RECOFTC
Community-based Fire Management

អំពីការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍

ពង្រឹងការគ្រប់គ្រងរបស់សហគមន៍ក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ ដើម្បីទទួលបានតំបន់ទេសភាពដែលមានសុខភាព និងធន់នៅតំបន់អាស៊ីប៉ាស៊ីហ្វិក

សង្ខេបអំពីគម្រោង

  • គម្រោងមានរយៈពេលពីរឆ្នាំ ចាប់ផ្តើមនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ២០២៤
  • ស្វែងរកប្រភពនៃភ្លើងឆេះព្រៃ និងឆ្លើយតបទៅនឹងការកើនឡើងកង្វល់នៅថ្នាក់ជាតិ និងថ្នាក់តំបន់ អំពីផលប៉ះពាល់នៃភ្លើងឆេះលើបរិស្ថាន និងសុខភាពសាធារណៈ
  • កសាងសមត្ថភាពដល់សហគមន៍ និងមន្រ្តីរដ្ឋាភិបាលក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ និងសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម
  • គាំទ្រ និងអនុវត្ត ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការ រយៈពេលប្រាំឆ្នាំរវាងកម្មវិធីសេវាកម្មព្រៃឈើអន្តរជាតិនៃក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) និងរីខូហ្វ (RECOFTC)។ 

គម្រោងគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ (CBFiM) កំពុងជួយដល់សហគមន៍ និងមន្រ្តីរដ្ឋាភិបាលនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងការកាត់បន្ថយភាពញឹកញាប់ និងភាពខ្លាំងក្លានៃភ្លើងឆេះព្រៃ និងបង្កើតភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការកសាងសមត្ថភាព ការលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យាឆ្លើយតបនិងសហគមន៍ និងជួយសម្រួលការចែករំលែកចំណេះដឹងឆ្លងប្រទេស និងរវាងភាគីពាក់ព័ន្ធ ដើម្បីកែលម្អគោលនយោបាយ និងការអនុវត្តការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ ។


RECOFTC ក្នុងភាពជាដៃគូជាមួយទីភ្នាក់ងារសេវាព្រៃឈើសហរដ្ឋអាមេរិក កំពុងធ្វើការជាមួយដៃគូជាច្រើន ក្នុងប្រទេសដែលសម្បូរជីវៈចម្រុះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយចាប់ផ្តើមនៅទីតាំងមួយចំនួនក្នុងប្រទេស ឡាវ ថៃ កម្ពុជា និងវៀតណាម។ ទីតាំងជាក់លាក់ នឹងជ្រើសរើសដោយ ផ្អែកលើប្រវត្តិទេសភាពដែលរងការគំរាមកំហែងដោយភ្លើងឆេះ តម្រូវការសហគមន៍ ការប្រើប្រាស់ដីធ្លី និងប្រភេទប្រព័ន្ធអេកូឡូស៊ី។

 

Map showing four countries of CBFiM project engagement – Cambodia, Lao PDR, Thailand and Viet Nam

អំពីអភិក្រម

ការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ជាអភិក្រមមួយដែលឱ្យសហគមន៍ចូលរួមក្នុងការសម្រេចចិត្ត ប្រើចំណេះដឹងក្នុងមូលដ្ឋានរបស់ពួកគេនិងត្រៀមខ្លួនពួកគេសម្រាប់ការទប់ស្កាត់ ការគ្រប់គ្រង និងការប្រើប្រាស់ភ្លើង។ អភិក្រមគ្រប់គ្រងភ្លើងឆេះព្រៃនេះផ្តល់ឱកាសឱ្យសហគមន៍ធ្វើការសម្រេចចិត្តដោយផ្អែកលើតម្រូវការព្រមទាំងកំណត់វត្ថុបំណងនិងការអនុវត្តរបស់ពួកគេ នៅក្នុងបរិបទ នៃការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍រួមគ្នា។

