វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុ
ឥណទានសហគមន៍ព្រៃឈើ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់ថវិកា ដល់ការគ្រប់គ្រងសហគមន៍ព្រៃឈើ ។ ឥណទានសហគមន៍ព្រៃឈើ ជាគម្រោងដែលមានលក្ខណៈពិសេសដោយបានបង្កើតឡើងក្នុងគោលបំណង ដើម្បីគាំទ្រ និងពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ តាមរយៈលក្ខខណ្ឌនៃការវិភាជ ឬ បែងចែកថវិកាចំណូលពីការប្រាក់ ដើម្បីបំរើឲ្យស្ថាប័នសហគមន៍ព្រៃឈើ ការគ្រប់គ្រង និងការអភិវឌ្ឍន៍ព្រៃសហគមន៍ ។ដើម្បីគម្រោងឥណទានសហគមន៍ព្រៃឈើដំណើរការទៅបាន គណៈកម្មការក្រុមឥណទានត្រូវបានបង្កើតឡើងតាមសហគមន៍នីមួយៗ ដែលតម្រូវឲ្យមានការពង្រឹងសមត្ថភាពនៃការគ្រប់គ្រងស្ថាប័ន ការទុកដាក់ឯកសារ និងការគ្រប់គ្រងថវិកា (ការកត់ត្រាបញ្ជីចំណូលចំណាយ ការបែងចែកផលប្រយោជន៍) ដើម្បីពួកគេមានសមត្ថភាពគ្រប់គ្រាន់ក្នុងការអនុវត្តការងារក្រុមឥណទានប្រកបដោយប្រសិទ្ធភាព ។
អ្នកចូលរួមវគ្គបណ្តុះបណ្តាលនេះនឹងយល់ដឹងពីការរៀបចំស្ថាប័ន តួនាទី ភារកិច្ចរបស់គណៈកម្មការ និងសមាជិកក្រុម សម្រាប់ការគ្រប់គ្រងឥណទានសហគមន៍ព្រៃឈើ ក៏ដូចជាយល់ដឹងពីការកត់ត្រាចំណូលចំណាយ ការប្រើប្រាស់ទម្រង់ស្នើសុំខ្ចីប្រាក់ កិច្ចសន្យាខ្ចីប្រាក់ និងរបាយការណ៍ហិរញ្ញវត្ថុ។ គណៈកម្មាការដែលចូលរួមនឹងមានឳកាសក្នុងការអនុវត្តផ្ទាល់នូវមេរៀនដែលបានសិក្សាផងដែរ។ ឥណទានសហគមន៍ព្រៃឈើ ត្រូវបានផ្តួចផ្តើមឡើងដោយអង្គការរីខូហ្វនៅឆ្នាំ២០១៥ ហើយបច្ចុប្បន្ននេះមានសហគមន៍ចំនួន២១ ក្នុងខេត្តចំនួន៣គឺកំពង់ធំ ក្រចេះ និងស្ទឹងតែ្រង ដែលកំពុងអនុវត្ត។ តាមរយៈគម្រោង ភាពជាដៃគូព្រៃឈើ និងជលផលដំណាក់កាលទី២ (PaFF II) ឥណទានសហគមន៍ព្រៃឈើនឹងពង្រីកទៅសហគមន៍មួយចំនួនទៀត ក៏ដូចជាបន្ថែមខេត្តគោលដៅមួយទៀត គឺក្នុងខេត្តព្រះវិហារ។