RECOFTC Cambodia
सूचना

ការផ្ទេរចំណេះដឹង និងជំនាញទៅអ្នកជំនាន់ក្រោយ

តាំងពីទស្សវតទី៩០ ដល់បច្ចុប្បន្ន រីខូហ្វនៅតែបន្តភាពជាដៃគូ និងកិច្ចសហការជាមួយក្រសួងបរិស្ថាន ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍សមត្ថភាព និងការគ្រប់គ្រងសហគមន៍ក្នុងប្រទេសកម្ពុជា

លោក គឹម សារិន អនុប្រធាននាយកដ្ឋានជីវភាពសហគមន៍ នៃក្រសួងបរិស្ថានមានទំនុកចិត្តខ្ពស់លើការស្រាវជ្រាវ ថាជាព័ត៌មានដ៏សំខាន់សម្រាប់ការងារគ្រប់គ្រងព្រៃឈើក្នុងប្រទេសកម្ពុជា។

“ខ្ញុំជឿជាក់ទៅលើ​ការស្រាវជ្រាវ ព្រោះ​ថាដើម្បី​​បញ្ចុះបញ្ចូលនរណាម្នាក់ យើងត្រូវមាន​ភស្តុតាង” នេះជាសំដីរបស់លោក គឹម សារិន ដែល​បានធ្វើការយ៉ាងជិតស្និទ្ធិជាមួយសហគមន៍ ដើម្បីជួយពួក​គេក្នុងការបង្កើនប្រាក់ចំណូល “ការស្រាវជ្រាវជាភស្តុតាង ឬការបញ្ជាក់ដែលយើងត្រូវការ មិនថា​យើងទៅនិយាយជាមួយសហគមន៍ ឬជាមួយអ្នកធ្វើសេចក្តីសម្រេចចិត្តឡើយ។ ខ្ញុំនៅតែចងចាំភាពសំខាន់​នៃ​វគ្គ​បណ្តុះបណ្តាលនេះ។”

ភាពជឿជាក់នេះចាប់ផ្តើមនៅពេល​ដែល​លោក បានចូលរួមជាមួយវគ្គបណ្តុះបណ្តាលរបស់រីខូហ្វ តាំងពីទស្សវតទី៩០ និងបន្ទាប់ពីបានចូលរួមក្នុងការងារ​សហគមន៍កន្លងមក។ ពិសេសលោកមានទស្សនវិស័យទៅអនាគត ដោយផ្ទេរចំណេះដឹងដែល​លោកមានទៅដល់អ្នកជំនាន់ក្រោយ។

ខ្ញុំ និងគ្រូបង្គោលដទៃទៀត [អ្នកផ្តួចផ្តើមការងារសហគមន៍តាំងពីទស្សវត៩០] មិនអាចនៅជួយគាំទ្រការងារសហគមន៍បានរហូតទេ គឺត្រូវការ​អ្នកជំនាន់ក្រោយជាច្រើននាក់ដើម្បីបន្តការងារនេះ តាមរយៈការផ្ទេរចំណេះដឹង និងបទពិសោធន៍” នេះបើតាមលោក គឹម សារិន ។

លោក គឺម សារិន ចូលរួមក្នុងវគ្គបណ្តុះបណ្តាលរៀបចំដោយរីខូហ្វតាំងពីទសវត្សទី ៩០
លោកគឹម សារិន នៅខាងឆ្វេងដៃខាងលើ គឺជាសិក្ខាកាមម្នាក់ក្នុងចំណោមសិក្ខាកាមចំនួន ២០នាក់ដែលមកពីរដ្ឋបាលព្រៃឈើ​ និងក្រសួងបរិស្ថាន។ លោកឈរជាមួយនឹងសិក្ខាកាមដែលទទួលបានសញ្ញាបត្រពីវគ្គបណ្តុះបណ្តាលទី១ក្នុងប្រទេសកម្ពុជាអំពីការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមក្នុងឆ្នាំ១៩៩៦

ក្រោមជំនួយពីគម្រោង សម្លេងព្រៃឈើមេគង្គ (V4MF) ដែលឧបត្ថម្ភថវិកាដោយសហភាពអឺរ៉ុប រីខូហ្វបានសហការជាមួយ​នាយកដ្ឋាន​ជីវភាពសហគមន៍ ដែល​មាន​លោក គឺម សារិន ជាគ្រូបង្គោលម្នាក់ បានរៀបចំនូវ​វគ្គបណ្តុះបណ្តាលស្តីពីការសរសេរ​ករណីសិក្សា ពីបទពិសោធន៍ និងការអនុវត្តល្អៗនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ ទៅដល់មន្រ្តីការិយាល័យសហគមន៍នៅតាមមន្ទីរក្នុងខេត្តទាំង១៦ ក៏ដូចជាមន្រ្តីវ័យក្មេងនៃក្រសួងបរិស្ថានផងដែរ។

គួរបញ្ជាក់ដែរថាបច្ចុប្បន្ន ក្រសួងបរិស្ថាននៅឆ្នាំ២០២០នេះ គ្រប់គ្រងសហគមន៍តំបន់ការពារធម្មជាតិចំនួន ១៧៤ នៅទូទាំងប្រទេស ប៉ុន្តែធនធានមនុស្សដែលក្រសួងមានក្នុងការ​ជួយគាំទ្រដល់សហគមន៍គឺនៅមានកម្រិត ពិសេសលើការចងក្រងជាឯកសារ មិនថាសម្រាប់ការប្រើប្រាស់ផ្ទាល់របស់ក្រសួង ក៏ដូចជាសម្រាប់ការចែកចាយដល់​អ្នកពាក់ព័ន្ធ និងប្រជាជនទូទៅផងដែរ។