គម្រោងនេះប្រើប្រាស់បទពិសោធន៍របស់រីខូហ្វដែលអនុវត្តការគ្រប់គ្រងបែបសហគមន៍។ការគ្រប់គ្រងបែបសហគមន៍ គឺសំដៅដល់អភិក្រមដែលផ្តល់សិទ្ធិ ដល់សហគមន៍ក្នុងការគ្រប់គ្រងការពារ និងទទួលបានអត្ថប្រយោជន៍ពីធនធានធម្មជាតិ ដែលពួកគេបានពឹងផ្អែកជាច្រើនជំនាន់មកហើយ។

សហគមន៍ព្រៃឈើជាការអនុវត្តបែបប្រពៃណីប្រើប្រាស់ភ្លើងចេញជាប្រយោជន៍ជាច្រើនច្រើន ដូចជា ដើម្បីគ្រប់គ្រងរុក្ខជាតិមិនមានប្រយោជន៍ សត្វល្អិត ជំងឺ និងបង្កើតប្រាក់ចំណូលពីអនុផលព្រៃឈើ។ប៉ុន្តែតាមរយៈសកម្មភាពមិនត្រឹមត្រូវរបស់មនុស្ស ឬកត្តាដទៃទៀត ភ្លើងឆេះដែលបង្កគ្រោះថ្នាក់ភាគច្រើនគឺបណ្តាលមកពីមនុស្ស។ ទោះបីជាសហគមន៍ព្រៃឈើជាទូទៅពឹងផ្អែកយ៉ាងខ្លាំងលើទេសភាពព្រៃឈើ សម្រាប់អាហារ និងជីវភាពរស់នៅ និងនៅតែបន្តងាយរងគ្រោះខ្លាំងបំផុតដោយភ្លើងឆេះ ពួកគេក៏ជាអ្នកគ្រប់គ្រងភ្លើងឆេះព្រៃដ៏ល្អបំផុតដែរ។

ហេតុអ្វីបានជាគម្រោងនេះមានសារ:សំខាន់ចំពោះតំបន់

ភ្លើងឆេះព្រៃធ្ងន់ធ្ងរកំពុងគំរាមកំហែងសុខភាពមនុស្ស តាមរយៈការបំពុលខ្យល់ដែលយើងដកដង្ហើម និងការបំផ្លាញព្រៃឈើ ដែលទ្រទ្រង់ជីវភាពរស់នៅ និងជីវចម្រុះនៅក្នុងមូលដ្ឋាន។ ចំនួនភ្លើងឆេះព្រៃនៅក្នុងតំបន់កំពុងកើនឡើង ហើយទំហំ និងភាពខ្លាំងក្លារបស់វាកំពុងកើនឡើងកាន់តែខ្លាំង។ វិបត្តិកើតឡើងដោយកត្តាជម្រុញពីការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរការប្រើប្រាស់ដី។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ ព្យាករណ៍ថា ភ្លើងឆេះធ្ងន់ធ្ងរនឹងកើនឡើងជាសកលរហូតដល់១៤ ភាគរយត្រឹមឆ្នាំ២០៣០ ៣០ ភាគរយត្រឹមចុងឆ្នាំ២០៥០ និង ៥០ ភាគរយ ត្រឹមចុងសតវត្សន៍។

ដោយសារការប្រែប្រួលអាកាសធាតុទំនងជាបង្កើនភាពញឹកញាប់ និងភាពខ្លាំងក្លានៃភ្លើងឆេះព្រៃ ចាំបាច់ត្រូវមានដំណោះស្រាយជាបន្ទាន់។ ផលប៉ះពាល់ឆ្លងដែននៃផ្សែង និងអ័ព្ទពីអគ្គិភ័យ បង្ហាញឲ្យយើងឃើញនូវភាពធ្ងន់ធ្ងរ និងវិសាលភាពនៃបញ្ហាជាសកលនេះ។ ភាពរិចរិលនៃបរិស្ថាន និងការចុះទន់ខ្សោយសុខភាពសាធារណៈ ស្ថិតក្នុងចំណោមផលប៉ះពាល់អវិជ្ជមាននៅរដូវកាលដែលមានភ្លើងឆេះ មានរយៈពេលកាន់តែវែង និងកាន់តែញឹកញាប់។ ផ្សែង និងអ័ព្ទពីភ្លើងឆេះព្រៃមានផល
ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ
ដល់សុខភាពប្រជាជន ដូចជា កំណើនអត្រាជំងឺផ្លូវដង្ហើម និងជំងឺសរសៃ
ឈាមបេះដូង និងកំណើនការចូលសម្រាកពេទ្យនៅរដូវកាលដែលមានភ្លើងឆេះ។ ការស្រាវជ្រាវ និង
បទពិសោធន៍ប្រាប់យើងថា ការគ្រប់គ្រងដោយសហគមន៍ គឺមានប្រសិទ្ធភាពដោយពង្រឹងសិទ្ធិពួកគេក្នុងការធ្វើសកម្មភាព។

