RECOFTC Cambodia
Stories

គណៈកម្មាការសហគមន៍ព្រៃឈើ​បុរី​​អូរស្វាយ​គ្រប់​គ្រង​គម្រោង​ដោយ​ខ្លួន​ឯង

25 July 2018
ប៉ាល់ ប៊ុណ្ណារ៉ាក់
ការកសាងសមត្ថភាពរបស់រីខូហ្វតាមរយៈគម្រោង SRJS និង PAFF បានធ្វើឲ្យគណៈកម្មាការ​សហគមន៍បុរីអូរស្វាយមានសមត្ថភាពគ្រប់គ្រាន់ក្នុង​ការ​គ្រប់គ្រងគម្រោងដោយខ្លួនឯង
Practitioner's Insights
ការចូលរួមរបស់គណៈកម្មាការសហគមន៍ក្នុងការវាយតម្លៃសហគមន៍

សហគមន៍បុរីអូរស្វាយ ស្ថិតក្នុងខេត្តស្ទឹងត្រែង ទទួលបានការអនុម័តពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង​ចុះ​កិច្ច​ព្រមព្រៀងក្នុងឆ្នាំ២០១៣ ហើយអនុម័តផែនការគ្រប់គ្រងក្នុងឆ្នាំ២០១៥។ គណៈកម្មាការសហគមន៍បុរីអូរស្វាយ តាមរយៈអង្គការរីខូហ្វ ក្រោមជំនួយឧបត្ថម្ភពីគម្រោងនានា ហើយក្នុងពេលបច្ចុប្បន្នគឺគម្រោង SRJS និង PAFF ដែលទទួលបានជំនួយពី IUCN-Netherland  និងទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ បានទទួល​បានការបណ្តុះបណ្តាលដើម្បីលើកកម្ពស់សមត្ថភាពរបស់ពួកគាត់ ដើម្បីឲ្យពួកគាត់មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំ និងគ្រប់គ្រងព្រៃសហគមន៍ឲ្យមាន​និរន្តរភាព។ ឧទាហរណ៍ លោកស្រី ម៉ែន សុគីន គណៈកម្មាការមួយរូបក្នុងចំណោមគណៈ​កម្មាការដទៃទៀត តែងទទួលបានឳកាសក្នុងការចូលរួមវេទិកានានានៅថ្នាក់ជាតិ ដើម្បីចែករំលែកពីបទពិសោធន៍របស់​សហគមន៍ក្នុងការគ្រប់គ្រងសហគមន៍ តួយ៉ាងក្នុងឆ្នាំ២០១៨នេះ គាត់បានចូលរួមក្នុងវេទិកាកសិករឆ្នើម ដែលរៀបចំ​ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីក្រុងភ្នំពេញ។ 

កិច្ចប្រជុំរបស់សហគមន៍បុរីអូស្វាយ

ជាងនេះទៅទៀត បច្ចុប្បន្នគណៈកម្មាការសហគមន៍បុរីអូរស្វាយ ទទួលបាន​គម្រោង "ការគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព តាមរយៈការអនុវត្តផែនការគ្រប់គ្រងព្រៃសហគមន៍" ដែលទទួលបានថវិកាពី Global Alliance for Green and Gender Action (GAGGA)។ គម្រោងនេះមានគោលបំណងក្នុងការគៀងគរ​សមាជិក​សហគមន៍ ពិសេស​ស្រ្តីឲ្យ​ចូលរួម​អនុវត្ត​សកម្មភាព​ក្នុងផែនការគ្រប់គ្រងដែលបានអនុម័តរួចហើយ និងពង្រីកក្រុម​ក្រេ​ឌីតសហគមន៍ ដើម្បីទទួល​បាន​ចំណូល​បន្ថែម​ពីការប្រាក់ ដូចនេះសហគមន៍​អាចយក​ទៅប្រើប្រាស់ក្នុងការអភិវឌ្ឍន៍ សហគមន៍។ គម្រោងនេះ​បានអនុវត្ត​ដោយ​សហគមន៍ ដោយសហការ​ជាមួយប្រធានភូមិ មេឃុំ និងរដ្ឋបាលព្រៃឈើមូលដ្ឋាន ហើយក្នុងនោះគណៈកម្មាការសហគមន៍​ជា​អ្នកទទួលខុសត្រូវក្នុងការធ្វើរបាយការណ៍វឌ្ឍនភាពគម្រោង និងរបាយការណ៍ហិរញ្ញវត្ថុ ដោយមានការសម្របសម្រួល​ពីអ្នកសម្របសម្រួលគម្រោងថ្នាក់ខេត្តរបស់អង្គ​ការ​រីខូហ្វ។ ​  

តាមរយៈនេះ ខ្ញុំក្នុងនាមអង្គការរីខូហ្វមានក្តីសោមន្សស​រីករាយ​ដែលបានឃើញពីការអភិវឌ្ឍន៍សមត្ថភាពរបស់​គណៈកម្មាការ​​សហគមន៍ដែលរីខូហ្វបានជួយសម្របសម្រួលបណ្តុះបណ្តាលកន្លងមក។