RECOFTC Cambodia
रिकफ - नेपालको कार्यक्रमहरू

ទស្សនៈកិច្ចស្វែង​យល់ និង​តាមដាន​ការ​អនុវត្ត​គម្រោង FLEGT របស់​ក្រុម​ការងារ​ពង្រឹង​តួនាទី​សហគមន៍​ព្រៃឈើ​ក្នុង​ការ​ចូលរួម​អនុវត្ត​ច្បាប់ ស្តី​ពី​ព្រៃឈើ អភិបាល​កិច្ច និង​ពាណិជ្ជកម្ម​ផលិត​ផល​សហគមន៍

Sep 05
2016
-
09
Location
ខេត្តកំពង់ស្ពឺ
RECOFTC Events

​​១- សារបាន

កម្មវិធីព្រៃឈើជាតិ (NFP) ដែលរៀបរៀងឡើងក្នុងឆ្នាំ ២០១០ បានដាក់ចេញនូវគោលនយោបាយ និង​យុទ្ធសាស្រ្ត​រយៈ​ពេល​វែង (២០១០-២០២៩) សំរាប់ការគ្រប់គ្រងធនធានព្រៃឈើជាតិ ប្រកបដោយនិរន្តរភាព។ កម្មវិធី​ព្រៃឈើជាតិមាន​កម្មវិធី​អាទិភាពចំនួន៦ ក្នុង​នោះកម្មវិធីចំនួន២ ដែលអាចចាត់ទុកជាកម្មវិធីអាទិភាព និងផ្តល់​ផលប្រយោជន៍​ច្រើន​ដល់ប្រជាសហគមន៍ គឺកម្មវិធីទី៣ (ពង្រឹង​ការ​អនុវត្តច្បាប់ព្រៃឈើ និងអភិបាលកិច្ច) ដែលមានគោលបំណងរួម «ពង្រឹង​ការ​អនុវត្តច្បាប់ស្តីពីព្រៃឈើ និងអភិបាលកិច្ច នឹង​ចូលរួម​ចំណែក​ក្នុងការគ្រប់គ្រង ការពារ និងអភិវឌ្ឍន៍​ព្រៃឈើ​ប្រកប​ដោយ​តម្លាភាព ត្រឹមត្រូវ និងមានប្រសិទ្ធិភាព» និងកម្មវិធីទី៤ (កម្មវិធី​សហគមន៍​ព្រៃឈើ) ដែលមានបំណង «១). ធានា​ដល់​ការ​ប្រើប្រាស់ធនធានព្រៃឈើប្រកបដោយសមធម៌​ និងប្រជាធិបតេយ្យ ២). ផ្តល់​ឱកាស​ដល់​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅ​ក្នុង និងក្បែរព្រៃបានចូលរួមរៀបចំគ្រប់គ្រង និង​អភិវឌ្ឍន៍​ព្រៃសហគមន៍​ស្រប​តាម​គោលការណ៍​ណែនាំ​អំពី​សហគមន៍​​ព្រៃឈើ ដោយចូលរួមក្នុងការកំណត់តំបន់សក្តានុពលព្រៃសហគមន៍ និងការចូលរួមធ្វើសេចក្តីសំរេច​ចិត្ត​ផ្សេងៗ ៣). ពិនិត្យ និងកែសម្រួលឡើងវិញក្នុង​ករណីចាំបាច់នូវរាល់​បទដ្ឋាន​នានា​ដែលគាំទ្រ​ដល់ការអនុវត្តសហគមន៍​ព្រៃឈើ ដោយ​ផ្អែក​លើ​បទ​ពិសោធន៍​​​​ដែលទទួលបានពីការអនុវត្តកន្លងមក ដើម្បីឆ្លើយតបទៅនឹងតម្រូវ​ការជាក់​ស្តែង​របស់​សហគមន៍មូលដ្ឋាន និងដោះស្រាយ​បញ្ហា​នានា​ដែលកើតមានឡើង​ ៤). ផ្តល់ការកសាងសមត្ថភាព និងគាំទ្រដល់​មន្រ្តី​រដ្ឋបាល​ព្រៃឈើដើម្បីឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយ​គាំទ្រ និងផ្តល់សេវាកម្ម​ដល់សហគមន៍​ព្រៃឈើ​ប្រកប​ដោយ​គុណភាព ៥). ពង្រឹង