សហគមន៍ជាច្រើនដែល RECOFTC ធ្វើការជាមួយមានហានិភ័យខ្ពស់ចំពោះភ្លើងឆេះ និងមានទីតាំងសមស្របសម្រាប់ការសាកល្បងអភិក្រមគ្រប់គ្រងភ្លើងឆេះកម្រិតសហគមន៍ ដើម្បីយកបទពិសោធន៍ទៅប្រើប្រាស់នៅទូទាំងតំបន់។សហគមន៍នឹងចូលរួមនៅគ្រប់ដំណាក់កាលទាំងអស់ដើម្បីប្រើប្រាស់ចំណេះដឹងរបស់ពួកគេ និងធានាថាគោលនយោបាយ ផែនការ និងការអនុវត្ត ឆ្លុះបញ្ចាំង និងគាំទ្រដល់ការរស់នៅរបស់ពួកគេ។ លើសពីនេះទៀតយើងសង្កត់ធ្ងន់លើការចូលរួមរបស់ស្ត្រីយុវជននិងក្រុមងាយរងគ្រោះដទៃទៀតប្រកបដោយបរិយាប័ន្ន។

សកម្មភាពសំខាន់ៗនៃគម្រោង 

គម្រោងគ្រប់គ្រងភ្លើងព្រៃកម្រិតសហគមន៍ ស្វែងរកឫសគល់នៃភ្លើងឆេះព្រៃ និងផលវិបាករបស់វាដល់សង្គម និងអេកូឡូស៊ី ។ សកម្មភាពនានា គឺរៀបចំឡើងដើម្បីឆ្លើយតបនឹងតម្រូវការ និងបញ្ហាប្រឈមរបស់ប្រទេស ខេត្ត និងសហគមន៍។ គម្រោងនឹង៖

1.    ពង្រឹងគោលនយោបាយគ្រប់គ្រងអគ្គិភ័យតាមសហគមន៍ ការរៀបចំផែនការ និងការអនុវត្ត
2.    លើកកម្ពស់ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាដែលឆ្លើយតបនឹងសហគមន៍
3.    ជួយសម្រួលការចែករំលែកចំណេះដឹងឆ្លងប្រទេស និងរវាងភាគីពាក់ព័ន្ធ ដើម្បីកែលម្អគោលនយោបាយ និងការអនុវត្តការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍

