ប្រជាជានកម្ពុជារាប់ម៉ឺនទទួលបានសិទ្ធិក្នុងការគ្រប់គ្រងធនធានព្រៃឈើ និងជលផលដោយនិរន្តរភាព
ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣— គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) បានកែប្រែនូវជីវិតប្រជាសហគមន៍កម្ពុជារាប់ម៉ឺននាក់ អោយទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង ការពារ និងទទួលផលប្រយោជន៍ពីធនធានព្រៃឈើ និងជលផលរបស់ពួកគេ។
គម្រោងបានកសាងសមត្ថភាពដល់សហគមន៍ និងភ្នាក់ងាររដ្ឋាភិបាលក្នុងការអនុវត្តការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍ សម្រាប់និរន្តរភាពគ្រប់គ្រងធនធានធម្មជាតិតាមរយៈការគាំទ្រដល់សហគមន៍ព្រៃឈើ ១២០ សហគមន៍នេសាទ ៦៤ និងសហគមន៍តំបន់ការពារធម្មជាតិ ១១ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។
ការគាំទ្រមានដូចជា ការជួយឲ្យសហគមន៍ទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងធនធានរបស់ពួកគេ រៀបចំផែនការគ្រប់គ្រង និងអនុវត្តផែនការនោះ។ សហគមន៍ដែលគម្រោងគាំទ្របច្ចុប្បន្ននេះកំពុងគ្រប់គ្រងផ្ទៃដីជាង ២០០ ០០០ហិចតា។
លោក Markus Buerli នាយកនៃទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រទេសស្វីស (SDC) ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា “ ប្រជាជនរស់នៅជនបទក្នុងប្រទេសកម្ពុជាពឹងអាស្រ័យយ៉ាងខ្លាំងលើធនធានធម្មជាតិ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ ប៉ុន្តែពេលខ្លះពួកគេមិនបានដឹងពីសិទ្ធិក្នុងការគ្រប់គ្រងធនធានទាំងនេះនៅឡើយ។ គម្រោង PaFF បានកាត់បន្ថយភាពខ្វះខាតនេះ ដោយជួយសហគមន៍រាប់ម៉ឺននាក់ឲ្យមានសិទ្ធិទទួលបាន និងប្រើប្រាស់លើធនធានព្រៃឈើ និងជលផល។ ជាមួយគ្នានេះដែរ ការគាំទ្រនេះ បានលើកកម្ពស់ជីវភាព និងភាពស៊ាំរបស់សហគមន៍ ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយបញ្ហាការប្រែប្រួលអាកាសធាតុ និងការការពារធម្មជាតិ”។
ជារួម ប្រជាជនជាង ៩៤ ០០០នាក់ ស្មើនឹង ៣៥ ០០០គ្រួសារ ទទួលបានផលប្រយោជន៍ពីការគាំទ្ររបស់គម្រោង ដោយ ជាងពាក់កណ្តាលជាស្រ្តី និងមួយភាគប្រាំ (1/5)ជាជនជាដើម។ ជាងនេះទៅទៀត ប្រហែល ៣០% នៃតួនាទីគ្រប់គ្រង និងអ្នកដឹកនាំក្នុងសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារ និងក្នុងក្រុមឥណទានសហគមន៍បានកាន់កាប់ដោយស្រ្តី។
ធនធានធម្មជាតិក្នុងប្រទេសកម្ពុជាបច្ចុប្បន្នទទួលបានការការពារច្រើនជាងមុន ដោយសារការកើនឡើងនៃការល្បាតសហគមន៍ និងការរាយកាណ៍ពីបទល្មើសពាក់ព័ន្ធនឹងដី ព្រមទាំងធនធានធម្មជាតិ។ ពីឆ្នាំ២០២១ ដល់២០២២ គម្រោង PaFF គាំទ្រសហគមន៍លើកករណីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ទន្ទ្រានដី និងបទល្មើសដទៃទៀតចំនួន ៤៨២ករណី ទៅកាន់អ្នកពាក់ព័ន្ធ។ ក្នុងនោះ ៦០% ត្រូវបានលើកយកមកដោះស្រាយដោយអ្នកពាក់ព័ន្ធ។
គម្រោង PaFF ក៏បានបង្កើត និងជួយដល់សហគ្រាសសហគមន៍រួមមាន សហគ្រាសទឹកឃ្មុំ ទ្រាំង អេកូទេសចរណ៍ និងផ្សេងៗទៀតផងដែរ។ សកម្មភាពទាំងនេះ រួមនឹងសកម្មភាពបង្កើតប្រាក់ចំណូលដូចជាកសិ-រុក្ខកម្ម បានជួយបង្កើនជីវភាពសហគមន៍ដែលចូលរួម។
ដើម្បីជួយដល់សហគមន៍ក្នុងការគ្រប់គ្រងធនធានឲ្យមាននិរន្តរភាពក្នុងរយៈពេលវែង គម្រោងPaFF បានបង្កើត ឥណទានសហគមន៍ និងមូលនិធិអណត្តិព្យាបាលភាព នៅក្នុងសហគមន៍ចំនួន១៤១ ដោយមានដើមទុនសរុបជាង ១.៤លានដុល្លាអាមេរិច និងផ្តល់ថវិកាជាង ៦ ៥០០ដុល្លាអាមេរិច ក្នុងមួយខែសម្រាប់គាំទ្រដល់ការគ្រប់គ្រងសហគមន៍គ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍។ ឥណទានសហគមន៍ក៏អាចឲ្យសមាជិកខ្ចីថវិកាយកទៅបង្កើនជីវភាពរបស់ខ្លួនផងដែរ។
