ប្រជាជនកម្ពុជារាប់ម៉ឺននាក់ដែលទទួលបានប្រយោជន៍ពីការពង្រឹងសិទ្ធិក្នុងការគ្រប់គ្រងព្រៃឈើ និងជលផលនឹងរួមចំណែកដល់ការស្តារឡើងវិញនូវធនធានជីវៈចម្រុះធម្មជាតិ
ប្រជាជនកម្ពុជានៅជនបទរាប់ម៉ឺននាក់ កំពុងពង្រឹងការអនុវត្តសិទ្ធិរបស់ពួកគេក្នុងការគ្រប់គ្រង ការពារ និងទទួលបានប្រយោជន៍ពីធនធានព្រៃឈើ និងជលផលនៅមូលដ្ឋានរបស់ពួកគេ ដើម្បីទ្រទ្រង់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងវិបត្តិ សេដ្ឋកិច្ច និងបរិស្ថាន។
លទ្ធផលខាងលើ សម្រេចទៅបាន ក៏ដោយមានការរួមចំណែកពីកម្មវិធីភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា ហៅកាត់ថា (PaFF) ដែលមានរយៈពេល៨ឆ្នាំ ចែកចេញជាបីដំណាក់កាល។ ដំណាក់កាលទីបី នៃកម្មវិធី មានទឹកប្រាក់ចំនួន ៦,២ លានដុល្លារអាមេរិក នឹងធ្វើសិក្ខាសាលាផ្សព្វផ្សាយចាប់ផ្តើមអនុវត្តន៍គម្រោងយមានការរច នៅរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។
PaFF ដំណាក់កាលទីបី បានទទួលមូលនិធិពីទីភ្នាក់ងារ សម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិស៊ុយអែត (Sida)។ Sida ទើបចូលរួមផ្តល់មូលនិធិនៅដំណាក់កាលទីបីនេះ ក្នុងគោលបំណងពង្រឹងដំណើរការប្រជាធិបេតយ្យ លើកកម្ពស់នីតិរដ្ឋ និងការពារសិទ្ធិរបស់ស្រ្តី ក្រុមជនជាតិដើមភាគតិច និងសមាជិកសហគមន៍ដែលមានប្រាក់ចំណូលទាប តាមរយៈការចូលរួមរបស់ពួកគេនៅក្នុងការគ្រប់គ្រងធនធានធម្មជាតិនៅតាមសហគមន៍។
កម្មវិធីPaFF ដំណាក់កាលទី៣ នឹងបន្តអនុវត្តន៍នៅខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ និងខេត្តព្រះវិហារ ដែលសម្របសម្រួលអនុវត្តដោយអង្គការចំនួន៤ គឺអង្គការ រីខូហ្វ (RECOFTC), អង្គការកម្មវិធីផ្លាស់ប្តូរបទពិសោធន៍អនុផលព្រៃឈើនៅអាស៊ី (NTFP-EP), មូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF) និងសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA)។
PaFF ផ្តោតលើការកសាងសមត្ថភាពដល់សហគមន៍ អាជ្ញាធរមូលដ្ឋាន និងមន្រ្តីរដ្ឋាភិបាល ដើម្បីចូលរួមគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាពតាមរយៈយន្តការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍ ដែលមាន សហគមន៍ព្រៃឈើ សហគមន៍នេសាទ និងសហគមន៍តំបន់ការពារធម្មជាតិ។
