សិក្ខាសាលាចាប់ផ្តើមគម្រោង "ធនធានរួមដំណោះស្រាយរួម"
ធនធានរួម-ដំណោះស្រាយរួម (SRJS) គឺជាកម្មវិធី មានគោលបំណងដើម្បីគៀងគររាល់អ្នកពាក់ព័ន្ធ ផ្សេងៗនៅតាមតំបន់ទន្លេមេគង្គដែលរួមមាន រាជរដ្ឋាភិបាល សហគមន៍ អជ្ញាធរ មន្ត្រីជំនាញ វិស័យឯកជន និងអង្គការមិនមែនរដ្ឋាភិបាល ឲ្យចូលរួមជជែកពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហានានា ដែលប៉ះ ពាល់ដល់និរន្តរភាពនៃការប្រើប្រាស់ និងគ្រប់គ្រងធនធានធម្មជាតិ។ កម្មវិធីនេះបានលើកជាទ្រឹស្តីថា ភាពមិនស៊ីគ្នានៃការអនុវត្តន៍គោលនយោបាយ បណ្តាលអោយមានការធ្លាក់ចុះនូវជីវចម្រុះ ការបន្សុំាទៅនឹង ការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងបរិមាណទឹក នៅតាមតំបន់ព្រៃលិចទឹកទន្លេមេគង្គក៏ដូចជា នៅក្នុងប្រទេសទាំងមូល។
កម្មវិធីនេះ នឹងបំពេញបន្ថែមលើកម្មវិធីដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF)។ ការបំពេញ បន្ថែមនេះ រំពឹងថានឹងជួយដោះស្រាយភាពមិនស៊ីគ្នានៃគោលនយោបាយ តាមរយៈវេទិកាជជែកពិភាក្សា (កម្រិតថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ) ការពង្រឹងសមត្ថភាព និងការចូលរួមពីសំណាក់អ្នកពាក់ព័ន្ធ ក្នុងការបង្កើត និងការអនុវត្តន៍គោលនយោបាយ ការពង្រឹងការអនុវត្តន៍ច្បាប់ ការសិក្សារៀនសូត្រ ការចែក រំលែកនូវបទពិសោធន៍ល្អៗ គំនិតច្នៃប្រឌិតថ្មីៗ និងវេទិកាជជែកពិភាក្សានានា។ល។
សិក្ខាសាលានេះផ្សព្វផ្សាយពីព័ត៌មាននានាស្តីពីកម្មវិធីធនធានរួម-ដំណោះស្រាយរួម ដល់អ្នកពាក់ព័ន្ធ ស្វែងយល់ពីចំណាប់អារម្មណ៍របស់អ្នកចូលរួមទាក់ទងនឹងកម្មវិធីនេះទាំងមូល និងស្វែងរកការគាំទ្រ និងកិច្ចសហការពីអ្នកពាក់ព័ន្ធក្នុងខេត្តគោលដៅ។