RECOFTC Cambodia
रिकफ - नेपालको कार्यक्रमहरू

សិក្ខា​សាលា​ឆ្លុះបញ្ចាំង​ស្តីពី​ការ​ត្រួត​​ពិនិត្យ និងវាយតម្លៃសហគមន៍​ព្រៃឈើ​ដោយ​មាន​ការ​ចូល​រួម​

Apr 24
2018
Location
កំពង់ធំ
RECOFTC Events

១. សាវតា

មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (រីខូហ្វ) តាមរយៈកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល ជំហានទី ២ (PaFF2), ជា គម្រោងដឹកនាំអនុវត្តដោយអង្គការ WWF និងចូលរួមអនុវត្តដោយ មជ្ឈមណ្ឌល​សម្រាប់​​មនុស្ស និង​ព្រៃឈើហៅកាត់ថា RECOFTC, អង្គការ​ផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើ NTFP-EP និង​សមាគម​ន៍​ថែរក្សា​វប្បធម៌ និងបរិស្ថាន ហៅកាត់ថា CEPA ។ PaFF2 ជា​គម្រោង​ក្រោមជំនួយបដិភាគរបស់​ទីភ្នាក់​ងារ​​សហ​ប្រតិប​ត្តិ​ការ​ដើម្បី​អភិវឌ្ឍ​នៃប្រទេស​ស្វីស​ ដែលគាំទ្រដល់ការគ្រប់គ្រង និង​អភិវឌ្ឍ​សហគមន៍​​ព្រៃឈើ សហគមន៍​​នេសាទ នៅក្នុងខេត្តគោលដៅចំនួន ៤ រួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ  និង​ខេត្ត​​កំពង់ធំ​។ ដើម្បី​ចូលរួមពង្រឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ (រីខូហ្វ) បានសហការជាមួយខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​កំពង់ធំ ក្រោមការ​គាំ​ទ្រ​​​បច្ចេកទេស​ និងថវិកាពី រីខូហ្វ នៅថ្នាក់តំបន់  អនុវត្តន៍សាកល្បង​គម្រោង ពង្រឹង​ការ​ត្រួតពិនិត្យ និង​វាយតំលៃ​សហគមន៍​ព្រៃឈើ​ដោយមានការចូលរួម នៅសហគមន៍ព្រៃឈើគោលដៅ ចំនួនបី នៅ​ខេត្ត​កំពង់ធំ រួមមានសហគមន៍ព្រៃឈើព្រៃក្បាលបី សហគមន៍​ព្រៃឈើ​ត្រពាំងរូង និង​សហគមន៍ ព្រៃឈើអូរសោម។
​គម្រោងបានគាំទ្រសហគមន៍ព្រៃឈើទាំងបី រៀបចំប្រព័ន្ធត្រួតពិនិត្យ និងវាយ​តំលៃ​ដោយមានការ ចូលរួម ដែល​អាចឲ្យសហគមន៍​តាមដាន និងវាយតំលៃវឌ្ឍនភាព និងភាពប្រឈមក្នុងការគ្រប់គ្រង សហគមន៍​ព្រៃឈើ​​របស់​ពួកគេ។​ កន្លងមក​គម្រោង​បានកសាង​សមត្ថភាព គាំទ្រសហគមន៍គោលដៅ ទាំងបី រៀបចំការត្រួត​ពិនិត្យនិងវាយ​តំលៃ​សហគមន៍​ព្រៃឈើដោយមានការ​ចូលរួម ព្រមទាំង​សាកល្បង​វាយតំលៃ ស្ថានភាពសហគមន៍ព្រៃឈើទាំងបី សម្រាប់ឆ្នាំ២​០១៧ផងដែរ។ 
គម្រោងនឹងរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំស្តីពីការត្រួតពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើដោយមានការ ចូលរួម ដែលចួលរួមដោយ​គណៈកម្មការ​​គ្រប់គ្រងសហគមន៍ព្រៃឈើ បណ្តាញសហគមន៍ព្រៃឈើខេត្ត អជ្ញាធរដែនដី មន្រ្តី​សង្កាត់​និងផ្នែក​ពាក់ព័ន្ធ​នៃខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ធំ និងបុគ្គលិកអង្គការដៃគូ​រនៅ ខេត្តកំពង់ធំ ព្រមទាំង​ការិយាល័យ​សហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើផងដែរ 

២. គោលបំណង

​ សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការត្រួតពិនិត្យនិងវាយតម្លៃសហគមន៍ព្រៃឈើ​ដោយ​មាន​ការចូលរួម មានគោលបំណង៖ 

  • បង្ហាញពីដំណើរការរៀបចំ ប្រពន្ធ័ត្រួតពិនិត្យ និង​វាយ​តម្លៃ​សហគមន៍ព្រៃឈើដោយមានការ ចូលរួម ដែលគម្រោងបានអនុវត្តន៍កន្លងមក
  • ចែករំលែកលទ្ធផលនៃការអនុវត្តសាកល្បងប្រព័ន្ធត្រួតពិនិត្យ និងវាយតំលៃសហគមន៍ព្រៃឈើ ដោយមានការចូលរួមរបស់សហគមន៍ព្រៃឈើគោលដៅទាំងបីរបស់គម្រោង
  • ពិភាក្សាកែលំអប្រព័ន្ធត្រួតពិនិត្យនិងវាយតំលៃសហគមន៍ព្រៃឈើដោយមានការចូលរួម​ ដើម្បី​ឱ្យសហគមន៍ និងអ្នកពាក់ព័ន្ធមានលទ្ធភាពយកប្រើប្រាស់បានសម្រាប់ការងារ ត្រួតពិនិត្យសហគមន៍ ព្រៃឈើដោយមាន​ការ​ចូលរួម ស្រប​តាម​គោលនយោបាយ ច្បាប់ និងបទដ្ឋានពាក់ព័ន្ធនឹងការគ្រប់គ្រង សហគមន៍ព្រៃឈើនៅកម្ពុជា។ 

៣. ទីកន្លែងនិងពេលវេលា

​ សិក្ខាសាលានឹងរៀបចំឡើងនៅសាលប្រជុំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០១៨។ 

៤. អ្នកចូលរួម

​សិក្ខាសាលាឆ្លុះបញ្ចាំងនេះមានអ្នកចូលរួមសរុប ៤០នាក់ ក្នុងនោះមាន៖ 

  • តំណាងការិយាល័យសហគមន៍ព្រៃឈើនៃរដ្ឋបាលព្រៃឈើ ២នាក់
  • មន្រ្តីសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើពាក់ព័ន្ធ នៃខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ១០នាក់
  • អជ្ញាធរដែនដី មេភូមិ និងក្រុមប្រឹក្សាឃុំពាក់ព័ន្ធ ១០នាក់
  • បណ្តាញសហគមន៍ព្រៃឈើខេត្ត ៥នាក់ (ក្រចេះ ស្ទឹងត្រែង ព្រះវិហារ កំពង់ធំ)
  • តំណាងគណៈកម្មការសហគមន៍ព្រៃឈើគោលដៅ ៦នាក់
  • ក្រុមការងារ RECOFTC (4 PCFPCs PaFF2)
  • អង្គការដៃគូរ ៨​នាក់