លោក សៀ រ៉ា អនុប្រធាន រដ្ឋបាលព្រៃឈើកម្ពុជា មានប្រសាសន៍ថា “គំនិតផ្តួចផ្តើមនេះ បានលើកកម្ពស់ជីវភាពរស់នៅ និងពង្រឹងសមត្ថភាពសហគមន៍ក្នុងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព”។ “យើងសូមសំដែងភាពត្រេកអរចំពោះសមិទ្ធផលរបស់កម្មវិធី PaFF នៅដំណាក់កាលទាំងពីរកន្លងមក និងរំពឹងថា PaFF ដំណាក់កាលទី៣ នឹងទទួលបានសមិទ្ធផលកាន់តែច្រើនបន្ថែមទៀត”។
លោក Markus Buerli នាយកនៃទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រទេសស្វីស (SDC) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “សមាជិកសហគមន៍នៅ ជនបទក្នុងប្រទេសកម្ពុជា មានសិទ្ធិផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលផ្សាភ្ជាប់ទៅនឹងនឹងធនធានធម្មជាតិ ដែលពួកគេពឹងអាស្រ័យ សម្រាប់ជីវភាពរស់នៅ”។ “នេះគឺជាមូលហេតុដែល PaFF អនុវត្តអភិក្រមដែលផ្តោតលើលើសិទ្ធិស្របច្បាប់។ អភិក្រមនេះកំពុងតែជួយសហគមន៍ឲ្យមានសិទ្ធិទទួលបាន និងប្រើប្រាស់ធនធានព្រៃឈើ និងជលផលនៅមូលដ្ឋានរបស់ពួកគេ ស្របពេលជាមួយនឹងការលើកកម្ពស់ការយល់ដឹង ដល់ សហគមន៍ និងអាជ្ញាធរ លើការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងធនធានធម្មជាតិប្រកបដោយនិរន្តរភាព”។
PaFF គាំទ្រសហគមន៍ ក្នុងការពង្រឹងសិទ្ធិស្របច្បាប់លើការគ្រប់គ្រងធនធានព្រៃឈើ និងជលផល ការចូលរួមនិង គាំទ្រពីអាជ្ញាធរមូលដ្ឋាន ការអនុវត្តផែនការគ្រប់គ្រង ការបង្កើនផលិតកម្ម និងការទទួលបាននូវហិរញ្ញប្បទាន ។
ដំណាក់កាលដំបូងទាំងពីររបស់ PaFF ចាប់ផ្តើមពីខែវិច្ឆិកា ឆ្នាំ២០១៤ រហូតដល់ខែមិថុនា ឆ្នាំ២០២១ និងបានជួយដល់ប្រជាជនប្រមាណ ៤៤.៦០០ នាក់ ដែលពឹងផ្អែកលើព្រៃឈើ និងជលផលនៅក្នុងសហគមន៍ដើម្បីទ្រទង់ជីវភាពរស់នៅរបស់ពួកគេ។ ក្នុងដំណាក់កាលទាំងពីរនេះ PaFF បានជួយដល់សហគមន៍ចំនួន៦០ ឲ្យទទួលបានសិទ្ធិលើការគ្រប់គ្រងព្រៃឈើ និងជលផលក្នុងមូលដ្ឋានរបស់ពួកដោយផ្លូវការ និងបានគាំទ្រដល់សហគមន៍ ចំនួន១៣៤ ក្នុងការអភិវឌ្ឍ និងអនុវត្តផែនការគ្រប់គ្រងធនធានទាំងនេះ។
កម្មវិធីក៏បានបង្កើតនូវ បរធនខ្នាតតូចចំនួន ១៤ និងគម្រោងឥណទានចំនួន ៤៦ ដើម្បីផ្តល់ជាហិរញ្ញប្បទានដល់ការគ្រប់គ្រងព្រៃឈើ និងជលផលក្នុងសហគមន៍ ក៏ដូចជាអាចឲ្យសមាជិកសហគមន៍ព្រៃឈើ និងសហគមន៍នេសាទបានខ្ចីប្រាក់ ដើម្បីទៅពង្រឹងជីវភាពរស់នៅរបស់ពួកគេផងដែរ។ កម្មវិធីក៏បានជួយបង្កើតសហគ្រាស ផលិតផលិតផលព្រៃឈើ ត្រី និងសេវាអេកូទេសចរណ៍នៅតាមសហគមន៍ចំនួន៣៥ ផងដែរ។
ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍គឺជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពដើម្បីរួមដោះស្រាយការបាត់បង់ធនធានជីវៈចម្រុះ ធម្មជាតិ និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជាក៏មិនខុសគ្នាដែរ។ ការទទួលស្គាល់សិទ្ធរបស់សហគមន៍ និងការប្រើប្រាស់ធនធានធម្មជាតិនៅមូលដ្ឋានមានការកើនឡើង។ ក្នុងន័យនេះ PaFF មិនត្រឹមតែជួយដល់ការបង្កើនជីវភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកដល់ការស្តារឡើងវិញនូវធនធានជីវៈចម្រុះធម្មជាតិ និងប្រភេទសត្វជិតផុតពូជក្នុងប្រទេសកម្ពុជាផងដែរ។
ភាពជោគជ័យលើកាអភិរក្សមួយចំនួនដែលបានពីការអនុវត្តកម្មវិធីមានដូចជា កំណត់ត្រាជាលើកដំបូងនៃការកើនឡើងចំនួនផ្សោត ១៥% ក្នុងឆ្នាំ២០១៧ បន្ទាប់ពីមានការធ្លាក់ចុះអស់ ២ទសវត្សរ៍។ ក្នុងតំបន់ទេសភាពមេគង្គ សត្វស្លាបដ៏កម្របំផុតនៅលើផែនដី គឺសត្វរំពេរទន្លេ កើនចំនួនទ្វេរដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយ និងមានកំណត់ត្រាបន្តបន្ទាប់នៃការកើនឡើងនូវចំនួនប្រភេទសត្វកំពុងរងគ្រោះថ្នាក់សំខាន់ៗ ដូចជា ត្រយ៉ងចង្កំកស និងសត្វត្មាតទាំងបីប្រភេទ។
លោក សេង ទៀក នាយក អង្គការ WWF ដែលបានដឹកនាំកម្មវិធីPaFF ២ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ បានមានប្រសាសន៍ថា “ការរួមសហការគ្នារបស់អង្គការដៃគូនៃកម្មវិធីPaFF បង្ហាញឲ្យឃើញថា កិច្ចសហប្រតិបត្តិការ ធ្វើឲ្យការងារដំណើរការទៅបានល្អប្រសើរ និងទទួលបាននូវភាពជោគជ័យកាន់តែច្រើនសម្រាប់មនុស្ស និងធម្មជាតិ”។ លោកបានបន្ថែមទៀតថា “ការពង្រឹងសមត្ថភាព និងផ្តល់ធនធាននានាដែលសហគមន៍ត្រូវការ ដើម្បីឲ្យពួកគេអាចធ្វើការសម្រេចចិត្ត គ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិរបស់ខ្លួន គឺជាតម្រូវការចាំបាច់សម្រាប់ការអនុវត្ត បន្តទៅមុខទៀត។ ដើម្បីទទួលបានលទ្ធផលនេះ យើងត្រូវលើកកំពស់ភាពជាម្ចាស់ និងការគាំទ្រដល់ការអភិវឌ្ឍជីវភាពរស់នៅរយៈពេលវែង និងការអភិរក្សធនធានជីវៈចម្រុះ”។
