RECOFTC កម្ពុជា
PaFF

ប្រជាជានកម្ពុជារាប់ម៉ឺនទទួលបានសិទ្ធិក្នុងការគ្រប់គ្រងធនធានព្រៃឈើ និងជលផលដោយនិរន្តរភាព

ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ក្នុងប្រទេសកម្ពុជា អាចទទួលបានសិទ្ធិ និងអនុវត្តសិទ្ធិនោះក្នុងការគ្រប់គ្រង និងទទួលផលប្រយោជន៍ពីធនធានដែលពួកគេគ្រប់គ្រង គឺសូមអរគុណដល់គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) ដែលនឹងបញ្ចប់ ក្នុងខែមិថុនានេះ។

គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF)  បានបញ្ចប់ ក្រោយបានជួយកែប្រែនូវជីវិតប្រជាសហគមន៍កម្ពុជារាប់ម៉ឺននាក់ អោយទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង ការពារ និងទទួលផលប្រយោជន៍ពីធនធានព្រៃឈើ និងជលផលរបស់ពួកគេ។

គម្រោងបានបង្ហាញលទ្ធផល និងភាពជោគជ័យដែលបានអនុវត្តកន្លងមក ក្នុងសិក្ខាសាលារៀបចំដោយអង្គការរីខូហ្វ នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភានេះ។

គម្រោង PaFF អនុវត្តដោយ អង្គកាកម្មវិធីផ្លាស់ប្តូរ បទពិសោធន៍អនុផលព្រៃឈើនៅអាស៊ី  (NTFP-EP) មូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF-Cambodia) សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) និងរីខូហ្វ កម្ពុជា (RECOFTC Cambodia) គម្រោងនេះបានការគាំទ្រធំបំផុតពី ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Sida)

គម្រោងបានកសាងសមត្ថភាពដល់សហគមន៍ និងភ្នាក់ងាររដ្ឋាភិបាលក្នុងការអនុវត្តការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍​ សម្រាប់និរន្តរភាពគ្រប់គ្រងធនធានធម្មជាតិតាមរយៈការគាំទ្រដល់សហគមន៍ព្រៃឈើ ១២០ សហគមន៍​នេសាទ ៦៤ និងសហគមន៍តំបន់ការពារធម្មជាតិ ១១។

សហគមន៍ដែលគម្រោងគាំទ្រ បច្ចុប្បន្នអាចទទួលបានសិទ្ធិស្របច្បាប់ និងអនុវត្តសិទ្ធិក្នុងការគ្រប់គ្រងធនធានរបស់ពួកគេ រៀបចំផែនការគ្រប់គ្រង និងអនុវត្តផែនការនោះ។ សហគមន៍ដែលគម្រោងគាំទ្របច្ចុប្បន្ននេះកំពុងគ្រប់គ្រងផ្ទៃដីជាង ២០០ ០០០ហិចតា។

ជារួម ប្រជាជនជាង ៩៤ ០០០នាក់ ស្មើនឹង ៣៥ ០០០គ្រួសារ ទទួលបានផលប្រយោជន៍ពីការគាំទ្ររបស់គម្រោង ដោយ ជាងពាក់កណ្តាលជាស្រ្តី និងមួយភាគប្រាំ (1/5)ជាជនជាដើម។ ជាងនេះទៅទៀត ប្រហែល ៣០% នៃតួនាទីគ្រប់គ្រង និងអ្នកដឹកនាំក្នុងសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារ និងក្នុងក្រុមឥណទានសហគមន៍បានកាន់​កាប់ដោយស្រ្តី។

