ភាពខ្លាំងនៃឥណទានសហគមន៍ព្រៃឈើ
ឥណទានសហគមន៍ព្រៃឈើផ្តួចផ្តើមឡើង ក្នុងគោលបំណងចម្បងបំផុតគឺ គាំទ្រដល់សហគមន៍ព្រៃឈើឲ្យមានចំណូលសម្រាប់ដំណើរការស្ថាប័នមួយនេះដោយខ្លួនឯង នៅពេលដែលមិនមានថវិកាពីអ្នកខាងក្រៅ ។ នៅឆ្នាំ២០១៤ អង្គការរីខូហ្វ សហការជាមួយខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ រៀបចំទស្សនទានឬគោលគំនិតនៃគម្រោងឥណទានដើម្បីគាំទ្រដល់ការគ្រប់គ្រង ស.ព ហើយក្នុងឆ្នាំ២០១៥ ទស្សនទាននេះបានធ្វើការសាកល្បងនៅ ស.ព ចំនួន ៥ ក្នុងខេត្តកំពង់ធំ ។ ផ្អែកលើលទ្ធផលជាវិជ្ជមាននៃការសាកល្បងគម្រោងឥណទាន ស.ព និងមានការចូលរួមកែលម្អពីអ្នកពាក់ព័ន្ធ តាមរយៈកិច្ចប្រជុំបណ្តាញ ស.ព និង កិច្ចប្រជុំរបស់គណៈកម្មការសម្របសម្រួលកម្មវិធី ស.ព ថ្នាក់ខេត្ត អង្គការ រីខូហ្វដោយមានថវិកាគាំទ្រពីគម្រោង PaFF និង SRJS បានពង្រីក ការអនុវត្តគម្រោងឥណទាន ស.ព ទៅដល់ ស.ព នៅក្នុងខេត្តក្រចេះ និងស្ទឹងត្រែង ។ គិតត្រឹមចុងឆ្នាំ២០១៨ មាន ស.ព `សរុបចំនួន២១ កំពុងដំណើរការបង្កើត និងអនុវត្តគម្រោងឥណទាន ក្នុងនោះ ស.ព ចំនួន១១កំពុងអនុវត្តគម្រោងឥណទាន និងស.ព ចំនួន១០កំពុងដំណើរការបង្កើតគម្រោងឥណទាន។ ដោយឡែកសម្រាប់ខេត្តក្រចេះមានឥណទានសហគមន៍ព្រៃឈើចំនួន ៨ សហគមន៍ កំពុងដំណើរការ ។
កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ក្រោមការសម្របសម្រូល របស់អង្គការ RECOFTC តាមរយៈ កម្មវិធីដៃគូវិស័យព្រៃឈើ និងជលផល ហៅកាត់ថា PaFF ដែលជាជំនួយបដិភាគរបស់ទីភ្នាក់ងារសហប្រតិបត្តិការប្រទេសស្វីស បានរៀបចំបង្កើតឥណទានសហគមន៍ព្រៃឈើខ្សាច់លាវ ស្ថិតក្នុងឃុំអូរគ្រៀង ស្រុកសំបូរ ដោយផ្តល់ថវិកាចំនួន ១០០០ដុល្លារសម្រាប់ធ្វើជាដើមទុនដំបូង ។ ប៉ុន្តែក្នុងដំណើរការពិភាក្សាបង្កើតគម្រោងឥណទាន គេបានរកឃើញថា អង្គការ CED ក្នុងកំឡុងឆ្នាំ២០១៤ បានផ្តល់ថវិកាដល់សហគមន៍ចំនួន៧៥០ដុល្លា សម្រាប់បង្កើតជាគម្រោងប្រាក់សន្សំ តែដោយសារគម្រោងរបស់អង្គការ CED បានបញ្ចប់ ដោយមិនទាន់បានរៀបចំលក្ខខន្តិកៈ និងរចនាសម្ព័ន្ធគ្រប់គ្រង ថវិកានេះត្រូវបានសមាជិក ១០នាក់ខ្ចី ហើយមិនបានសងមកសហគមន៍វិញនោះទេ។ ជាងនេះទៅទៀត ក្រោយពីក្រុមឥណទានបានអនុវត្តសកម្មភាពរបស់ខ្លួន អស់រយៈពេលបី (៣) គណកម្មការឥណទានសហគមន៍ព្រៃឈើខ្សាច់លាវ ដែលមានសមាសភាពបីរូប បង្កើតឡើងតាមរយៈការបោះឆ្នោតគាំទ្រពីសមាជិកឥណទាន ក្នុងនោះមាន លោកស្រី ជួប សារើន ជាប្រធាន លោកស្រី បៅ ផល្លា អនុប្រធាន និងលោកស្រី ឃុត សុម៉ាលី ហិរញ្ញឹក បានជួបនូវបញ្ហាសមាជិកមួយរូប មិនព្រមបង់ការប្រាក់ជូនក្រុមឥណទានតាមពេលវេលាកំណត់ ។
ដូចនេះដោយខ្លាចបាត់បង់ថវិកាដើមទុនឥណទាន លោកស្រី ជួប សារើន បានចេញប្រាក់ផ្ទាល់ខ្លួន បង់ការប្រាក់ជំនួសសមាជិកដែលមិនគោរពតាមលក្ខន្តិកៈឥណទានអស់រយៈពេល ២ខែ ករណីនេះ បានធ្វើឲ្យលោកស្រីមានការបាក់ទឹកចិត្ត និងចង់លាឈប់ពីប្រធានគណៈកម្មការឥណទាន ដោយគិតថានេះមិនមែនជាលើកទីមួយទេ គឺដូចកាលពីឆ្នាំ២០១៤ ដែលថវិកាពីអង្គការ CED ត្រូវបានសមាជិក និងគណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ខ្ចីទៅអស់ដោយមិនបានសងវិញរហូតសព្វថ្ងៃ។
ហើយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ អង្គការរីខូហ្វ បានរៀបចំវគ្គបណ្តុះបណ្តាលមួយ ស្តីពី ការទុកដាក់ឯកសារ និងការគ្រប់គ្រងហិរញ្ញវត្ថុឥណទានសហគមន៍ព្រៃឈើ នៅសណ្ឋាគារ ហ៊រ ប៊ុន្នី ខេត្តក្រចេះ ករណីនេះត្រូវបានលើកឡើង និងពិភាក្សា។ ក្នុងនោះប្រធានគណៈកម្មការឥណទាន បានស្នើសុំការសម្របសម្រួលពីអង្គការរីខូហ្វ។ បន្ទាប់មក នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ អ្នកសម្របសម្រួលភាពជាដៃគូសហគមន៍ព្រៃឈើប្រចាំខេត្តក្រចេះ តំណាងអង្គការរីខូហ្វបានសម្របសម្រួលរៀបចំកិច្ចប្រជុំរវាងសមាជិកឥណទានសហគមន៍ព្រៃឈើ និងសមាជិកដែលបានខ្ចីប្រាក់តាំងពីឆ្នាំ២០១៤។ ស្មារតីអង្គប្រជុំបានលើកឡើងថា វាជារឿងអយុត្តិធម៌សម្រាប់សមាជិកសហគមន៍ព្រៃឈើជាងមួយរយគ្រួសារទៀត ប្រសិនបើបា្រក់ ៧៥០ ដុល្លារ នោះត្រូវបានបាត់បង់មែន បើដូច្នេះមែន ពួកគាត់នឹងធ្វើការទាមទារជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ ពីព្រោះវាអាចជាគំរូអាក្រក់ដល់ក្រុមឥណទានថ្មីនេះផងដែរ ។
ជាលទ្ធផលមកដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលជាថ្ងៃកំណត់បង់ការប្រាក់របស់ក្រុមឥណទានសហគមន៍ព្រៃឈើ សមាជិកខ្ចីប្រាក់ពីឆ្នាំ២០១៤ក៏បានយកប្រាក់មកសងដល់ក្រុមឥណទានដូចគ្នា។ សរុបបានចំនួន ៥៥០ ដុល្លារអាមេរិក ដោយ២០០ដុល្លារទៀត នៅនឹងប្រធាន គគស ចាស់ ដែលបានស្លាប់ទៅកាលពី ៣ឆ្នាំមុន ហើយក្រុមបានសម្រេចមិនទារយកមកវិញទេ។ ថវិកាដែលទទួលបាននេះ បានដាក់បញ្ចូលជាដើមទុនសម្រាប់ក្រុមឥណទាន។
លោកស្រី ជួប សារើន បានលើកឡើងថា វាហាក់ដូចជាការយល់សប្តិអញ្ចឹង ...ខ្ញុំរៀបនឹងធ្វើលិខិតលាលែងពីប្រធានឥណទានសហគមន៍ព្រៃឈើទៅហើយ ...[ដោយ]ខ្ញុំភ័យ និងបាក់ទឹកចិត្តខ្លាំង ប៉ុន្តែពេលនេះអ្វីៗធូរស្រាលអស់ហើយ ខ្ញុំសប្បាយចិត្តណាស់ ហើយរឹតតែធ្វើឲ្យខ្ញុំមានកម្លាំងចិត្តចង់បន្តមុខងារនេះជាបន្តទៀត និងប្តេជ្ញាបំពេញតួនាទីនេះយ៉ាងប្រុងប្រយ័ត្នដើម្បីទទួលបានជោគជ័យបន្ថែមទៀតនាពេលខាងមុខ ។
យើងសង្កេតឃើញថា ភាពជោគជ័យនេះ ដោយសារតែ ឥណទានសហគមន៍ព្រៃឈើបានរៀបចំច្បាស់លាស់ ដោយមានរចនាសម្ព័ន្ធគ្រប់គ្រង មានលក្ខន្តិកៈ/គោលនយោបាយ មានការទទួលស្គាល់ និងកិច្ចសហការល្អពីគ្រប់ស្ថាប័នពាក់ព័ន្ធ បណ្តាញសហគមន៍ព្រៃឈើ និងគណៈកម្មការសម្របសម្រួលកម្មវិធីសហគមន៍ព្រៃឈើខេត្ត។ ជាងនេះទៅទៀត ឥណទានសហគមន៍ព្រៃឈើបាន និងកំពុងដើរតួនាទីសំខាន់ក្នុងការពង្រឹងស្ថាប័នសហគមន៍ព្រៃឈើ (ស.ព) ជាពិសេសជួយដល់គណៈកម្មការគ្រប់គ្រងសហគមន៍ព្រៃឈើ ក្នុងការបំពេញតួនាទីស្របទៅតាមបទបញ្ជាផ្ទៃក្នុង និង លក្ខន្តិកៈ ដោយជំរុញការចូលរួមរបស់សមាជិក តាម រយៈការវិភាជឬផ្តល់ថវិកាពីគម្រោងឥណទាន សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពគ្រប់គ្រងព្រៃសហគមន៍ តួយ៉ាងការចុះល្បាតព្រៃសហគមន៍។ មិនតែប៉ុណ្ណោះ គម្រោងនេះមានការចូលរួមពីស្រ្តីក្នុងជួរគណៈកម្មាការជាច្រើននាក់ ឧទាហរណ៍ លោកស្រី ជួប សារើន ដែលបានបេ្តជ្ញាដឹកនាំការងារឥណទានសហគមន៍ព្រៃឈើនេះឲ្យទទួលបានជោគជ័យ។