ដំណាក់កាលចុងក្រោយរបស់កម្មវិធី PaFF នឹងពង្រឹងបន្ថែមទៅលើភាពជោគជ័យទាំងនេះ។ កម្មវិធីនឹងបន្តធ្វើតេស្តសាកល្បងនវានុវត្តន៍នានា ហើយស្របពេលជាមួយគ្នានោះ ក៏នឹងប្រើប្រាស់គម្រូអនុវត្ត និងពង្រីកឧត្តមានុវត្តន៍ទៅសហគមន៍ដទៃទៀតផងដែរ។ មុនពេលបញ្ចប់ដំណាក់កាលនេះ នៅខែមិថុនា ឆ្នាំ២០២៣ កម្មវិធីដៃគូនេះមានបំណងគាំទ្រដល់ការអនុវត្តផែនការគ្រប់គ្រង សម្រាប់ព្រៃសហគមន៍ចំនួន ១១៣ កន្លែង ជលផលសហគមន៍ចំនួន ២៤ កន្លែង និងតំបន់ការពារនៅតាមសហគមន៍ចំនួន ៥ កន្លែង ដែលមានផ្ទៃដី សរុប ១៥៩.៧៦៧ ហិកតា និងផ្តល់ប្រយោជន៍ដល់ប្រជាជនចំនួន ៦០.៩២៦ នាក់ នៅក្នុង ២៤.៦៤៧ គ្រួសារ ចំពោះសិទ្ធិប្រើប្រាស់ប្រកបដោយចីរភាពរបស់ពួកគេ។
PaFF ក៏នឹងបន្តបង្កើតយន្តការហិរញ្ញប្បទានប្រកបដោយនិរន្តរភាព ដើម្បីឲ្យសហគមន៍អាចអនុវត្តផែនការគ្រប់គ្រងរបស់ពួកគេបាន។ ក្នុងដំណាក់កាលទី ៣ នេះ កម្មវិធីនឹងបង្កើតគម្រោងឥណទានសហគមន៍ព្រៃឈើចំនួន ១៤០ ដែលមានទុនសរុបចំនួន ៣៩២.០០០ ដុល្លារអាមេរិក និងមានសមាជិកចំនួន ១៧.០០០ គ្រួសារមានសិទ្ធិខ្ចីប្រាក់ ដែលរំពឹងថានឹងអាចវិភាជថវិការសម្រាប់គ្រងគ្រងសហគមន៍ចំនួន ២.៩៤០ ដុល្លារអាមេរិក ក្នុងមួយខែ ។ កម្មវិធី ក៏នឹងបង្កើតបរធនខ្នាតតូចចំនួន ៧៦ ដែលមានទឹកប្រាក់សរុបចំនួន ៣៨០.០០០ ដុល្លារអាមេរិក។ កម្មវិធីនឹងបន្តគាំទ្រសហគ្រាសនៅតាមសហគមន៍ តាមរយៈកាផ្តល់ឱកាសវិនិយោគ ការធ្វើផែនការអាជីវកម្មដែលមានភាពល្អប្រសើរជាងមុន និងការភ្ជាប់ទំនាក់ទំនងរវាងផលិតករ និងទីផ្សារ។ សកម្មភាពទាំងនេះ ព្រមទាំងសកម្មភាពបង្កើតប្រាក់ចំណូលដទៃទៀត ដូចជា កសិរុក្ខកម្ម ឬចំការឈើដាំ គឺជាវិភាគទានដ៏សំខាន់ដែលបង្កលក្ខណៈឲ្យសហគមន៍អាចការពារ និងអនុវត្តផែនការគ្រប់គ្រងធនធានធម្មជាតិរបស់ពួកគេប្រកបដោយចីរភាព។
PaFF ក៏នឹងបន្តគាំទ្រដល់តំណាងរបស់សហគមន៍ ឲ្យចូលរួមយ៉ាងសកម្មក្នុងក្រុមការងារដើម្បីកំណែទម្រង់វិស័យព្រៃឈើ និងជលផលផងដែរ។ សកម្មភាពនេះធ្វើឲ្យសហគមន៍អាចចូលរួមជាមួយអាជ្ញាធរ និងស្វែងរកការគាំទ្រដើម្បីទទួលបានសិទ្ធិ និងផលប្រយោជន៍កាន់តែប្រសើរពីការគ្រប់គ្រងធនធានធម្មជាតិនៅកមូលដ្ឋានរបស់ពួកគេ ។
លោកស្រី Camilla M Ottosson ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “ចំណុចខ្លាំងមួយរបស់ PaFF គឺការពង្រឹងសិទ្ធរបស់សមាជិកសហគមន៍ ដោយផ្តោតជាពិសេសលើជនជាតិដើមភាគតិច និងស្រ្តី ដើម្បីឲ្យពួកគេចូលលរួមយ៉ាងសកម្មការពិភាក្សាអំពីការគ្រប់គ្រងធនធានធម្មជាតិ ការធ្វើផែនការអភិវឌ្ឍន៍ និងគោលនយោបាយ”។ “ចំណុចនេះគឺមានសារសំខាន់ណាស់សម្រាប់ការពង្រឹង គោលនយោបាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិដែលចាំបាច់ ដើម្បីធានាលើសិទ្ធិដែលសហគមន៍មានលើធនធានធម្មជាតិ សម្រាប់ការគ្រប់គ្រងធនធានទាំងនោះនៅតាមសហគមន៍ប្រកបដោយចីរភាព”។