និង​ជំរុញការ​គ្រប់គ្រង​ព្រៃ​សហគមន៍​ប្រកប​ដោយ​និរន្តរភាព ក្នុងគោលបំណងពាណិជ្ជកម្ម និង​បង្កើន​ជីវភាពតាមរយៈការបង្កើនផល និងអនុផលព្រៃឈើ ការ​អភិវឌ្ឍន៍​ជីវចំរុះ និងការលក់​ឥណទាន​កាបូន​ព្រៃឈើ​ទៅទីផ្សារ​អន្តរជាតិដើម្បីធ្វើឲ្យសហគមន៍ព្រៃឈើមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រង​ព្រៃ​សហគមន៍​ដោយខ្លួនឯង ៦). បង្កើនការ​ចូលរួមរបស់សមាជិកសហគមន៍ព្រៃឈើ ជាពិសេសស្ត្រីដើម្បីឲ្យមានតម្លាភាព និង​អភិបាលកិច្ច​ល្អ និងការបែង​ចែកផលប្រយោជន៍ប្រកប​ដោយ​​សមធម៌ និង ៧). ដើម្បីបង្ហាញភាពផ្សេងគ្នានៃការអនុវត្ត និងបង្កើន​នូវ​ភាព​ជឿជាក់​ថាសហគមន៍មូលដ្ឋាន ពិតជាមានសារៈសំខាន់ក្នុងការចូលរួមគ្រប់គ្រងព្រៃឈើ» ។
ពង្រឹង​​ការ​អនុវត្ត​ច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលព្រៃឈើវាជាផ្នែកមួយដែល មានសារៈសំខាន់ជា​ទីបំផុត ព្រោះវាអាច​ជួយ​ឲ្យមានការប្រើប្រាស់ធនធានព្រៃឈើប្រកបដោយនិរន្តរភាព មាន​​​​តម្លាភាព និង​បង្កើន​បាន​នូវ​ភាព​​ម្ចាស់ការ​របស់​សមាជិក​សហគមន៍​ព្រៃឈើ មិនតែប៉ុណ្ណោះវាថែមទាំង​​បានជួយបង្កើននូវ​កំរិតជីវភាពរស់នៅរបស់​ប្រជាសហគមន៍ឲ្យកាន់តែប្រសើរឡើង ។ ឆ្លើយតបទៅនឹង​​​​កម្មវិធី​ព្រៃឈើជាតិ និងទទួលបាននូវការគាំទ្រហិរញ្ញវត្ថុ ពី​កម្មវិធីពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិ​​ បាល​កិច្ច និងពាណិជ្ជកម្ម របស់​សហគមន៍​​អឺរ៉ុប តាមរយៈអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (EU FAO FLEGT) មជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃបានអនុវត្តសាកល្បង​គម្រោង ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការ​អនុវត្ត​ច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មនៅក្នុងខេត្តកំពង់ស្ពឺ ។
ខេត្ត​​កំពង់​ស្ពឺស្ថិតនៅភាគ​ខាងលិច​នៃប្រទេសកម្ពុជា តាមបណ្តោយជួរភ្នំឱរ៉ាល់ ។ បច្វុប្បន្ននេះខេត្តកំពង់ស្ពឺ​មាន​សហគមន៍​​ព្រៃឈើចំនួន ២៥ ដែលគ្របដណ្តប់លើផ្ទៃដីសរុប ១៣ ៧៧៩ ហិកតា ។ ក្នុងនោះមានសហគមន៍ចំនួន ១១ ត្រូវបាន​​បង្កើត​ឡើង​តាមរយៈ​ការ​គាំទ្រ​ពី​គម្រោង​គ្រប់គ្រងព្រៃឈើប្រកប​ដោយ​​និរន្តរភាព​ (SFM) ដែលផ្តល់មូល​និធិដោយ UNDP/GEFs ។ គម្រោង​សាកល្បង​នេះ​កំពុង​អនុវត្ត​នៅ​សហគមន៍​ព្រៃឈើចំនួន៤ ដែល​បច្ចុប្បន្ន​នេះ​កំពុង​ធ្វើការ​សាកល្បង​ប្រមូលផលឬស្សី អនុលោមតាមការផែនការគ្រប់គ្រងព្រៃសហគមន៍។ សមាជិកសហគមន៍​ព្រៃឈើ​បាន​ចង​ក្រងក្រុមសហគ្រាសដើម្បីដំណើរការអាជីវកម្មឬស្សីដែលភា្ជប់ជា​មួយ​​ផែនការគ្រប់គ្រងព្រៃសហគមន៍។ ក្រុម​សហគ្រាស និង​ផែនកា​រអាជីវកម្ម មិនទាន់មានភាពច្បាស់លាស់ ស្របតាមច្បាប់ព្រៃឈើឡើយ ប៉ុន្តែ​វាបង្កើតបាន​ជា​គំរូដ៏ល្អ​មួយ​ជា​ឧទាហរណ៍​​នៃ​ការធ្វើពាណិជ្ជកម្មខ្នាតតូច លើធនធានសហគមន៍ព្រៃឈើនាពេលអនាគត ។
សកម្មភាព​​សាកល្បងគម្រោង «ពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការពង្រឹងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម (FLEGT)» នឹងផ្តល់តម្លៃជា​​ពត៌មាន និង​អនុសាសន៍ឈាន​ទៅរកការកែលំអរគោលការណ៍ណែនាំ​អំពី​សហគមន៍​ព្រៃឈើ ឆ្នាំ២០០៦ ដែលជា​ក្របខណ្ឌ​ច្បាប់ និងការណែនាំសម្រាប់ការបង្កើតសហគមន៍ព្រៃឈើ និងការ​គ្រប់គ្រង​នៃសហគ្រាសព្រៃឈើ និងផែនការអាជីវកម្ម ។ គោលបំណង​នៃគម្រោង FLEGT គឺ បង្កើន​សមត្ថភាព​ដល់​សមាជិក​សហគមន៍ព្រៃឈើក្នុងការចូលរួមពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុង​ការ​​អនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម​ផលិតផលសហគមន៍ព្រៃឈើ ស្របតាមកម្មវិធីអាទិភាពទី ៣ និងទី ៤ នៃ​កម្មវិធី​ព្រៃឈើជាតិ ។
ដើម្បី​ឲ្យ​ការអនុវត្តគម្រោងពង្រឹងតួនាទីរបស់សហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ព្រៃឈើ អភិ​បាលកិច្ច និងពាណិជ្ជកម្ម​​នៅ​កម្ពជា​ ទទួលបានជោគជ័យ រដ្ឋបាលព្រៃឈើ និងមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ កម្មវិធី​ប្រចាំ​ប្រទេស​កម្ពុជា បាន​រៀចំ​ឲ្យមាន​ទស្សនកិច្ច​សិក្សា​មួយរបស់ក្រុមការងារ​ បច្ចេក​​ទេស ពង្រឹង​តួនាទី​សហគមន៍​ព្រៃឈើ​ក្នុងការ​ចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈ អភិបាលកិច្ច និង​ពាណិ​ជ្ជ​​​កម្ម​​ផលិតផលសហគមន៍ព្រៃឈើ ទៅដល់តំបន់គោល​ដៅ​គម្រោងទាំង ៤ សហគមន៍ ។ ក្នុងឱកាស​​​​​នៃទស្សកិច្ចនេះ អ្នក​ចូលរួម​នឹង​បាន​ស្វែងយល់​ពីវឌ្ឍនៈភាព​របស់​សហគមន៍​ទាំង ៤ ក្នុងកំឡុងពេល​​​នៃការអនុវត្តគម្រោង ។  

