RECOFTC កម្ពុជា
SRJS

ការឆ្លើយតបពី កសក លើ​សំណើរ​កំណត់​តំបន់​សក្តា​នុពល​សម្រាប់​ព្រៃ​សហគមន៍​ព្រៃឈើ

តាមរយៈកិច្ចសម្របសម្រួលរបស់គណៈកម្មាការ​សម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត រួមនឹងអង្គការរីខូហ្វ ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ (កសក) បានផ្តល់សញ្ញាជាវិជ្ជមានក្នុងការអនុម័តលើសំណើរកំណត់តំបន់សក្តានុពលសម្រាប់សហគមន៍ព្រៃឈើទាំង៨ ក្នុង​ខេត្តក្រចេះ
កិច្ចប្រជុំបណ្តាញសហគមន៍ព្រៃឈើ

គណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្តក្រចេះ ត្រូវបានឯកភាព និងផ្តួចផ្តើមបង្កើតឡើងកាលពី ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ ក្រោមការជួយសម្របសម្រួលពីគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើថ្នាក់ជាតិ និងអង្គការ RECOFTC គាំទ្រថវិកាពី ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសស្វិស SDC តាមរយៈគម្រោង ដៃគូ លើវិស័យព្រៃឈើ និងជលផល PaFF។ គណៈកម្មការនេះមានសមាជិកចូលរួមចំនួន ២០រូប ក្នុងនោះស្ត្រីចំនួន ០២រូប មកពី ទីចាត់ការអន្តរវិស័យខេត្ត អភិបាលនៃគណៈអភិបាលស្រុក រដ្ឋបាលព្រៃឈើ អង្គការមិនមែនរដ្ឋាភិបាលជាតិ/អន្តរជាតិ និងប្រ ធានបណ្តាញសហគមន៍ព្រៃឈើខេត្ត ។ គណៈកម្មការនេះដឹកនាំដោយលោកនាយខណ្ឌរដ្ឋព្រៃឈើក្រចេះ និងមានគោល     បំណងដើម្បី ពង្រឹង​ការអនុវត្តន៍កម្មវិធីសហគមន៍ព្រែឈើជាតិឲ្យមានប្រសិទ្ធភាព ការផ្តល់កិច្ចសហការល្អ​ជាមួយ​ដៃគូ​អភិវឌ្ឍ សង្គមស៊ីវិល និងបណ្តាភាគីពាក់ព័ន្ធនានា សំដៅរួមចំណែកដល់ការគ្រប់គ្រងព្រៃឈើ​ប្រកប​ដោយ​និរន្តភាព និងកាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​សហគមន៍មូលដ្ឋាន។ គណៈកម្មការ​នេះ​តែង​បាន​រៀបចំ​កិច្ចប្រជុំ​ត្រីមាស​របស់​ខ្លួន​ជា​បន្តបន្ទាប់ដើម្បីពិនិត្យ មើលពីភាពរីកចម្រើន បញ្ហាលំបាក សំណូពរ និងការស្វះស្វែងរកកិច្ចអន្តរាគមន៍នានា ដើម្បីឆ្លើយតបនឹងដំណើរការអភិវឌ្ឍន៍ សហគមន៍ព្រៃឈើនៅក្នុងខេត្ត ។

កិច្ចប្រជុំរបស់គណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្ត
កិច្ចប្រជុំត្រីមាសរបស់គណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើខេត្តក្រចេះ ឧបត្ថម្ភដោយគម្រោង SRJS និង PAFF

នៅថ្ងៃទី១៩ ធ្នូ ២០១៧ ជាថ្ងៃប្រជុំត្រីមាសរបស់គណៈកម្មការ ដែលបានគាំទ្រ និងសម្របសម្រួលដោយអង្គការ​រីខូហ្វ ក្រោមគម្រោង SJRS និង PAFF។ អង្គប្រជុំបា​នរកឃើញថា មាន ស.ព ចំនួន១៧ នៅពុំទាន់​ទទួល​បាន​ប្រកាសពី កសក នៅឡើយ។ ក្នុងចំណោម ស.ព ទាំងនោះ ស.ព ចំនួន ០៨ ដែលមានលក្ខណៈវិនិច្ឆ័យល្អ ពុំ​មាន​បញ្ហា​ពាក់ព័ន្ធអាចដាក់ស្នើសុំទៅ កសក បាន ចំណែក​ ស.ព ចំនួន ០៩ ទៀត នៅ​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ ដូចនេះត្រូវ​រង់​ចាំ​ការ​ដោះស្រាយចប់សព្វគ្រប់ ទើបអាចដាក់ស្នើសុំនៅពេលក្រោយ ។ ក្រោយកិច្ចប្រជុំនេះ លោក ប្រធាន​គណៈកម្មការ​បាន​ចាប់​ផ្តើមធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយអង្គការ RECOFTC បណ្តាញ ស.ព ខេត្ត និង​ដៃគូ​អភិវឌ្ឍន៍​នានា ជាពិសេសជាមួយនាយកដ្ឋានព្រៃឈើ និងសហគមន៍ព្រៃឈើ នៃរដ្ឋបាលព្រៃឈើភ្នំពេញ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​រក​ទិន្នន័យ និងឯកសារគាំទ្របន្ថែមទៀតដើម្បីឲ្យប្រាកដថា ស.ព ទាំង ០៨ ពិតជា​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់​ក្នុង​ការ​ដាក់​ស្នើសុំតំបន់សក្កានុពលព្រៃសហគមន៍ទៅ កសក បាន ។  

កាលពីថ្ងៃទី១៩ មិថុនា ២០១៨ កន្លងទៅ កសក បានរៀបចំកិច្ចប្រជុំមួយ ក្រោមអធិបតីភាព ឯកឧត្តម ម៉ាន សុគ្រី អនុរដ្ឋលេខាធិការ កសក ទទួលបន្ទុករដ្ឋបាលព្រៃឈើ និងមានការចូលរួមពីអន្តរនាយកដ្ឋាននៃ កសក ព្រម​ទាំង​តំណាង​ក្រុមហ៊ុន​សម្បទានដីសេដ្ឋកិច្ចដែលនៅក្បែរខាង​ព្រៃសហគមន៍ ហើយ​បាន​អញ្ជើញ​លោកនាយខណ្ឌ​ឲ្យ​ចូល​ឆ្លើយ​បំភ្លឺ​ដើម្បី​ការពារ​សំណើរបស់ខ្លួន។  អង្គប្រជុំបានចំណាយពេលរហូតដល់ជាង ៣ម៉ោង ដើម្បីធ្វើ​ការ​ជជែក​ដេញដោល​តែ​លើ​សំណើ​ពី ខរព ក្រចេះ។ មុនបញ្ចប់កិច្ចប្រជុំនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានបញ្ជាក់ថា សំណើនេះពិតជាមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់ ដែលអាចនឹងមានឱកាសច្រើនក្នុងការទទួលបានប្រកាសពី កសក ក្នុងពេលឆាប់ៗខាងមុខនេះ។ ការ​បញ្ជាក់នេះបង្ហាញពីសញ្ញាល្អដល់សហគមន៍ ដែលឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាការសម្របសម្រួល​សហគមន៍ព្រៃឈើថ្នាក់ខេត្ត និងដៃគូពាក់ព័ន្ធនានាដែលបានរួមគ្នាធ្វើឲ្យ​ការងារនេះសម្រេចទៅបាន។