ការឆ្លើយតបពី កសក លើសំណើរកំណត់តំបន់សក្តានុពលសម្រាប់ព្រៃសហគមន៍ព្រៃឈើ
គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្តក្រចេះ ត្រូវបានឯកភាព និងផ្តួចផ្តើមបង្កើតឡើងកាលពី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការជួយសម្របសម្រួលពីគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ និងអង្គការ RECOFTC គាំទ្រថវិកាពី ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសស្វិស SDC តាមរយៈគម្រោង ដៃគូ លើវិស័យព្រៃឈើ និងជលផល PaFF។ គណៈកម្មការនេះមានសមាជិកចូលរួមចំនួន ២០រូប ក្នុងនោះស្ត្រីចំនួន ០២រូប មកពី ទីចាត់ការអន្តរវិស័យខេត្ត អភិបាលនៃគណៈអភិបាលស្រុក រដ្ឋបាលព្រៃឈើ អង្គការមិនមែនរដ្ឋាភិបាលជាតិ/អន្តរជាតិ និងប្រ ធានបណ្តាញសហគមន៍ព្រៃឈើខេត្ត ។ គណៈកម្មការនេះដឹកនាំដោយលោកនាយខណ្ឌរដ្ឋព្រៃឈើក្រចេះ និងមានគោល បំណងដើម្បី ពង្រឹងការអនុវត្តន៍កម្មវិធីសហគមន៍ព្រែឈើជាតិឲ្យមានប្រសិទ្ធភាព ការផ្តល់កិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍ សង្គមស៊ីវិល និងបណ្តាភាគីពាក់ព័ន្ធនានា សំដៅរួមចំណែកដល់ការគ្រប់គ្រងព្រៃឈើប្រកបដោយនិរន្តភាព និងកាត់បន្ថយភាពក្រីក្ររបស់សហគមន៍មូលដ្ឋាន។ គណៈកម្មការនេះតែងបានរៀបចំកិច្ចប្រជុំត្រីមាសរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីពិនិត្យ មើលពីភាពរីកចម្រើន បញ្ហាលំបាក សំណូពរ និងការស្វះស្វែងរកកិច្ចអន្តរាគមន៍នានា ដើម្បីឆ្លើយតបនឹងដំណើរការអភិវឌ្ឍន៍ សហគមន៍ព្រៃឈើនៅក្នុងខេត្ត ។
នៅថ្ងៃទី១៩ ធ្នូ ២០១៧ ជាថ្ងៃប្រជុំត្រីមាសរបស់គណៈកម្មការ ដែលបានគាំទ្រ និងសម្របសម្រួលដោយអង្គការរីខូហ្វ ក្រោមគម្រោង SJRS និង PAFF។ អង្គប្រជុំបានរកឃើញថា មាន ស.ព ចំនួន១៧ នៅពុំទាន់ទទួលបានប្រកាសពី កសក នៅឡើយ។ ក្នុងចំណោម ស.ព ទាំងនោះ ស.ព ចំនួន ០៨ ដែលមានលក្ខណៈវិនិច្ឆ័យល្អ ពុំមានបញ្ហាពាក់ព័ន្ធអាចដាក់ស្នើសុំទៅ កសក បាន ចំណែក ស.ព ចំនួន ០៩ ទៀត នៅមានបញ្ហាស្មុគស្មាញច្រើន ដូចនេះត្រូវរង់ចាំការដោះស្រាយចប់សព្វគ្រប់ ទើបអាចដាក់ស្នើសុំនៅពេលក្រោយ ។ ក្រោយកិច្ចប្រជុំនេះ លោក ប្រធានគណៈកម្មការបានចាប់ផ្តើមធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ RECOFTC បណ្តាញ ស.ព ខេត្ត និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសជាមួយនាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ នៃរដ្ឋបាលព្រៃឈើភ្នំពេញ ក្នុងកិច្ចខិតខំប្រឹងប្រែងរកទិន្នន័យ និងឯកសារគាំទ្របន្ថែមទៀតដើម្បីឲ្យប្រាកដថា ស.ព ទាំង ០៨ ពិតជាមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដាក់ស្នើសុំតំបន់សក្កានុពលព្រៃសហគមន៍ទៅ កសក បាន ។
កាលពីថ្ងៃទី១៩ មិថុនា ២០១៨ កន្លងទៅ កសក បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការ កសក ទទួលបន្ទុករដ្ឋបាលព្រៃឈើ និងមានការចូលរួមពីអន្តរនាយកដ្ឋាននៃ កសក ព្រមទាំងតំណាងក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលនៅក្បែរខាងព្រៃសហគមន៍ ហើយបានអញ្ជើញលោកនាយខណ្ឌឲ្យចូលឆ្លើយបំភ្លឺដើម្បីការពារសំណើរបស់ខ្លួន។ អង្គប្រជុំបានចំណាយពេលរហូតដល់ជាង ៣ម៉ោង ដើម្បីធ្វើការជជែកដេញដោលតែលើសំណើពី ខរព ក្រចេះ។ មុនបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ថា សំណើនេះពិតជាមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ដែលអាចនឹងមានឱកាសច្រើនក្នុងការទទួលបានប្រកាសពី កសក ក្នុងពេលឆាប់ៗខាងមុខនេះ។ ការបញ្ជាក់នេះបង្ហាញពីសញ្ញាល្អដល់សហគមន៍ ដែលឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត និងដៃគូពាក់ព័ន្ធនានាដែលបានរួមគ្នាធ្វើឲ្យការងារនេះសម្រេចទៅបាន។