ក្នុងដំណាក់កាលចុងក្រោយនៃកម្មវិធី ដែលអង្គការរីខូហ្វ (RECOFTC) ជាអ្នកដឹកនាំ PaFF មានបំណងពង្រឹងបន្ថែមនូវគោលនយោបាយ និងក្របខណ្ឌច្បាប់ ដើម្បីការផ្តល់បរិយាប័ន្ន សមធម៌ និងប្រយោជន៍ចំពោះសហគមន៍នៅមូលដ្ឋាន ក្នុងការចូលរួមគ្រប់គ្រងធនធានធម្មជាតិកាន់តែប្រសើរ។ ចំណុចនេះនឹងរួមបញ្ចូលមានការស្រាវជ្រាវ និងការវិភាគអំពីគោលនយោបាយ ដើម្បីជាមូលដ្ឋានព័ត៌មានសម្រាប់ការកែសម្រួលច្បាប់ គោលនយោបាយ និងនីតិវិធីរដ្ឋបាល ដែលរួមចំណែកដល់ការគ្រប់គ្រងធនធានធម្មជាតិ យន្តការផ្តល់ហិរញ្ញប្បទានប្រកបដោយចីរភាព និងប្រសិទ្ធភាពផ្នែកសេដ្ឋកិច្ច។
លោកស្រី ហូ កល្យាណ នាយិកាអង្គការរីខូហ្វ (RECOFTC) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “នៅពេលដែលសហគមន៍មានសិទ្ធិលើធនធានធម្មជាតិរបស់ពួកគេហើយនោះ ធនធានទាំងនោះ ត្រូវបានគ្រប់គ្រងតាមវិធីដែលកាន់តែមានតម្លាភាព សុក្រឹតភាព គណនេយ្យភាព និងសមធម៌ ដែលនឹងឈានទៅមាននិរន្តរភាព”។ “PaFF កំពុងតែធ្វើឲ្យសហគមន៍ដែលពឹងផ្អែកលើព្រៃឈើ និងជលផល អាចឆ្លើយតបបានកាន់តែប្រសើរទៅនឹងបញ្ហាប្រឈមដែលបង្កឡើងដោយកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស និងភាពរិចរិលនៃបរិស្ថាន។ តាមរយៈមធ្យោបាយផលិតកម្មដ៏រឹងមាំ គ្រួសារទាំងនេះនឹងមានប្រាក់ចំណូលចម្រុះពីធនធានធម្មជាតិ និងប្រភពស្បៀងអាហារផ្សេងៗ”។
“ជាចុងក្រោយPaFF នឹងផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជានៅជនបទរាប់ម៉ឺននាក់ ស្របតាមគោលដៅដាក់ចុះក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា រួមមានការប្តេជ្ញាចិត្តអន្តរជាតិចំពោះការប្រែប្រួលអាកាសធាតុ និងជីវចម្រុះ និង វឌ្ឍនភាពឆ្ពោះទៅសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិផងដែរ”។
###
សម្រាប់ព័ត៌មានបន្ថែមពី PaFF សូមចូលទៅតំណរភ្ជាប់នេះ៖ PaFF និងព្រឹត្តិបត្រព័ត៌មានអំពី PaFF
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖
ឌី វុទ្ធារ៉ា
មន្រ្តីទំនាក់ទំនង
អង្គការរីខូហ្វ (RECOFTC) កម្ពុជា
ទូរសព្ទ៖ +៨៥៥ ២៣ ៩៩៨ ៧៨៤