កញ្ញា កែវ នាទី អនុប្រធាននាយកដ្ឋានតំបន់បេតិកភណ្ឌ នៃក្រសួងបរិស្ថាន បានលើកឡើងថា “នាយកដ្ឋានមានថវិកាសម្រាប់ការបោះពុម្ព ក្នុងផែនការថវិកាប្រចាំឆ្នាំ តែការចងក្រងឯកសារសម្រាប់ការបោះពុម្ពជាបញ្ហាប្រឈមមួយរបស់អង្គភាព ដោយសារយើងមិនមានជំនាញក្នុងការសរសេរតែងនិពន្ធ និងការកំណត់យកប្រភេទឯកសារ ឬប្រធានបទ។

“នៅពេលដឹងថា RECOFTC ជួយគាំទ្រឲ្យមានវគ្គបណ្តុះបណ្តាលនេះ ខ្ញុំចង់ចូលរួម ព្រោះរំពឹងថានឹងទទួលបានចំណេះដឹងជាមូលដ្ឋានសម្រាប់ខ្ញុំយកទៅសរសេរករណីសិក្សា ក៏ដូចជាចែករំលែកទៅអង្គភាព ដើម្បីមន្រ្តីយើងអាចយក​ទៅ​សរសេរតាមជំនាញ ក្នុងគោលដៅផ្សព្វផ្សាយ និងការសិក្សាស្រាវជ្រាវជាសាធារណ:។”

កញ្ញា កែវ ណាទី សិក្ខាកាមក្នុងវគ្គបណ្តុះបណ្តាលស្តីពីការសរសេរករណីសិក្សា
កញ្ញា កែវ នាទី ធ្វើការប្រមូលព័ត៌មា​នពី​គណៈកម្មាការសហគមន៍សម្រាប់ការសរសេរករណីសិក្សា

វគ្គបណ្តុះបណ្តាលដែលរីខូហ្វរៀបចំនេះ មាន​គោលបំណងមិនត្រឹមតែឲ្យសិក្ខាកាម ស្វែងយល់ពីអ្វីជាករណីសិក្សា ដំណើរការ និងរបៀបនៃការសរសេរជាទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែ​ភ្ជាប់ជាមួយនឹង​ការអនុវត្តនៅសហគមន៍ផងដែរ។

រីខូហ្វ ជាទូទៅ​តែងតែ​រៀបចំ​វគ្គបណ្តុះបណ្តាល ដោយភ្ជាប់ជាមួយការអនុវត្តផ្ទាល់ ព្រោះវានឹងជួយឲ្យសិក្ខាកាម​ អាចយកទ្រឹស្តីទៅអនុវត្តបានកាន់តែមានប្រសិទ្ធិភាពនៅពេលបញ្ចប់វគ្គ។ ជាងនេះទៅទៀត សិក្ខាកាម​អាចទទួល​បានឳកាសក្នុងការស្វែងយល់ពី​ការងាររបស់សហគមន៍កាន់តែ​ប្រសើរ។

“ខ្ញុំអាចចងចាំបានច្រើនជាងពេល​ខ្ញុំរៀនតែទ្រឹស្តី។ ឧទាហរណ៍ នៅពេល​ស្តាប់ពីវិធីសាស្រ្តគ្រាប់ដប់ ខ្ញុំយល់ពីដំណើរការរបស់វា ប៉ុន្តែ​នៅពេល​ដែល​អនុវត្តជាក់ស្តែងខ្ញុំកាន់តែ​យល់ច្បាស់ និងចេះបត់បែន​ទៅតាមកាលៈទេសៈទៀតផង។”

ប្រធានបទចំនួន ៤ ពាក់ព័ន្ធនឹងយេនឌ័រ កិច្ចសហការ ការចូលរួម និងជីវភាពសហគមន៍ ត្រូវបានជ្រើសរើស ដើម្បីឲ្យសិក្ខាកាមយកទៅអនុវត្តសាកល្បងក្នុងការ​ប្រមូលព័ត៌មាន និងចងក្រងជាករណីសិក្សានៅសហគមន៍ចំនួន ៤ ក្នុងខេត្តព្រះវិហារ ដែលរួមមាន សហគមន៍តំបន់ការពារធម្មជាតិតាំងយូ សហគមន៍ជាំពេន សហគមន៍ដងផ្លិត និង សហគមន៍ព្រៃក្តារ។

បន្ថែមលើការសរសេរករណីសិក្សាជាមួយនឹងក្រុម កញ្ញា កែវ នាទី ចង់លើកយកមកសរសេរសាកល្បងដោយខ្លួនឯង ដោយបង្ហាញ​ពីតួនាទីស្រ្តីក្នុងការងារបេតិកភ័ណ្ឌ។ រីឯលោក បូ គីមី មានគំនិតក្នុងការ​ផលិតជាវីដេអូខ្លីទាក់ទងនឹងការប្រមូល​អនុផលព្រៃឈើ​ក្នុងសហគមន៍សម្រាប់លើកកម្ពស់ជីវភាព ដោយបញ្ចូលនៅទ្រឹស្តីដែលទទួលបានពីមេរៀនទាក់ទងនឹង​គំនិតគោល និងការបង្កើតសារសំខាន់។