ពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍រវាង ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង និងគណៈកម្មការគ្រប់គ្រងសហគមន៏ព្រៃឈើ
ការបង្កើតសហគមន៍ព្រៃឈើគឺជាយុទ្ធសាស្រ្តនៃការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាពដូចមានចែងនៅក្នុងកម្មវិធីព្រៃឈើជាតិ និងស្ថិតក្នុងបរិបទនៃកំណែទម្រង់វិស័យព្រៃឈើរបស់រាជរដ្ឋាភិបាលកម្ពុជា សំដៅ ជំរុញ សំរេចគោលដៅក្នុងកិច្ចការពារបរិស្ថាន ជីវៈចម្រុះ ការកាត់បន្ថយភាពក្រីក្រ និងការពង្រឹងអភិបាលកិច្ចល្អដល់ស្ថាប័ន ដូចមានចែងក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិ បាលកម្ពុជា ស្តីពីវិស័យព្រៃឈើ និងផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម។ រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះការអភិរក្ស និងគ្រប់គ្រងធនធានធម្មជាតិដោយ ធានាភាពស្ថិតស្ថេរនៃអេកូឡូស៊ី និង សេដ្ឋកិច្ចសង្គមដែលជាសសរគ្រឹះមួយ ដ៏សំខាន់សម្រាប់សុខមាលភាពសាធារណៈ និងជាវិភាគទានដោយផ្ទាល់ចំពោះកិច្ចការពារបរិស្ថានសកល ។
បច្ចុប្បន្ន ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែង រៀបចំសហគមន៍ព្រៃឈើបានចំនួន ២១ កន្លែង នៅទូទាំងខេត្ដ មានផ្ទៃដីព្រៃសរុបចំនួន ៣៧,៤១៨ហ.ត សមាជិកសហគមន៍សរុបចំនួន ១៦,៨៦២នាក់ ក្នុងនោះមានស្រ្តី ៩,១២០នាក់ (៥៤%) ស្មើនឹង ៧,០៦១ គ្រួសារ ស្ថិតនៅក្នុងភូមិសាស្រ្តភូមិចំនួន ៤៤ ឃុំចំនួន ១៥ និង ស្រុកចំនួន ០៣ ។
ចំពោះមុខ ខណ្ឌរដ្ឋបាលព្រៃឈើស្ទឹងត្រែងក្នុងកិច្ចសហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង អង្គការ រីខូហ្វ (RECOFTC) និងអង្គការភូមិខ្ញុំ (MVI) នឹងរៀបចំពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍រវាងនាយខណ្ឌរដ្ឋបាល ព្រៃឈើស្ទឹងត្រែង និងប្រធានគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើចំនួន ០៥ កន្លែង។ ពិធីចុះកិច្ចព្រមព្រៀងព្រៃសហគមន៍នេះប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ ២០១៧ នៅសាលប្រជុំធំខេត្តស្ទឹងត្រែង ។
ពិធីចុះកិច្ចព្រមព្រៀងនេះមានគោលបំណងដូចខាងក្រោម៖
- ផ្ដល់ភាពស្របច្បាប់ពេញលេញជូនសហគមន៍មូលដ្ឋានក្នុងការអនុវត្ដន៍សហគមន៍ព្រៃឈើ
- ផ្ដល់សិទ្ឋិស្របច្បាប់ជូនសហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានព្រៃឈើប្រកបដោយចីរភាព
- បង្កើនភាពជឿជាក់ និងលើកទឹកចិត្ដដល់សហគមន៍មូលដ្ឋានក្នុងការគ្រប់គ្រងព្រៃសហគមន៍
- ជាផ្នែកមួយនៃការចុះបញ្ជីការសម្បត្ដិព្រៃឈើអចិន្ដ្រៃយ៍
- ផ្ដល់ការគាំទ្ររបស់រាជរដ្ឋាភិបាលជូនសហគមន៍មូលដ្ឋាន ក្រោមរូបភាពព្រៃសហគមន៍
លោក ហេង ដា អនុប្រធានអង្គការីខូហ្វកម្ពុជា មានប្រសាសន៍ថា នេះគឺជាជោគជ័យមួយក្នុងវិស័យព្រៃឈើ ពិសេសសហគមន៍ព្រៃឈើ ដែលនេះជាលើកទី១ហើយ សម្រាប់សហគមន៍ស្ថិតក្នុងតំបន់ព្រៃសម្បទានសេដ្ឋកិច្ចទទួលបានចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតជាសហគមន៍ព្រៃឈើ។