តាមរយៈភាពជាដៃគូ ធនធានធម្មជាតិក្នុងប្រទេសកម្ពុជាបច្ចុប្បន្នទទួលបានការការពារច្រើនជាងមុន ដោយ​សារការកើនឡើងនៃការល្បាតសហគមន៍ និងការរាយកាណ៍ពីបទល្មើសពាក់ព័ន្ធនឹងដី ព្រមទាំងធនធានធម្មជាតិ។ ពីឆ្នាំ២០២១ ដល់២០២២ គម្រោង PaFF គាំទ្រសហគមន៍​លើកករណីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ទន្ទ្រានដី និងបទល្មើសដទៃទៀតចំនួន ៤៨២ករណី ទៅកាន់អ្នកពាក់ព័ន្ធ។ ក្នុងនោះ ៦០% ត្រូវបានលើកយកមកដោះស្រាយដោយអ្នកពាក់ព័ន្ធ។

សហគមន៍កត់ត្រាពីការចែករំលែកបទពិសោធន៍របស់សហគមន៍ផ្សេងទៀត ពីការអនុវត្តច្បាប់ក្នុងសហគមន៍
គណៈកម្មការសហគមន៍មកពីខេត្តកំពង់ធំកត់ត្រាពីការចែករំលែកបទពិសោធន៍របស់សហគមន៍ផ្សេងទៀតពីការពង្រឹងការអនុវត្តច្បាប់

គម្រោង PaFF ក៏បានបង្កើត និងជួយដល់សហគ្រាសសហគមន៍ចំនួន ៣៥ ដែលមានសមាជិកចូលរួមជាង ៨០០គ្រួសារ អនុវត្តសហគ្រាសទឹកឃ្មុំ ទ្រាំង អេកូទេសចរណ៍ និងផ្សេងៗទៀតផងដែរ។ សកម្មភាពទាំងនេះ រួមនឹងសកម្មភាពបង្កើតប្រាក់ចំណូលដូចជាកសិ-រុក្ខកម្ម បានជួយបង្កើនជីវភាពសហគមន៍ដែលចូលរួម។ 

ក្នុងខេត្តក្រចេះ គម្រោងPaFF គាំទ្រដល់ការបង្កើតក្រុមអេកូទេសចរណ៍កោះសាមសិប។ ក្នុងឆ្នាំ ២០២២ ក្រុមបានអនុម័តផែនការអភិវឌ្ឍអេកូទេសចរណ៍រយៈពេល៥ឆ្នាំ ដោយទទួលបានការចង្អុលបង្ហាញពីគម្រោង និងអជ្ញាធរពាក់ព័ន្ធនានា។

ផែនការនេះ ផ្តល់ជាទស្សនវិស័យសម្រាប់យើង” សំដីរបស់លោក ឃុត សាម៉ុល ប្រធានសហគមន៍អេកូទេសចរណ៍កោះសាមសិប។ “យើងដឹងពីអាទិភាពការងាររបស់យើង និងអ្វីដែលយើងអាចធ្វើបាន និងអ្វីដែលយើងត្រូវការអោយអ្នកដទៃជួយគាំទ្រ ដើម្បីទាក់ទាញភ្ញៀវមកលេងកន្លែងយើងឲ្យកាន់តែច្រើន”។ 

ដើម្បីជួយដល់សហគមន៍ក្នុងការគ្រប់គ្រងធនធានឲ្យមាននិរន្តរភាពក្នុងរយៈពេលវែង គម្រោងPaFF បានបង្កើត ឥណទានសហគមន៍ និងមូលនិធិអណត្តិព្យាបាលភាព នៅក្នុងសហគមន៍ចំនួន១៤១ ដោយមានដើមទុនសរុបជាង ១.៤លានដុល្លាអាមេរិច និងផ្តល់ថវិកាជាង ៦ ៥០០ដុល្លាអាមេរិច ក្នុងមួយខែសម្រាប់គាំទ្រដល់ការគ្រប់គ្រងសហគមន៍គ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍។ ឥណទានសហគមន៍ក៏អាចឲ្យសមាជិកខ្ចីថវិកាយកទៅបង្កើនជីវភាពរបស់ខ្លួនផងដែរ។

 

លោកស្រី គង់ ចន្នី គណៈកម្មកាឥណទានសហគមន៍ព្រៃឈើចំបក់ហោះ
លោកស្រី គង់ ចន្នី គណៈកម្មការឥណទានសហគមន៍ព្រៃឈើចំបក់ហោះ ចែករំលែកពីបទពិសោធន៍ក្នុងការអនុវត្តឥណទាន

គម្រោងសម្រេចបានទៅតាមគោលបំណងរបស់ខ្លួន ដោយសហគមន៍ជាច្រើនអាចអនុវត្តសិទ្ធិគ្រប់គ្រង និងទទួលផលប្រយោជន៍ពីធនធានដែលពួកគេគ្រប់គ្រង អរគុណដល់ការគ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍ នេះជាប្រសាសន៍របស់លោកស្រី ហ៊ូ កល្យាណ នាយិកាអង្គការរីខូហ្វ កម្ពុជា។ គម្រោងនឹងបញ្ចប់ ប៉ុន្តែមិនមានន័យថាការអនុវត្តសកម្មភាពបញ្ចប់នោះទេ ដោយវាបានដាក់បញ្ចូលទៅក្នុងការអនុវត្តប្រចាំថ្ងៃរបស់សហគមន៍រួចហើយ។

ដូចគ្នានឹងការគាំទ្រដល់សហគមន៍ គម្រោង PaFF ជួយដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណើរការ និងការរៀបចំគោលនយោបាយដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍។ ជារួម គម្រោង បានចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការ​ធ្វើសេចក្តីព្រាង ឬកែសម្រួលគោលនយោបាយ យុទ្ធសាស្រ្ត លិខិតបទដ្ឋាន ឬគោលការណ៍ណែនាំ ចំនួន ១៧។

គម្រោង PaFF គឺដើរស្របទៅនឹងគោលដៅ និងគោលនយោបាយរបស់ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងវិមជ្ឈការ ការការពារព្រៃឈើ និងវឌ្ឍនភាពឆ្ពោះទៅគោលដៅអភិវឌ្ឍដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ នេះជាប្រសាន៍របស់ លោកស្រី វង្ស សុបញ្ញា អនុប្រធានរដ្ឋបាលព្រៃឈើគម្រោងទទួលបាននូវប្រសិទ្ធិភាព ក្នុងការពង្រឹងសមត្ថភាព និងការជួយដល់គោលនយោបាយ ដែលអាចឲ្យសហគមន៍ទទួលបាននូវផលប្រយោជន៍ពីការចូលរួមអនុវត្តគម្រូផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍

ក្នុងការ​បង្កើនការចែករំលែកព័ត៌មាន និងឥទ្ធិពលរួមគ្នា គម្រោង PaFF បានធ្វើការជាមួយបណ្តាញសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារធនធម្មជាតិ ចំនួន ២០។ គម្រោងក៏បានគាំទ្រដល់វេទិកាពហុភាគីចំនួន ១០ ដោយមានតំណាងបណ្តាញសហគមន៍ចូលរួមក្នុងការគៀងគរការគាំទ្រ ដើម្បីជួយដល់ការបង្កើនសិទ្ធិសហគមន៍ និងការកែសម្រួលច្បាប់។

បណ្តាញបានផ្តល់ឱកាសឲ្យខ្ញុំយ៉ាងច្រើន លោកស្រី កែវ វណ្ណា ប្រធានបណ្តាញសហគមន៍ព្រៃឈើកំពង់ធំ មានប្រសាសន៍បែបនេះ។ ខ្ញុំអាចកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល ដើម្បីចែករំលែក និងរៀនសូត្រពីអ្នកចូលរួមផ្សេងទៀត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ខ្ញុំអាចប្រើប្រាស់ចំណេះដឹងទាំងនេះក្នុងការជួយដល់សហគមន៍ដែលបានជ្រើសរើសខ្ញុំជាតំណាងពួកគេ

គម្រោង PaFF អនុវត្តក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។ គម្រោងនេះបានការគាំទ្រធំបំផុតពី ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Sida)

