RECOFTC Cambodia
SMCF - ICFMP

លទ្ធផលនៃកិច្ច​ប្រជុំ​បណ្តាញ​សហគមន៍​ព្រៃឈើ​ខេត្ត​កំពង់ធំ

បណ្តាញសហគមន៍​សម្រេចលើកយកករណីកោះហៅរបស់តុលាការដំបូងខេត្តកំពង់ធំ ដល់សហគមន៍អូរច្រាំងស ពីបទគម្រាមមានស្ថានទម្ងន់ទោស​បញ្ជូនទៅកិច្ចប្រជុំ​គណៈកម្មាការសម្របសម្រួល​សហគមន៍ព្រៃឈើខេត្ត
កិច្ចប្រជុំបណ្តាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ

រីខូហ្វ ក្រោមជំនួយឧបត្ថម្ភពីគម្រោង SMCF-ICFMP តាមរយៈអង្គការForumSyd បានគាំទ្រថវិកា​ដល់​បណ្តាញសហគមន៍​ព្រៃឈើខេត្តកំពង់ធំ​ ដើម្បីរៀបចំកិច្ចប្រជុំត្រីមាសរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ នៅខណ្ឌរដ្ឋបាលព្រៃឈើ​ខេត្តកំពង់ធំ ក្រោមការចូលរួមបើកពីលោកប្រធានមន្ទីរកសិកម្ម និងលោកនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកំពង់ធំ។ 

ក្នុងនោះបណ្តាញសហគមន៍រៀបចំកិច្ចប្រជុំនេះឡើង ដើម្បីពិភាក្សាគ្នាដើម្បីចែករំលែកពីបញ្ហា និងឳកាសដែលសហគមន៍​ព្រៃឈើ​បានជួបប្រទះក្នុងរយៈពេលកន្លងមកនេះ ដោះស្រាយបញ្ហាដែលកើតឡើងប្រសិនបើអាចដោះស្រាយបាន និងធ្វើរបាយការណ៍ដាក់ជូនទៅគណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្តពីបញ្ហាដែលបណ្តាញមិនអាចដោះស្រាយ​បាន។ ក្នុងកិច្ចប្រជុំលើកនេះ ក្រោយពីតំណាងបណ្តាញនីមួយៗឡើងបង្ហាញពីសកម្មភាព និងបញ្ហាដែលបានជួបប្រទះ​ក្នុង​ត្រីមាស​កន្លងមកនេះ បន្ទាប់មក​អ្នកតំណាងមកពីសហគមន៍អូរច្រាំងស បានបន្តបង្ហាញពីបញ្ហាដែលសហគមន៍ពួកគាត់​បានជួប្រទះ។

លោក ឃន ឃួត បានបង្ហាញថានៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៧ គណៈកម្មាការ​សហគមន៍អូរច្រាំងស បាននាំគ្នាចំនួន៤នាក់ ចុះល្បាតព្រៃសហគមន៍ ហើយបានប្រទះឃើញការកាប់រានដីក្នុងព្រៃសហគមន៍ ដូចនេះពួកគាត់ក៏ប្រមូលភស្តុតាងដែល​មាន​​ នៅទីតាំងកាប់រានមានដូចជា កង់ត្រាក់ទ័រ អង្ករ ទឹកសុទ្ធ ប្រេងម៉ាស៊ូត និងតង់កៅស៊ូ យកបញ្ជូនទៅ​ប៉ូលីស និងអជ្ញាធរឃុំ និងស្រុក។ ប៉ុន្តែនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៧ តុលាការសាលាដំបូងខេត្តកំពង់ធំ បានកោះហៅលោក ឃន ឃួត ទៅបំភ្លឺលើ​ករណីនេះ ក្រោយបានចូលបំភ្លឺ តុលាការបានសាកសួរ នឹងតម្រូវឲ្យគណៈកម្មាការទាំង៤នាក់ សងជម្ញឺចិត្តចំនួន១០០០ដុល្លា​អាមេរិក ក្នុងម្នាក់ ដូចនេះទើបពួកគាត់សុំឲ្យមានការជួយអន្តរាគមន៍លើបញ្ហានេះពីបណ្តាញសហគមន៍។ 

ជាលទ្ធផល ប្រធានបណ្តាញសហគមន៍ព្រៃឈើខេត្តកំពង់ធំ លោកស្រី កែវ វណ្ណា បានសម្រេចដាក់បញ្ចូលរឿងនេះទៅកិច្ច​ប្រជុំ​គណៈកម្មាការសម្របសម្រួលសហគមន៍ព្រៃឈើថ្នាក់ខេត្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ តុលា ឆ្នាំ២០១៧ នឹងបាន​រៀបចំ​លិខិតមួយទៅខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ដើម្បីសុំការជួយអន្តរាគមន៍លើរឿងនេះផងដែរ។