សិក្ខាសាលាបូកសរុបលទ្ធផលនៃការអនុវត្តគម្រោង គ្រប់គ្រងព្រៃឈើដោយនិរន្តភាព និងការលើកកំពស់របរចិញ្ចឹមជីវិតតាមរយៈសហគមន៍ព្រៃឈើ និងគំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយ ការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងការរេចរឹល ព្រៃឈើនៅកម្ពុជា
ប្រវិត្តរបស់គម្រោង
គម្រោង «គ្រប់គ្រងព្រៃឈើដោយនិរន្តរភាព និងការលើកកំពស់របរចិញ្ចឹមជីវិតតាមរយៈសហគមន៍ព្រៃឈើ និងគំនិតផ្ដួចផ្ដើមអំពីការកាត់បន្ថយ ការបញ្ចេញឧស្ម័នដែលបណ្ដាលមកពីការបាត់បង់ និងរេចរឹលព្រៃឈើនៅកម្ពុជា (SFMRLE) ក្រោមជំនួយរបស់សហភាពអឺរ៉ុប ជាគម្រោងដែលអនុវត្តដោយមជ្ឈមណ្ឌលសម្រាប់មនុស្ស និងព្រៃឈើ (RECOFTC) សហការជាមួយ រដ្ឋបាលព្រៃឈើ និងអង្គការ Oxfam GB។ គម្រោងនេះអនុវត្តក្នុងរយៈពេល៥៧ខែ (ចាប់ផ្តើមពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១០ ដល់ខែកញ្ញា ឆ្នាំ២០១៥) ដោយមានទឹកប្រាក់ជំនួយសរុបពីសហភាពអឺរ៉ុបចំនួន ១ ៦៣៤ ៧២៤,១១ អឺរ៉ូ ដែលស្មើនឹង ៦៥,៦៧% នៃតម្លៃសរុបរបស់គម្រោង។
គម្រោងមានគោលបំណងដើម្បីអភិវឌ្ឍន៍សហគមន៍ព្រៃឈើដែលមានការទទួលស្គាល់តាមផ្លូវច្បាប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យសហគមន៍អាចថែរក្សាព្រៃឈើដោយនិរន្ដភាព និងពង្រឹងជីវភាពសមាជិកសហគមន៍តាមរយៈផលប្រយោជន៍ដែលកើតចេញពីការធ្វើពាណិជ្ជកម្មស្របច្បាប់នូវផលិតផលព្រៃឈើដែលបានពីការគ្រប់គ្រងព្រៃឈើដោយ និរន្ដភាព និងធានាបាននូវការរក្សាសេវាកម្មបរិស្ថានដែលបានពីព្រៃឈើ។ គម្រោងបានអនុវត្តក្នុងខណ្ឌរដ្ឋបាលព្រៃឈើចំនួន ៧ ស្មើនឹង ៩ខេត្ត គឺខេត្តកំពត ខេត្តតាកែវ ខេត្តកែប ខេត្តពោធិ៍សាត់ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង និងខេត្តរតនៈគីរី។
តាមរយៈគម្រោងនេះ RECOFTC និង Oxfam GB បានសហការជាមួយរដ្ឋបាលព្រៃឈើ អាជ្ញាធរមូលដ្ឋាន អង្គការដៃគូនានា គាំទ្រដល់ការអភិវឌ្ឍសហគមន៍ព្រៃឈើច្រើនជាង ២០០សហគមន៍នៅក្នុងខេត្តគោលដៅទាំង ៩ ក្នុងនោះបានគាំទ្រទៅលើការធ្វើនិយ័តកម្មសហគមន៍ព្រៃឈើ ការរៀបចំផែនការគ្រប់គ្រង និងអនុវត្តសកម្មភាពនៃផែនការគ្រប់គ្រង ការរៀបចំបណ្តាញសហគមន៍ព្រៃឈើ និងដំណើរការបណ្តាញ និងការសម្របសម្រួលដោះស្រាយទំនាស់ទាក់ទងទៅនឹងការគ្រប់គ្រងសហគមន៍ព្រៃឈើ និងផ្សព្វផ្សាយចំណេះដឹងទាក់ទងនឹង REDD+។
គោលបំណងរបស់សិក្ខាសាលា
ដោយគម្រោងត្រូវបញ្ចប់សកម្មភាពទាំងស្រុងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ ដូចនេះគម្រោងនឹងរៀបចំធ្វើសិក្ខាសាលាបូកសរុបលទ្ធផលគម្រោង ដើម្បីចែករំលែកនូវលទ្ធផល បទពិសោធន៍ មេរៀន និងលើកឡើងនូវអនុសាសន៍នានាសម្រាប់បន្តការអភិវឌ្ឍសហគមន៍ព្រៃឈើ។
អ្នកចូលរួមសិក្ខាសាលា
សិក្ខាសាលានឹងមានការចូលរួមពីអ្នកពាក់ព័ន្ធប្រមាណ ៨០នាក់ ដែលមកពីរដ្ឋបាលព្រៃឈើថ្នាក់ជាតិ រដ្ឋបាលព្រៃឈើមូលដ្ឋាន អង្គការដៃគូរអភិវឌ្ឍន៍សហគមន៍ព្រៃឈើ អ្នកផ្តល់ជំនួយ និងតំណាងសហគមន៍ព្រៃឈើ។
កាលបរិច្ឆេទ និងទីកន្លែង
សិក្ខាសាលានឹងប្រព្រឹត្តទៅរយៈពេល១ ថ្ងៃ គឺនៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ ។