សិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តគម្រោងកសាងសមត្ថភាពក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព
ប្រវត្តិ
គម្រោង ”កសាងសមត្ថភាពក្នុងការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តរភាព (SFM) ជាគម្រោងដែលអនុវត្តដោយ រីខូហ្វ-មជ្ឈមណ្ឌលសម្រាប់មនុស្ស និង ព្រៃឈើ (RECOFTC) និង អង្គការម្លប់បៃតង (MB)” ក្រោមជំនួយនៃមូលនិធិសម្រាប់បរិស្ថានពិភពលោក (GEF) តាមរយៈកម្មវិធីអភិវឌ្ឍអង្គការសហប្រជាជាតិ (UNDP) ក្រោមការគ្រប់ គ្រងរបស់ រដ្ឋបាលព្រៃឈើនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គម្រោងបានសហការណ៍ជាមួយអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ នៃក្រសួងបរិស្ថាន និង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងនេះមានរយៈពេល ៤៤ ខែ (ចាប់ពី ខែមេសា ឆ្នាំ ២០១២ រហូតដល់ខែធ្នូ ឆ្នាំ ២០១៥) ដែលបាន អនុវត្ត ក្នុងខេត្តគោលដៅចំនួន ៤ គឺ ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ និង បាត់ដំបង។
គម្រោងនេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន: ១) ធ្វើផែនការគ្រប់គ្រងសហគមន៍ព្រៃឈើ រួមទាំងផែនការអាជីវកម្មសហគមន៍ព្រៃឈើចំនួន៣០សហគមន៍ និងផែនការគ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិចំនួន១០សហគមន៍ ដែលស្ថិតនៅក្នុងខេត្តចំនួន០៤ ២)សាកល្បងគំរូផ្សេងៗទៀតនៃសហគមន៍ព្រៃឈើ០៤ (សហគមន៍ព្រៃការពារ សហគមន៍ព្រៃផ្តល់ផល និងព្រៃឈើដៃគូ) ៣)ធ្វើផែនការប្រើប្រាស់ដីធ្លីថ្នាក់ឃុំចំនួន០៤ឃុំ (១ឃុំ ក្នុង១ខេត្ត) និង ៤) ធ្វើសច្ចាប័ន ស្តីពីគោលការណ៍ណែនាំបង្កើតសហគមន៍តំបន់ ការពារធម្មជាតិ។
គោលបំណង
សិក្ខាសាលាបូកសរុបលទ្ធផលគម្រោងនេះមានគោលបំណងដើម្បីចែករំលែកនូវលទ្ធផល បទពិសោធន៍ មេរៀន និងលើកឡើងនូវអនុសាសន៍នានាដល់អ្នកពាក់ព័ន្ធសម្រាប់បន្តការអភិវឌ្ឍសហគមន៍ព្រៃឈើ និង សហគមន៍តំបន់ការពារធម្មជាតិ។
អ្នកចូលរួមក្នុងសិក្ខាសាលា
សិក្ខាសាលានឹងមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ១០៩ នាក់មកពីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមានតំណាងរដ្ឋបាលព្រៃឈើ (រដ្ឋបាលព្រៃឈើកណ្តាល ខណ្ឌ និង ផ្នែកគោលដៅ) អង្គការមិនមែនរដ្ឋាភិបាលជាតិ ម្ចាស់ជំនួយ ដៃគូអភិវឌ្ឍ និង ស្ថាប័នផ្សេងៗទៀត។
កាលបរិច្ឆេទ និងទីកន្លែង
សិក្ខាសាលានឹងប្រព្រឹត្តទៅរយៈពេល១ ថ្ងៃ គឺនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០១៥ នៅសណ្ឋាគារ សណ្ឋាគារ អ៊ឹមផឹរៀល ហ្គាឌិន វីឡា & អូតែល ក្នុងរាជធានីភ្នំពេញ។