គម្រោង PaFF ក៏បានរួមចំណែកដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើសេចក្តីព្រាង ឬកែសម្រួលគោលនយោបាយ យុទ្ធសាស្រ្ត លិខិតបទដ្ឋាន ឬគោលការណ៍ណែនាំ ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងធនធានធម្មជាតិផងដែរ។
លោកស្រី វង្ស សុបញ្ញា អនុប្រធានរដ្ឋបាលព្រៃឈើ បានមានប្រសាសន៍ថា “គម្រោង PaFF គឺដើរស្របទៅនឹងគោលដៅ និងគោលនយោបាយរបស់ប្រទេសកម្ពុជា ពាក់ព័ន្ធនឹងវិមជ្ឈការ ការការពារព្រៃឈើ និងវឌ្ឍនភាពឆ្ពោះទៅគោលដៅអភិវឌ្ឍដោយនិរន្តរភាពរបស់អង្គការសហប្រជាជាតិ។ គម្រោងទទួលបាននូវប្រសិទ្ធិភាព ក្នុងការពង្រឹងសមត្ថភាព និងការជួយដល់គោលនយោបាយ ដែលអាចឲ្យសហគមន៍ទទួលបាននូវផលប្រយោជន៍ពីការចូលរួមអនុវត្តគម្រូផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការគ្រប់គ្រងធនធានធម្មជាតិដោយមានការចូលរួមពីសហគមន៍”។
លោកស្រី Camilla M Ottosson ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជាមានប្រសាសន៍ថា “ ដោយផ្តោតការយកចិត្តទុកដាក់លើសិទ្ធិ និងការទទួលខុសត្រូវ គម្រោង PaFF បានពង្រឹងកិច្ចសហការ និងការចូលរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន។ នេះជាភស្តុតាង បង្ហាញពីការឆ្លើយតបកាន់តែប្រសើរពីការរាយការណ៍របស់សហគមន៍ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ការចូលរួមកាន់តែច្រើនរបស់តំណាងពីសហគមន៍ក្នុងដំណើរការរៀបចំគោលនយោបាយ និងការអនុម័តពីអជ្ញាធរលើផែនការគ្រប់គ្រងរបស់សហគមន៍ដែលគ្របដណ្តប់ផ្ទៃដីព្រៃឈើ និងជលផលដ៏ធំ”។
ក្នុងការបង្កើនការចែករំលែកព័ត៌មាន និងឥទ្ធិពលរួមគ្នា គម្រោង PaFF បានធ្វើការជាមួយបណ្តាញសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារធនធម្មជាតិ ចំនួន ២០។ គម្រោងក៏បានគាំទ្រដល់វេទិកាពហុភាគីចំនួន ១០ ដោយមានតំណាងបណ្តាញសហគមន៍ចូលរួមក្នុងការគៀងគរការគាំទ្រ ដើម្បីជួយដល់ការបង្កើនសិទ្ធិសហគមន៍ និងការកែសម្រួលច្បាប់។
លោកស្រី កែវ វណ្ណា ប្រធានបណ្តាញសហគមន៍ព្រៃឈើកំពង់ធំ មានប្រសាសន៍ថា “ បណ្តាញបានផ្តល់ឱកាសឲ្យខ្ញុំយ៉ាងច្រើន។ ខ្ញុំអាចកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល ដើម្បីចែករំលែក និងរៀនសូត្រពីអ្នកចូលរួមផ្សេងទៀត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ខ្ញុំអាចប្រើប្រាស់ចំណេះដឹងទាំងនេះក្នុងការជួយដល់សហគមន៍ដែលបានជ្រើសរើសខ្ញុំជាតំណាងពួកគេ”។
គម្រោងបានបង្ហាញលទ្ធផល និងភាពជោគជ័យដែលបានអនុវត្តកន្លងមក ក្នុងសិក្ខាសាលារៀបចំដោយអង្គការរីខូហ្វ នៅសណ្ឋាគារភ្នំពេញ នៅថ្ងៃទី២៤ ខែឧសភានេះ។
គម្រោង PaFF អនុវត្តដោយ អង្គកាកម្មវិធីផ្លាស់ប្តូរ បទពិសោធន៍អនុផលព្រៃឈើនៅអាស៊ី (NTFP-EP) មូលនិធិសកលដើម្បីអភិរក្សធនធានធម្មជាតិ (WWF-Cambodia) សមាគមថែរក្សាបរិស្ថាន និងវប្បធម៌ (CEPA) និងរីខូហ្វ កម្ពុជា (RECOFTC Cambodia)។ គម្រោងនេះបានការគាំទ្រធំបំផុតពី ទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការ ប្រទេសស្វីស (SDC) និងទីភ្នាក់ងារស៊ុយអែតសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (Sida)។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ www.recoftc.org/en/cambodia/projects/paff
សម្រាប់ទំនាក់ទំនងបន្ថែម៖
លោកស្រី ឌី វុទ្ធារ៉ា មន្រ្តីទំនាក់ទំនងគម្រោង PaFF អង្គការរីខូហ្វ
ទូរស័ព្ទ៖ +855 23 998 784