គណៈកម្មាការសហគមន៍ព្រៃឈើព្រៃក្បាលបីទទួលដំណើរទស្សនកិច្ចរបស់គណៈប្រតិភូSDC
នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រោមគម្រោង ភាពជាដៃគូព្រៃឈើ និងជលផល ដែលអនុវត្តដោយរីខូហ្វ និងអង្គការដៃគូ គណៈកម្មាការសហគមន៍ព្រៃឈើព្រៃក្បាលបី ស្ថិតក្នុងឃុំទីពោ ស្រុក សន្ទុក ខេត្តកំពង់ធំ បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់ គណៈប្រតិភូនៃទីភ្នាក់ងារស្វីសសម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍ ដើម្បីបង្ហាញពីដំណើរការគ្រប់គ្រងព្រៃសហគមន៍ បញ្ហាប្រឈម និងការគាំទ្ររបស់គម្រោង។
លោកឃួន ម៉ុន ប្រធានសហគមន៍បានបង្ហាញដល់គណៈប្រតិភូពីប្រវត្តិសហគមន៍ ដែលបានបង្កើតឡើងតាំងពីឆ្នាំ២០០១ ទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះកិច្ចព្រមព្រៀងជាមួយខណ្ឌរដ្ឋបាលព្រៃឈើ និងទទួលបានការយល់ព្រមលើផែនការគ្រប់គ្រងនៅឆ្នាំ២០១៥។ បច្ចុប្បន្នសហគមន៍ សហការជាមួយរដ្ឋបាលព្រៃឈើ អជ្ញាធរមូលដ្ឋាន និងអង្គការដៃគូ បាននឹងកំពុងអនុវត្តសកម្មភាពមួយចំនួនដែលមានក្នុងផែនការគ្រប់គ្រង ដោយប្រើប្រាស់គាំទ្រពីអង្គការដៃគូ និងថវិកាដែលទទួលបានពីវិភាជនៃឥណទានសហគមន៍ វិភាគទានពីការប្រមូលអនុផលព្រៃឈើ វិភាគទានពីតំបន់អេកូទេសចរ និងពីការលក់អុសដែលបានពីការធ្វើសុវុឌ្ឍកម្មព្រៃឈើ។ ក្នុងនោះ គម្រោង ភាពជាដៃគូព្រៃឈើ និងជលផល ហៅកាត់ថា (PAFF) ក៏បានជួយដល់ការបណ្តុះបណ្តាលសហគមន៍លើការធ្វើសុវុឌ្ឍកម្ម និងការចុះអនុវត្តផ្ទាល់។
គណៈប្រតិភូ មានការចាប់អារម្មណ៍ទៅលើការទប់ស្កាត់បទល្មើសរបស់សហគមន៍ និងទស្សនវិស័យរបស់សហគមន៍នាពេលអនាគត ពិសេសប្រសិនបើមិនមានការជួយគាំទ្រឧបត្ថម្ភពីអង្គការដៃគូ។ ឆ្លើយតបនឹងសំនួរនេះ លោក ឃួន ម៉ុន បានមានប្រសាសន៍ថា ក្រុមល្បាត និងសមាជិកទាំងអស់គឺបានចូលរួមទាំងអស់ក្នុងការទប់ស្កាត់បទល្មើស ហើយក្នុងនោះក៏មានការគាំទ្រពីអ្នកពាក់ព័ន្ធដូចជាសង្កាត់រដ្ឋបាលព្រៃឈើ និងអជ្ញាធរភូមិឃុំផងដែរ។ សម្រាប់ទស្សនវិស័យនាពេលអនាគត
លោកបានមានប្រសាសន៍ថា សហគមន៍មានបំណងបង្កើនទុនឥណទានដើម្បីទទួលបានវិភាជន៍កាន់តែច្រើនសម្រាប់ប្រើប្រាស់សម្រាប់ការគ្រប់គ្រងព្រៃ និងធ្វើការសហការជាមួយឃុំក្នុងការដាក់បញ្ចូលសកម្មភាពរបស់សហគមន៍ទៅក្នុងកម្មវិធីអភិវឌ្ឍន៍ឃុំ។ “ការបង្កើនសមត្ថភាពរបស់គណៈកម្មាការសហគមន៍ក៏ជាការចាំបាច់មួយផងដែរក្នុងការគ្រប់គ្រងសហគមន៍ឲ្យកាន់តែប្រសើរ” លោក ឃួន ម៉ុន មានប្រសាសន៍ពីទស្សនវិស័យរបស់សហគមន៍។
លោក អ៊ុល កេប ប្រធានក្រុមឥណទាន បានបញ្ជាក់ពីសារៈសំខាន់នៃការបង្កើនទុនឥណទាន គឺមិនត្រឹមតែអាចទទួលបានថវិកាសម្រាប់គ្រប់គ្រងព្រៃប៉ុណ្ណោះទេ ប៉ុន្តែអាចបង្កើនអ្នកជួយក្នុងការងារគ្រប់គ្រងក្រុមឥណទានឲ្យកាន់តែប្រសើរថែមទៀតផង ដូចជាអ្នកដែលចេះប្រើប្រាស់កុំព្យូទ័រ ដែលបច្ចុប្បន្នកំពុងធ្វើការដោយស្ម័គ្រចិត្តតែប៉ុណ្ណោះ។
គម្រោង PAFF បច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទី២ អនុវត្តចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ដោយផ្តោតលើ ការគាំទ្រសហគមប៍គោលដៅក្នុងខេត្តចំនួន៤ឲ្យទទួលបាននូវសិទ្ធិប្រើប្រាស់ធនធានធម្មជាតិ បង្កើនប្រាក់ចំណូល និងជម្រើសស្បៀងអាហារតាមរយៈការប្រើប្រាស់ដោយនិរន្តរភាពនៃអនុផលព្រៃឈើ និង បង្កើនបរិយាកាសនៃលក្ខខណ្ឌគោលនយោបាយដែលគាំទ្រដល់តម្រូវការសេដ្ឋកិច្ច និងតម្លៃនៃមូលធនធានធម្មជាតិ ទៅក្នុងផែនការអភិវឌ្ឍន៍។