 “ប្រជាជនរស់នៅជនបទក្នុងប្រទេសកម្ពុជាពឹងអាស្រ័យយ៉ាងខ្លាំងលើធនធានធម្មជាតិ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ ប៉ុន្តែពេលខ្លះពួកគេមិនបានដឹងពីសិទ្ធិក្នុងការគ្រប់គ្រងធនធានទាំងនេះនៅឡើយ នេះជាប្រសាសន៍របស់ លោក Markus Buerli នាយកនៃទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រទេសស្វីស  ប្រចាំប្រទេសកម្ពុជា PaFF បានកាត់បន្ថយភាពខ្វះខាតនេះ ដោយជួយសហគមន៍រាប់ម៉ឺននាក់ឲ្យមានសិទ្ធិទទួលបាន និងប្រើប្រាស់លើធនធានព្រៃឈើ និងជលផល។ ជាមួយគ្នានេះដែរ ការគាំទ្រនេះ បានលើកកម្ពស់ជីវភាព និងភាពស៊ាំរបស់សហគមន៍ ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការការពារធម្មជាតិ

លោកស្រី Camilla M Ottosson  ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាមានប្រសាសន៍​ថា ដោយផ្តោតការយកចិត្តទុកដាក់លើសិទ្ធិ និងការទទួលខុសត្រូវ គម្រោង PaFF បានពង្រឹងកិច្ចសហការ និងការចូលរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន។ នេះជាភស្តុតាង បង្ហាញពីការឆ្លើយតបកាន់តែប្រសើរពីការរាយការណ៍របស់សហគមន៍ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ការចូលរួមកាន់តែច្រើនរបស់តំណាងពីសហគមន៍ក្នុងដំណើរការរៀបចំគោលនយោបាយ និងការអនុម័តពីអជ្ញាធរលើផែនការគ្រប់គ្រងរបស់សហគមន៍ដែលគ្របដណ្តប់ផ្ទៃដីព្រៃឈើ និងជលផលដ៏ធំ

ភាពជោគជ័យមួយទៀតដែលគម្រោងនឹងរៀបចំ គឺគេហទំព័រថ្មី ដែលនឹងដាក់បង្ហាញនូវចំណេះដឹង និងបទពិសោធន៍ដែលគម្រោងបានទទួលពីការអនុវត្តពេលកន្លងមក។ គេហទំព័រនេះនឹងដាក់ឲ្យប្រើប្រាស់នៅខែមិថុនា។ គេហទំព័រនេះ នឹងផ្តល់ព័ត៌មានដល់អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយ សង្គមស៊ីវិល និងសហគមន៍ពីការអនុវត្តល្អៗបានពីការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ក្នុងប្រទេសកម្ពុជា។ វារួមបញ្ចូលព័ត៌មានរបស់សហគមន៍ដែលចូលរួមដោយផ្ទាល់ជាមួយគម្រោង ដែលអាចឲ្យម្ចាស់ជំនួយ និងអង្គនានាស្វែងយល់សម្រាប់កិច្ចសហការ និងការគាំទ្រនៅពេលអនាគត។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង info@recoftc.org

###

សាច់រឿងនេះត្រូវបានផលិតឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) ដំណាក់កាលទី៣។ ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Sida) សហឧបត្ថម្ភគម្រោងដំណាក់កាលទី៣ ដែលជាដំណាក់កាលចុងក្រោយដែលអនុវត្តពីខែកក្កដា ឆ្នាំ២០២១ ដល់ខែមិថុនា ឆ្នាំ២០២៣។ អង្គការចំនួន ៤ រួមគ្នាអនុវត្តគម្រោង PaFF រួមមាន រីខូហ្វ កម្ពុជា (RECOFTC Cambodia) អង្គកាកម្មវិធីផ្លាស់ប្តូរ បទពិសោធន៍អនុផលព្រៃឈើនៅអាស៊ី  (NTFP-EP) មូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF-Cambodia) សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ www.recoftc.org/en/cambodia/projects/paff