គណៈកម្មាការសហគមន៍ព្រៃឈើបុរីអូរស្វាយគ្រប់គ្រងគម្រោងដោយខ្លួនឯង
សហគមន៍បុរីអូរស្វាយ ស្ថិតក្នុងខេត្តស្ទឹងត្រែង ទទួលបានការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងចុះកិច្ចព្រមព្រៀងក្នុងឆ្នាំ២០១៣ ហើយអនុម័តផែនការគ្រប់គ្រងក្នុងឆ្នាំ២០១៥។ គណៈកម្មាការសហគមន៍បុរីអូរស្វាយ តាមរយៈអង្គការរីខូហ្វ ក្រោមជំនួយឧបត្ថម្ភពីគម្រោងនានា ហើយក្នុងពេលបច្ចុប្បន្នគឺគម្រោង SRJS និង PAFF ដែលទទួលបានជំនួយពី IUCN-Netherland និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ បានទទួលបានការបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាពរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងគ្រប់គ្រងព្រៃសហគមន៍ឲ្យមាននិរន្តរភាព។ ឧទាហរណ៍ លោកស្រី ម៉ែន សុគីន គណៈកម្មាការមួយរូបក្នុងចំណោមគណៈកម្មាការដទៃទៀត តែងទទួលបានឳកាសក្នុងការចូលរួមវេទិកានានានៅថ្នាក់ជាតិ ដើម្បីចែករំលែកពីបទពិសោធន៍របស់សហគមន៍ក្នុងការគ្រប់គ្រងសហគមន៍ តួយ៉ាងក្នុងឆ្នាំ២០១៨នេះ គាត់បានចូលរួមក្នុងវេទិកាកសិករឆ្នើម ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងភ្នំពេញ។
ជាងនេះទៅទៀត បច្ចុប្បន្នគណៈកម្មាការសហគមន៍បុរីអូរស្វាយ ទទួលបានគម្រោង "ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព តាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍" ដែលទទួលបានថវិកាពី Global Alliance for Green and Gender Action (GAGGA)។ គម្រោងនេះមានគោលបំណងក្នុងការគៀងគរសមាជិកសហគមន៍ ពិសេសស្រ្តីឲ្យចូលរួមអនុវត្តសកម្មភាពក្នុងផែនការគ្រប់គ្រងដែលបានអនុម័តរួចហើយ និងពង្រីកក្រុមក្រេឌីតសហគមន៍ ដើម្បីទទួលបានចំណូលបន្ថែមពីការប្រាក់ ដូចនេះសហគមន៍អាចយកទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ សហគមន៍។ គម្រោងនេះបានអនុវត្តដោយសហគមន៍ ដោយសហការជាមួយប្រធានភូមិ មេឃុំ និងរដ្ឋបាលព្រៃឈើមូលដ្ឋាន ហើយក្នុងនោះគណៈកម្មាការសហគមន៍ជាអ្នកទទួលខុសត្រូវក្នុងការធ្វើរបាយការណ៍វឌ្ឍនភាពគម្រោង និងរបាយការណ៍ហិរញ្ញវត្ថុ ដោយមានការសម្របសម្រួលពីអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្តរបស់អង្គការរីខូហ្វ។
តាមរយៈនេះ ខ្ញុំក្នុងនាមអង្គការរីខូហ្វមានក្តីសោមន្សសរីករាយដែលបានឃើញពីការអភិវឌ្ឍន៍សមត្ថភាពរបស់គណៈកម្មាការសហគមន៍ដែលរីខូហ្វបានជួយសម្របសម្រួលបណ្តុះបណ្តាលកន្លងមក។