវត្តបន្តសហគមន៍ព្រៃឈើទៅជាសហគមន៍តំបន់ការពារធម្មជាតិដល់អ្នកសម្របសម្រួលការងារសហគមន៍ តំបន់ការពារធម្មជាតិ ព្រមទាំងទទួលយកមតិយោបល់បន្ថែមដើម្បីកែសម្រួលបញ្ចប់សេចក្តីណែនាំនេះ។
២-គោលបំណង
សិក្ខាសាលាថ្ងៃនេះមានគោលបំណងដូចខាងក្រោម៖
- បង្ហាញពីលទ្ធផលនៃការសិក្សាប៉ាន់ប្រមាណស្ថានភាពជាក់ស្តែងនៃសហគមន៍ព្រៃឈើមានស្រាប់នៅ ក្នុងការពារធម្មជាតិ (អតីតព្រៃការពារ និងព្រៃផ្តល់ផល) នៅក្នុងខេត្តគោលដៅគម្រោង ព្រមទាំងប្រមូល ព័ត៌មានបន្ថែមចំណុចខ្វះខាតនៃការសិក្សានេះ
- បង្ហាញពីសេចក្តីព្រាងនៃ សេចក្តីណែនាំអនុវត្តន៍បន្តការផ្ទេរសហគមន៍ព្រៃឈើ ទៅជាសហគមន៍តំបន់ការពារធម្មជាតិ ដែលក្រុមការងារបានរៀបចំ
- ពិភាក្សា និងទទួលយកធាតុចូលបន្ថែមលើសេចក្តីព្រាង សេចក្តីណែនាំអនុវត្តន៍បន្តការផ្ទេរសហគមន៍ ព្រៃឈើទៅជាសហគមន៍តំបន់ការពារធម្មជាតិ ពីអ្នកចូលរួមដើម្បីកែសម្រួលបញ្ចប់សេចក្តីណែនាំនេះ
៣-លទ្ធផលរំពឹងទុក
លទ្ធផលរំពឹងសំខាន់ពីសិក្ខាសាលានេះគឺទទួលបានការឯកភាពជារួមលើ សកម្មភាពចាំបាច់នានាក្នុង ការបន្តអនុវត្តន៍ការងារសហគមន៍ព្រៃឈើមានស្រាប់ ដែលត្រូវផ្ទេរមកជាសហគមន៍តំបន់ការពារធម្មជាតិ ដោយធានាបានថាសកម្មភាពបន្តនេះស្របនឹងគោលការណែនាំស្តីពីនីតិវិធី និងដំណើរការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន។ ក្នុងនោះដែរអង្គសិក្ខាសាលារំពឹងថានឹងទទួលបាននូវ អនុសាសន៍ ល្អៗបន្ថែមទៀតពី មន្ទីរបរិស្ថានខេត្ត នាយកតំបន់ការពារធម្មជាតិ អជ្ញាធរដែនដី សមាជិកសហគមន៍ និង បុគ្គលិកអង្គការដៃគូលើ សេចក្តីណែនាំការអនុវត្តបន្តការផ្ទេរសហគមន៍ព្រៃឈើទៅជាសហគមន៍តំបន់ការពារ ធម្មជាតិ នេះដើម្បីឲ្យពួកគេយកសេចក្តីណែនាំនេះទៅអនុវត្តន៍តាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាព។
៤-ពេលវេលា និងទីកន្លែង
សិក្ខាសាលានឹងត្រូវរៀបចំឡើងនៅ ថ្ងៃទី២៧ ខែ មិថុនា ឆ្នាំ ២០១៧ នៅទីរួមខេត្តកំពង់ធំ ដោយមាន អ្នកចូលរួមចំនួន ៥០នាក់មកពី៖ នាយកដ្ឋានជីវភាពសហគមន៍នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួង បរិស្ថាន មន្ទីរបរិស្ថាន តំបន់ការពារធម្មជាតិ អាជ្ញាធរដែនដី សហគមន៍តំបន់ការពារធម្មជាតិ និងអង្គការដៃគូ។