ពង្រឹងគោលនយោបាយគ្រប់គ្រងអគ្គិភ័យតាមសហគមន៍ ការធ្វើផែនការ និងការអនុវត្ត 

យើងកំពុងពង្រឹងគោលនយោបាយគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍ ការធ្វើផែនការ និងការអនុវត្តនិងធានាថា គោលនយោបាយ ផែនការ និងការអនុវត្តទាំងនេះត្រូវបានធ្វើបញ្ចូលនៅក្នុងរចនាសម្ព័ន្ធរដ្ឋាភិបាលថ្នាក់មូលដ្ឋាន ថ្នាក់ខេត្ត និងថ្នាក់ជាតិ។ ជាដំបូង យើងប្រើប្រាស់វិធីសាស្រ្តការចូលរួមពីអ្នកពាក់ព័ន្ធនានា និងវិធីសាស្រ្តចួលរួមដើម្បីវាយតម្លៃគោលនយោបាយ ការអនុវត្ត ការយល់ដឹងរបស់ភាគីពាក់ព័ន្ធ សមត្ថភាព និងអាទិភាព។ បន្ទាប់មក យើងកសាងសមត្ថភាពសម្រាប់ការអភិវឌ្ឍកិច្ចសហការ និងការអនុវត្តផែនការគ្រប់គ្រងភ្លើងតាមសហគមន៍។ ផែនការទាំងនេះអាចរួមបញ្ចូលវិធីសាស្រ្តគ្រប់គ្រងព្រៃឈើ និងភ្លើងជាច្រើនប្រភេទ រួមទាំង ការត្រួតពិនិត្យ ការល្បាត ការធ្វើផ្លូវភ្លើង ការជម្រះស្មៅ សុវុឌ្ឍកម្មព្រៃឈើ ការស្តារព្រៃឈើឡើងវិញ និងការជួយដល់ការកើតឡើងតាមធម្មជាតិ។ សហគមន៍ត្រូវបានរួមបញ្ចូលនៅគ្រប់ដំណាក់កាលទាំងអស់ ដើម្បីទាញយកចំណេះដឹងរបស់ពួកគេ និងធានាថា គោលនយោបាយ ផែនការ និងការអនុវត្ត ឆ្លុះបញ្ចាំង និងគាំទ្រដល់របៀបរស់នៅរបស់ពួកគេ។ នៅក្នុងការងារទាំងអស់នេះ យើងសង្កត់ធ្ងន់លើការចូលរួមរបស់ស្ត្រី យុវជន និងក្រុមដែលមិនសូវមានសម្លេងដទៃទៀត ប្រកបដោយសមធម៌និងបរិយាប័ន្ន។

លើកកម្ពស់ការអភិវឌ្ឍ និងការប្រើប្រាស់បច្ចេកវិទ្យាដែលឆ្លើយតបនឹងសហគមន៍ 

យើងកំពុងធ្វើការដើម្បីធានាថា ឧបករណ៍ និងបច្ចេកវិទ្យាត្រូវបានបង្កើតឡើងតាមតម្រូវការ និងបទពិសោធន៍របស់សហគមន៍ និងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីគាំទ្រដល់ការគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍។ នេះពាក់ព័ន្ធនឹងការវាយតម្លៃឧបករណ៍ និងបច្ចេកវិទ្យាដែលសហគមន៍កំពុងប្រើប្រាស់ ឬអាចប្រើប្រាស់ដើម្បីគ្រប់គ្រងភ្លើង ការប្រមូលនិងទទួលបានទិន្នន័យ និងព័ត៌មាន។ យើងជួយសម្រួលដល់ការភ្ជាប់ទំនាក់ទំនងរវាងអ្នករៀបចំបង្កើតបច្ចេកវិទ្យា និងសហគមន៍ ដើម្បីធានាថា សហគមន៍យល់ដឹងអំពីបច្ចេកវិទ្យាឌីជីថល ដែលអាចជួយពួកគេក្នុងការគ្រប់គ្រងភ្លើងឆេះព្រៃ។ ទំនាក់ទំនងទាំងនេះក៏ធ្វើឱ្យអ្នកអ្នករៀបចំបង្កើតបច្ចេកវិទ្យា ទទួលបានការយល់ដឹងកាន់តែច្រើនអំពីតម្រូវការ និងផលប្រយោជន៍របស់សហគមន៍ផងដែរ។ ឧទាហរណ៍៖ អ្នកអភិវឌ្ឍប្រហែលជាមិនអាចដឹងទេថា សហគមន៍ត្រូវការកម្មវិធីទូរសព្ទដៃជាភាសាតាមតំបន់ ដើម្បីវាយតម្លៃ និងជូនដំណឹងដល់ពួកគេអំពីភ្លើង និងហានិភ័យនៃភ្លើងនោះទេ។ យើងក៏ជួយបណ្តុះបណ្តាលសហគមន៍អំពីការប្រើប្រាស់ឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗផងដែរ។

ជួយសម្រួលការចែករំលែកចំណេះដឹង ដើម្បីកែលម្អគោលនយោបាយ និងការអនុវត្តការគ្រប់គ្រងភ្លើងឆេះព្រៃ  

