RECOFTC កម្ពុជា
PaFF

គណៈកម្មាការសហគមន៍ព្រៃក្បាលបី ទទួល​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​សិក្សា​

ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ សហគមន៍ព្រៃឈើព្រៃក្បាលបីចែករំលែកបទពិសោធន៍ពីការអនុវត្ត​ឥណទាន​សហគមន៍​ព្រៃឈើ ទៅដល់សហគមន៍ព្រៃឈើ​អូរ​បាក់​ត្រាពីខេត្តពោធិ៍សាត់
គណៈកម្មាការសហគមន៍ព្រៃក្បាលបីស្វាគមន៍អ្នកចូលរួមដំណើរទស្សនកិច្ច

សហគមន៍ព្រៃឈើព្រៃក្បាលបី ដោយមានការសម្របសម្រួលពីមជ្ឈមណ្ឌលមនុស្ស និងព្រៃឈើ (រីខូហ្វ) បានរៀបចំស្វាគមន៍ដំណើរ ទស្សនកិច្ចសិក្សារបស់សហគមន៍ព្រៃឈើអូរបាក់ត្រា, មេឃុំប្រងិល​ អង្គការពន្លឺកុមារ និងមន្រ្តីរដ្ឋបាលព្រៃឈើ ពីខេត្តពោធិ៍សាត់ ចំនួន៨នាក់ ក្រោមជំនួយឧបត្ថម្ភពីអង្គការការីតាស (ស្វីស)។ ទស្សនកិច្ចសិក្សានេះ មាន​គោលបំណង​ឲ្យសហគមន៍​ព្រៃឈើ​អូរបាក់ត្រា បានមកស្តាប់ និងស្វែងយល់ពីដំណើរការគ្រប់គ្រងសហគមន៍ព្រៃឈើក្បាលបី ពិសេសការគ្រប់គ្រង​ឥណទាន​សហគមន៍​ព្រៃឈើ ដែល​កំពុងដំណើរការ និងបានរួមចំណែកដល់ការអនុវត្តផែនការគ្រប់គ្រងផងដែរ។

កម្មវិធីនេះប្រព្រឹត្តិទៅរយៈពេល១ថ្ងៃ ដោយមានបទបង្ហាញពីតំណាងរីខូហ្វ ដែលជាអ្នកផ្តួចផ្តើមក្នុងការអនុវត្តការសាកល្បងគម្រោង​ឥណទាន​សហគមន៍ព្រៃឈើតាំងពីចុងឆ្នាំ២០១៤ និង​បទបង្ហាញពី​គណៈកម្មាការ​សហគមន៍​ពីជំហាននៃការ​បង្កើត​ឥណទាន​សហគមន៍​ព្រៃឈើ លក្ខណ្តិកៈនៃឥណទានសហគមន៍ព្រៃឈើ ការគ្រប់គ្រងឥណទានសហគមន៍ព្រៃឈើ និងបទពិសោធន៍​ដែល​ទទួល​បាន​ពីការអនុវត្តនេះ។ បន្ទាប់មកទៀត អ្នកចូលរួមក៏បានទៅដល់ព្រៃសហគមន៍ដើម្បីបង្ហាញពីការគ្រប់គ្រង និង​តំបន់​ស្តារព្រៃឈើ​របស់សហគមន៍ផងដែរ។ 

លោក អ៊ុល កេប បង្ហាញពីដំណើរកាឥណទានសហគមន៍ព្រៃឈើ
លោក អ៊ុល កេប បង្ហាញពីដំណើរការនៃការបង្កើតឥណទានសហគមន៍ព្រៃឈើ 

តាមរយៈនេះលោក ឃួន ម៉ុន ប្រធានគណៈកម្មាការសហគមន៍ បានមានប្រសាសន៍ថា “ខ្ញុំមាន​សេចក្តីរីករាយ​ណាស់​ដែល​បាន​រៀបចំ​កម្មវិធី​បែបនេះ និងបានចែករំលែកបទពិសោធន៍ដល់សហគមន៍ដទៃទៀត” រីឯលោក អ៊ុល​ កេប​ ប្រធានគណៈកម្មាការ​ឥណទាន​សហគមន៍​ក៏មានទឹកចិត្តមិនខុសគ្នាដែរ នឹងបានលើកទឹកចិត្ត​ដល់សហគមន៍​ដែលមក​ទស្សនកិច្ច​គួរតែអនុវត្តឥណទាន​សហគមន៍​ព្រៃឈើ ដើម្បីបង្កើតប្រភពចំណូលមួយសម្រាប់ការគ្រប់គ្រងសហគមន៍។ ក្នុងនោះលោក Till Schmidlin ទីប្រឹក្សានៃអង្គការការីតាស (ស្វីស) ក៏បានសំដែងនូវសេចក្តីត្រេកអរដែលបានចូលរួមស្វែងយល់​ពីការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើព្រៃក្បាលបី ដោយ​សូម​ថ្លែង​អំណរគុណដល់សហគមន៍ដែលបាន​ចំណាយពេលវេលា និង​សង្ឃឹមថា នាពេលអនាគតដ៏ខ្លីនេះ ពួកគាត់នឹង​អញ្ជើញ​តំណាង​សហគមន៍​ព្រៃក្បាលបី ទៅទស្សនកិច្ច​នៅ​សហគមន៍អូរបាក់ត្រាវិញម្តង។  

សូមបញ្ជាក់ថានេះមិនមែនជាលើកទី១ឡើយ ដែលសហគមន៍ព្រៃឈើព្រៃក្បាលបី បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចសិក្សា តាមរយៈ​ការសម្របសម្រួល​ពីរីខូហ្វ កាលពីខែតុលា ឆ្នាំ២០១៧ សហគមន៍​ក៏បានរៀបចំ​កម្មវិធីបែបនេះ​ដែរសម្រាប់​ភ្ញៀវមក​ពី​សាធារណៈរដ្ឋ​ប្រជាមានិតកូរ៉េ និងកាលពីដើមខែធ្នូ ឆ្នាំ២០១៨ តំណាងពីភ្នាក់ងារអភិវឌ្ឍន៍ និងសហប្រតិបត្តិការស្វីស (SDC) ក៏បាន​អញ្ជីញទៅស្វែងយល់ពីការគ្រប់គ្រង​របស់​សហគមន៍ផងដែរ។ សហគមន៍ព្រៃក្បាលបី គឺបានបង្កើតឡើងតាំងពីឆ្នាំ២០០៨ ដោយ​មាន​សមាជិក​ចំនួន៦១គ្រួសារ ដោយគ្រប់គ្រងផ្ទៃដីព្រៃសហគមន៍ចំនួន ៧៦០.៨៦ហ.ត តាមរយៈ​កិច្ចខិតខំ​ប្រែង​របស់គណៈកម្មាការ​សហគមន៍ព្រៃឈើ ក៏ដូចជា​គណៈកម្មាការឥណទានសហគមន៍ព្រៃឈើ និងអ្នកពាក់ព័ន្ធនានារួមមានរដ្ឋបាលព្រៃឈើ អង្គការដៃគូ ម្ចាស់ជំនួយ សហគមន៍​បច្ចុប្បន្នមាន​ថ​វិកា​សម្រាប់អនុវត្តការគ្រប់គ្រងសហគមន៍ចំនួន ១៥០.០០០រៀល ក្នុង១ខែ។