២- គោលបំណង

ទស្សនៈកិច្ចនេះជាដំណើទស្សនៈកិច្ចចុងក្រោយទៅកាន់តំបន់គោលដៅគម្រោង ដោយសមាជិកក្រុមការងារពង្រឹង​តួនាទី​សហគមន៍​ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ (CF-FLEGT Task Force) ជាមន្រ្តីបច្ចេកទេស ដែលមកពីនាយកដ្ឋានជំនាញនៃរដ្ឋបាលព្រៃឈើ ។ តំបន់​គោលដៅ​សហគមន៍​ព្រៃឈើនេះ ជាកន្លែង​ដែល​កំពុង​អនុវត្តសាកល្បងសកម្មភាពគម្រោង CF-FLEGT ។ ដំណើរ​ទស្សនៈកិច្ច​នៅ​សហគមន៍​ព្រៃឈើតំបន់គោលដៅគម្រោងមាន​គោល​បំណង​ដើម្បី៖

  • បង្ហាញគោលការណ៍ណែនាំសហគមន៍ព្រៃបច្ចុប្បន្ន និងអនុសាសន៍ដំបូងសម្រាប់ការពិនិត្យ និងកែសម្រួល​គោលការណ៍​ណែនាំ​ស្តីពីសហគមន៍ព្រៃឈើ ។
  • ផ្តល់ឱកាសដល់សមាជិក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើ ក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីព្រៃ​ឈើ អភិបាល​កិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ក្នុងការទំនាក់ទំនងដោយផ្ទាល់ ជាមួយ​សមាជិក​សហគមន៍​ព្រៃឈើ គណៈកម្មាការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ និងមន្ត្រីរដ្ឋបាលព្រៃឈើជាមូលដ្ឋាន ក្នុង​សហគមន៍​​ព្រៃឈើគោលដៅក្នុងខេត្តកំពង់ស្ពឺ ដែលទាក់ទងសមិទ្ធិផល បញ្ហា ការប្រឈម និង​បទពិសោធន៍​សម្រាប់​ការចូលរួមរបស់​ពួកគេក្នុងការអនុវត្តសាកល្បងនូវសកម្មភាពទាក់ទង CF-FLEGT ។
  • ផ្អែកលើអនុសាសន៍ដំបូង និងការឆ្លុះបញ្ចាំងពីទស្សនៈកិច្ចនេះ (រួមទាំងទស្សនៈកិច្ចលើកមុន) ពិភាក្សា​ជាមួយ​សមាជិក ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើចូលរួមក្នុងការអនុវត្តច្បាប់ស្តីពី ព្រៃឈើ អភិបាល​កិច្ច និង​ផលិតផល​សហគមន៍​ព្រៃឈើ​ស្វែងរក​នូវ​អនុសាសន៍ល្អៗថែមទៀត សម្រាប់​ការ​ពិនិត្យ​ឡើងវិញ​គោលការណ៍​ណែនាំ​សហគមន៍ព្រៃឈើ ដើម្បីពង្រឹង​តួនាទី​សហគមន៍​ព្រៃឈើ​ក្នុង​ដំណើរការ​អនុវត្តច្បាប់​ស្តីពី​ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្មផលិតផលសហគមន៍ព្រៃឈើ ស្របតាមគោលនយោបាយជាតិស្តីពីព្រៃឈើ ។

៣- លទ្ធផលរំពឹងទុក

ទស្សនៈកិច្ចនេះពិតជាមានសារៈសំខាន់ ព្រោះវាជាផ្នែកមួយនៃការត្រួតពិនិត្យសកម្មភាពនៃការអនុវត្តការងារ និងវឌ្ឍនៈ​ភាព​​របស់គម្រោង លើសពីនោះទៀតលទ្ធផលនៃទស្សនៈកិច្ចនេះនឹងត្រូវបានប្រើប្រាស់ ក្នុងការកែលំអរអនុសាសន៍ដំបូង ដើម្បី​ពិនិត្យឡើងវិញគោលការណ៍ណែនាំពីសហគមន៍ព្រៃឈើ ។ ទស្សនៈកិច្ចសិក្សារយៈពេល ០៥ ថ្ងៃនេះ​នឹងជួយឲ្យ​ក្រុម​ការងារ​អាច៖

  • កំណត់បានពីការរីកចំរើនរបស់សហគមន៍ព្រៃឈើក្នុងតំបន់គោលដៅគម្រោង
  • កំណត់បាននូវបទពិសោធន៍ល្អៗពីដំណើការនៃការអនុវត្តគម្រោង
  • កំណត់បាននូវចំណុចរៀនសូត្រមួយចំនួន ដើម្បីឲ្យការអនុវត្តគម្រោងមានប្រសិទ្ធិភាព
  • រកឃើញនូវអនុសាសន៍ល្អៗថែមទៀត សម្រាប់ធ្វើការពិនិត្យឡើងវិញគោលការណ៍ណែនាំសហគមន៍ព្រៃឈើ

៤- វិធីសាស្រ្ត

ទស្សនៈកិច្ចនេះ​ស្វែងយល់ពីវឌ្ឍនៈភាពរបស់សហគមន៍ព្រៃឈើ ក្នុងតំបន់គោលដៅគម្រោង​របស់​​​ក្រុមការ​​ងារ​​ពង្រឹង​តួនាទី​សហគមន៍ព្រៃឈើចូលរួមក្នុងការអនុវត្តច្បាប់ស្តីពីព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម​ផលិតផល​សហគមន៍​ព្រៃឈើ នឹងទទួលបាននូវពត៌មានថ្មីៗបន្ថែមទៀតពីគណៈកម្មាការគ្រប់គ្រងសហគមន៍ព្រៃឈើ និង​សមាជិក​សហគមន៍​ព្រៃឈើ អាជ្ញាធរដែនដីភូមិ ឃុំ រដ្ឋបាលព្រៃឈើ និងអ្នកពាក់ពន្ធ័ផ្សេងៗទៀត ។ ដើម្បីអាចទទួ​ល​បាន​នូវ​ពត៌មាន​ច្បាស់លាស់ និងពិតប្រាកបនោះ ក្រុមការងារដែលចូលរួមក្នុងទស្សនៈកិច្ចសិក្សា នឹងប្រើប្រាស់​វិធីសាស្រ្ត​សំខាន់ៗ​មួយ​ចំនួន​ស្របតាមស្ថានភាពជាក់ស្តែងរបស់សហគមន៍៖