នៅអាស៊ីអាគ្នេយ៍ ភ្លើងគឺជាបញ្ហាឆ្លងដែន៖ ផ្សែង អ័ព្ទ និងការបំផ្លាញតំបន់ទេសភាព ដែលបណ្តាល មកពីភ្លើងឆេះ។ នោះគឺជាមូលហេតុដែលដំណោះស្រាយចំពោះការកើនឡើងនៃការគំរាមកំហែងរបស់អគ្គិភ័យក៏ត្រូវតែមានលក្ខណៈឆ្លងដែនដែរ។ យើងរួមបញ្ចូលសហគមន៍ មន្រ្តីនៅក្នុងស្ថាប័នរដ្ឋាភិបាលក្នុងប្រទេស អង្គការថ្នាក់តំបន់នៃតំបន់មេគង្គក្រោម អាស៊ាន និងស្ថាប័ននៅក្នុងពិភពលោក ដែលផ្តល់ទិន្នន័យ និងព័ត៌មានសំខាន់ៗ។ តាមរយៈការចែករំលែកការអនុវត្តល្អបំផុតនៅទូទាំងព្រំដែនទាំងអស់ យើងអាចរៀនសូត្រពីគ្នាទៅវិញទៅមក។ ហើយតាមរយៈការចែករំលែកទិន្នន័យ ព័ត៌មាន និងការវិភាគនៅគ្រប់កម្រិត យើងអាចពង្រឹងទាំងការព្យាករណ៍ និងការរៀនសូត្រ។តាមរយៈគម្រោងនេះ យើងនឹងចងក្រងឯកសារ និងបង្ហាញការអនុវត្តល្អបំផុត និងជួយដល់សហគមន៍ និង រដ្ឋាភិបាលក្នុងការចែករំលែកការអនុវត្តបែបនវានុវត្តន៍របស់ពួកគេយ៉ាងទូលំទូលាយ តាមរយៈបណ្តាញរបស់ពួកគេ ព្រមទាំងគំនិតផ្តួចផ្តើមនៃការរៀនសូត្រ និងការបណ្តុះបណ្តាលរបស់ RECOFTC ផងដែរ។ ទិដ្ឋភាពដ៏សំខាន់មួយនៃការងារនេះគឺ ការយល់ដឹង ការឲ្យតម្លៃ និងការចែករំលែកចំណេះដឹងក្នុងមូលដ្ឋាន និងការអនុវត្តប្រពៃណីដែលទប់ស្កាត់អគ្គិភ័យ។ ក៏មានការផ្តោតយ៉ាងខ្លាំងលើការរួមបញ្ចូលអ្នកបង្កើតគោលនយោបាយថ្នាក់ជាតិ អាស៊ាន និងអ្នកបង្កើត
គោលនយោបាយដទៃទៀត ដើម្បីលើកកម្ពស់គោលនយោបាយ និងដំណោះស្រាយឆ្លងប្រកបដោយអំណោយផលផងដែរ។

ពេលវេលា

គម្រោងនឹងដំណើរការរយៈពេលពីរឆ្នាំដោយដំណាក់កាលទី១ មានរយៈពេលពីរឆ្នាំចាប់ផ្តើមពីថ្ងៃទី
០១ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។ 

ដៃគូគម្រោង 

គម្រោងគ្រប់គ្រងភ្លើងព្រៃសហគមន៍ អនុវត្តផ្អែកតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការរយៈពេលប្រាំឆ្នាំរវាងកម្មវិធីសេវាព្រៃឈើអន្តរជាតិនៃនាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិកនិងអង្គការរីខូហ្វ។ គម្រោងទទួលជំនួញផ្នែកហិរញ្ញវត្ថុពីបញ្ជាការដ្ឋានសហរដ្ឋអាមេរិកប្រចាំនៅ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក(USINDOPACOM)នៃនាយកដ្ឋានការពារ ជាមួយនិងជំនួញពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់កិច្ចអភិវឌ្ឍអន្តរជាតិ និងរវាងកម្មវិធីសេវាកម្មព្រៃឈើអន្តរជាតិនៃក្រសួងកសិកម្មសហរដ្ឋអាមេរិក(USDA)។     

ទំនាក់ទំនង 

កញ្ញា Marina Tornorsam អ្នកសម្របសម្រួលគម្រោងប្រចាំតំបន់គម្រោងគ្រប់គ្រងភ្លើងឆេះព្រៃសហគមន៍
marina.tornorsam@recoftc.org, cbfim@recoftc.org