ប្រសិទ្ធភាពនៃវេទិការបស់បណ្តាញសហគមន៍ព្រៃឈើ
សហគមន៍ស្រែរនាម បានបង្កើតក្រុមសន្សំតាំងពីខែមីនា ឆ្នាំ២០១៥ តាមរយៈការគាំទ្រពីអង្គការក្នុងស្រុកគឺ អង្គការសកម្មភាពសុមាលភាពស្រ្តីកម្ពុជា (KWWA) តាំងពីឆ្នាំ២០១៥ ក្រោមលក្ខខណ្ឌថាក្រុមសន្សំត្រូវបែងចែកចំណូល២៤០,០០០រៀល ពីការប្រាក់ដែលទទួលបានដើម្បីយកទៅគាំទ្រការល្បាតរបស់សហគមន៍ក្នុងការពារសហគមន៍ព្រៃឈើ។
ក្រោយពីបានចូលរួមក្នុងកិច្ចប្រជុំបណ្តាញសហគមន៍ និងស្តាប់ពីការចែករំលែករបស់សហគមន៍ព្រៃឈើព្រៃក្បាលបី ពីខេត្តកំពង់ធំ ក្នុងការអនុវត្តន៍ក្រេឌីតសហគមន៍នៅសហគមន៍របស់ពួកគាត់ គណៈកម្មាការសហគមន៍ស្រែរនាមបានពិភាក្សាគ្នា និងសម្រេចក្នុងការផ្លាស់ប្តូរពីក្រុមសន្សំ មកជាក្រេឌីតសហគមន៍វិញ ដោយសារតែពួកគាត់គិតថា ថវិកាដែលបានពីក្រេឌីតសហគមន៍គឺអាចជួយដល់មិនត្រឹមតែការល្បាតប៉ុណ្ណោះទេ ប៉ុន្តែគឺអាចយកមកប្រើប្រាស់ក្នុងការអភិវឌ្ឍន៍សហគមន៍ ពិសេសក្នុងការអនុវត្តផែនការគ្រប់គ្រងដែលភាគច្រើនត្រូវការថវិកា ហើយពួកគាត់តែងតែពឹងផ្អែកលើថវិកាពីខាងក្រៅតែប៉ុណ្ណោះ។ គណៈកម្មាការបានពិភាក្សាជាមួយអ្នកពាក់ព័ន្ធ និងសមាជិកលើការផ្លាស់ប្តូរនេះ នឹងបានទទួលការយល់ព្រមពីសមាជិកនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយទទួលបានការយល់ព្រមពីក្រុមប្រឹក្សាឃុំនៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៨។
ជារួម កិច្ចប្រជុំបណ្តាញព្រៃឈើនៅខេត្តក្រចេះ ដែលបានទទួលការគាំទ្រថវិកាពីSRJS ពិតជាបានជួយដល់ប្រសិទ្ធិភាពនៃការអភិវឌ្ឍន៍សហគមន៍តាមរយៈការចែករំលែកពីការអនុវត្តល្អៗរវាងគ្នា។