  • ក្រុមពិភាក្សាៈ សហគមន៍នឹងត្រូវបែងចែកតាមតួនាទី និងការទទួលខុសត្រូវ (គណៈកម្មាការគ្រប់គ្រង សមាជិក​​សហគមន៍ និងក្រុមអាជីវកម្មឬស្សី) ។
  • បញ្ជីសំណួរ នឹងត្រូវរៀបចំឡើងស្របតាមគោលបំណងអង្គប្រជុំ
  • បទបង្ហាញៈ លទ្ធផលនៃទស្សនៈកិច្ចសិក្សានេះនឹងត្រូវបង្ហាញដល់ក្រុមការងារតាមរយៈអង្គប្រជុំ
  • របាយការណ៍ៈ លទ្ធផលនៃទស្សនៈកិច្ចនេះនឹងត្រូវរៀបចំជារបាយការណ៍មួយដើម្បីទុកជាឯកសារ

៥- កាលបរិច្ឆេទ និង ទីកន្លែង

ទស្សនៈកិច្ច​នេះនឹងត្រូវរៀបចំឡើងសម្រាប់រយៈពេលប្រាំ (០៥) ថ្ងៃ គឺចាប់ពីថ្ងៃទី ០៥-០៩ ខែ កញ្ញា ឆ្នាំ ២០១៦ សកម្មភាព​ដែល​ត្រូវ​អនុវត្តមាន៖

  • ថ្ងៃទី១នៃទស្សនៈកិច្ចគឺថ្ងៃទី ០៥ ខែ កញ្ញា ឆ្នាំ ២០១៦ នឹងមានកិច្ចប្រជុំ​សម្រាប់​ការពិនិត្យ​ឡើងវិញ​នូវ​មាតិកា​នៃ​គោលការណ៍​ណែនាំសហគមន៍ព្រៃឈើ និងអនុសាសន៍ដំបូងដែលបាន​​រកឃើញ ។
  • ថ្ងៃទី ២ ដល់ថ្ងៃទី ៤នៃទស្សនៈកិច្ច គឺ ថ្ងៃទី ០៦-០៨ ខែ កញ្ញា ឆ្នាំ ២១០៦ ជាដំណើទៅកាន់​សហគមន៍​ព្រៃឈើ​ជា​គោលដៅ​គម្រោងក្នុងខេត្តកំពង់ស្ពឺ ។
  • ថ្ងៃទី ៥ នៃទស្សនៈកិច្ចគឺថ្ងៃទី ០៩ ខែ កញ្ញា ឆ្នាំ ២០១៦ ជាកិច្ចប្រជុំសម្រាប់ការឆ្លុះបញ្ចាំង និង​ពិភាក្សា​លើ​អនុសាសន៍​​ដំបូង​ដើម្បីពិនិត្យឡើងវិញគោលការណ៍នែនាំសហគមន៍ព្រៃឈើ ។
  • សម្រាប់កម្មវិធីប្រជុំនៅសណ្ឋាគារវិមានសុខ ក្រុងច្បាមន ខេត្តកំពអ់ស្ពឺ

អ្នកចូលរួម

ទស្សនៈកិច្ចនេះនឹងមានការអញ្ជើញចូលរួមពីអ្នកពាក់ពន្ធ័ចំនួន ១៤៦ នាក់ ក្នុងនោះ​មាន៖

  • ក្រុមការងារពង្រឹងតួនាទីសហគមន៍ព្រៃឈើក្នុងការអនុវត្តច្បាប់ព្រៃឈើ អភិបាលកិច្ច និងពាណិជ្ជកម្ម(FLEGT Taskforce) ចំនួន ៥ រូប
  • រដ្ឋបាលព្រឈើមូលដ្ឋានចំនួន ៤ រូប (ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពី ចំនួន ១ រូប, ផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋ ១ រូប, សង្កាត់​រដ្ឋបាលព្រៃឈើបសេដ្ឋចំនួន ១ រូប​ និងសង្កាត់រដ្ឋបាលព្រៃឈើគីរិវន្ត័ចំនួន ១​ រូប)
  • ក្រុមប្រឹក្សាឃុំចំនួន ៣ រូប
  • មេភូមិចំនួន ១៩ រូប
  • គណៈកម្មាការគ្រប់សហគមន៍ចំនួន ៤៦ រូប
  • សមាជិកសហគមន៍ចំនួន ៦៧ រូប
  • មន្រ្តីគម្រោង CF-FLEGT នៃមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ ចំនួន ២ រូប